
អ្វីដែលព្រះវរបិតាចង់បានពីយើង
ដោយMike Wittmer
June 14, 2025
រ៉ូម ៨:១៤-១៧
អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ។ រ៉ូម ៨:១៥
មានពេលមួយលោកស្ទីវ(Steve) ចាប់កាន់រណាយន្តរបស់គាត់ ដើរចូលទៅក្នុងព្រៃ ដើម្បីកាប់ឈើ។ ពេលនោះគាត់ក៏បានឮកូនប្រុសគាត់អាយុ៥ឆ្នាំ ឈ្មោះ អូហ្គឺស(August) ស្រែកហៅគាត់ថា “ប៉ា ចាំខ្ញុំផង។ ខ្ញុំទៅដែរ!” អូហ្គឺសក៏បានចាប់កាច់រណាយន្តសម្រាប់ក្មេងលេង ស្រោមដៃ និងកាសសម្រាប់ការពារត្រចៀក ហើយដើរតាមលោកស្ទីវចេញទៅក្រៅផ្ទះ។ លោកស្ទីវក៏បានកាត់កំណាត់ឈើតូចៗបួរប្រាំដើម ទុកឲ្យអូហ្គឺស នៅឆ្ងាយពីគាត់។ បន្ទាប់ពីលេងបាន១០នាទី អូហ្គឺសមានការហត់នឿយយ៉ាងខ្លាំង។ ការកាត់ឈើ ដោយប្រើរណាយន្តក្លែងក្លាយសម្រាប់ក្មេងលេង ធ្វើឲ្យកុមារតូចនេះមានការពិបាក តែគាត់នៅតែមានចិត្តរីករាយ ក្នុងការ “ជួយ” ឪពុករបស់គាត់ ហើយឪពុករបស់គាត់ក៏សប្បាយចិត្តដែលបានចំណាយពេលជាមួយគាត់។
តើការចំណាយពេលជាមួយព្រះវរបិតាដែលគង់នៅស្ថានសួគ៌ នឹងមានភាពរីករាយដូចនេះទេ? យើងសន្មតថា យើងកំពុងជួយការងាររបស់ព្រះអង្គ។ “ព្រះវរបិតា ចាំទូលបង្គំផង ទូលបង្គំទៅយកឧបករណ៍របស់ទូលបង្គំសិន!” តែឧបករណ៍របស់យើង ជារបស់ដែលសំខាន់តិចបំផុតសម្រាប់យើង។ យើងមិនបានជួយការងារព្រះអង្គបានច្រើន ដូចដែលយើងគិតស្មាននោះទេ។ ព្រះអង្គយកព្រះទ័យទុកដាក់មកលើឃ្លាដំបូង ខ្លាំងជាងគេ គឺឃ្លាដែលយើងនិយាយថា “ព្រះវរបិតា ចាំទូលបង្គំផង!” ប៉ុន្តែ ព្រះអង្គមិនត្រូវការជំនួយរបស់យើងទេ។
បើអ្នកស្រឡាញ់ និងជឿព្រះយេស៊ូវ ជាព្រះរាជបុត្រាព្រះអង្គ នោះព្រះអង្គទទួលអ្នកធ្វើជាកូន ក្នុងគ្រួសាររបស់ព្រះអង្គ ហើយប្រទានព្រះវិញ្ញាណរបស់ព្រះអង្គដល់អ្នក។ “អស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ”(ខ.១៥)។ អ្នកមិនមែនជាអ្នកបម្រើ ដែលបានក្លាយជាកូនដោយសារការខិតខំធ្វើការល្អថ្វាយព្រះអង្គនោះទេ។ តែអ្នកជាកូនដែលព្រះវរបិតាបានស្រឡាញ់ ទោះអ្នកជាមនុស្សប្រភេទណាក៏ដោយ។ “មើល សេចក្ដីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ”(១យ៉ូហាន ៣:១)។
ព្រះវរបិតានៃយើងមានការសប្បាយព្រះទ័យ នៅពេលដែលយើងបម្រើព្រះអង្គ។ តែព្រះអង្គមិនត្រូវការឲ្យយើងជួយព្រះអង្គនោះទេ។ ព្រះអង្គសព្វព្រះទ័យឲ្យយើងមានចិត្ត ដែលចង់ចំណាយពេលជាមួយព្រះអង្គទៅវិញទេ។—Mike Wittmer
តើអ្នកគិតឃើញថា ព្រះទ្រង់សព្វព្រះទ័យទទួលអ្វីពីអ្នក? តើអ្នកនឹងចំណាយពេលជាមួយព្រះអង្គ នៅថ្ងៃនេះ ដូចម្តេចខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានទទួលទូលបង្គំជាកូន ក្នុងគ្រួសាររបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ៩-១០ និង កិច្ចការ ១