
ជៀសវាងការសងសឹក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 29, 2025
«ឱពួកស្ងួនភ្ងាអើយ កុំឲ្យសងសឹកឡើយ ចូរថយចេញពីសេចក្តីកំហឹងទៅ ដ្បិតមានសេចក្តីចែងទុកមកថា «ព្រះអម្ចាស់ ទ្រង់មានព្រះបន្ទូលថា ការសងសឹក នោះស្រេចនឹងអញ អញនឹងសងដល់គេ» ដូច្នេះ បើសិនណាជាខ្មាំងសត្រូវអ្នកឃ្លាន នោះចូរឲ្យគេបរិភោគចុះ បើគេស្រេក ចូរឲ្យផឹកទៅ បើប្រព្រឹត្តដូច្នោះ នោះដូចជាអ្នកបានប្រមូលរងើកភ្លើងដាក់លើក្បាលគេវិញ» (រ៉ូម ១២:១៩-២០)។
ពាក្យ «រងើកភ្លើង» ក្នុងបរិបទនេះ មិនមែនជាការប្រៀបប្រដូចអំពីការសងសឹក ឬការឈឺចាប់នោះទេ។ ផ្ទុយទៅវិញ ពាក្យនេះនិយាយសំដៅទៅលើភាពអាម៉ាស និងការស្តាយក្រោយ ដែលមនុស្សមាន ពេលណាយើងបង្ហាញសេចក្តីសប្បុរសដល់ពួកគេ ជាជាងធ្វើឲ្យពួកគេទទួលផលវិបាក ដែលយើងគិតថា ពួកគេសមនឹងទទួល។ វាជាលទ្ធផលដែលកើតឡើង នៅពេលណាគ្រីស្ទបរិស័ទប្រព្រឹត្តចំពោះអ្នកដែលធ្វើខុសមកលើខ្លួន ដោយគ្មានការព្យាបាទ ឬការសងសឹក។ ការធ្វើដូចនេះបាន គឺល្អលើសនិស្ស័យសាច់ឈាមរបស់យើង។ លោក ចន កាល់វិន (John Calvin) បានសង្កេតឃើញថា ពេលណាយើងធ្វើដូចនេះ គំនិតរបស់សត្រូវរបស់យើង «អាចបែកចេញជាពីរ។ បើចិត្តរបស់គាត់មិនប្រែជាទន់ ដោយសេចក្តីសប្បុរសទេ នោះគាត់នឹងមានអារម្មណ៍ឈឺចាប់ ហើយបញ្ញាចិត្តរបស់គាត់នឹងធ្វើទុក្ខគាត់»។1
ដូចនេះ រងើកភ្លើងនោះមិនមែន ដើម្បីបង្កការឈឺចាប់ តែនាំមកនូវការប្រោសឲ្យជា។ ទង្វើដ៏សប្បុរសរបស់យើង គឺដើម្បីលើកទឹកចិត្តឲ្យមានការផ្សះផ្សា នាំមនុស្សចូលជិតយើងមិនមែនរុញច្រានពួកគេឲ្យចេញពីយើងនោះទេ។ ការអនុវត្តដូចនេះ គឺប្រៀបដូចជាការដែលព្រះអម្ចាស់បង្ហាញសេចក្តីមេត្តាចំពោះយើង កាលយើងកំពុងរស់នៅជាខ្មាំងសត្រូវរបស់ព្រះអង្គ (រ៉ូម ២:៤ ៥:៨)។ ទោះជាយ៉ាងណាក៏ដោយ យើងមិនស្វែងរករងើកភ្លើងប្រភេទនេះទេ នៅពេលណាគេធ្វើខុសមកលើយើង ឬធ្វើឲ្យយើងឈឺចាប់។ មនុស្សជាច្រើនសប្បាយចិត្ត ពេលដែលបានដឹងថា រងើកភ្លើងពិតជាបានធ្លាក់មកលើក្បាលរបស់សត្រូវក្នុងន័យត្រង់មែន ដោយធ្វើឲ្យពួកគេរលាកក្បាល និងមានស្នាមសម្លាក។ តាមពិត ពួកគេសមនឹងទទួលលើសពីនេះទៀត! ប៉ុន្តែ ការមានចិត្តរីករាយដូចនេះបានឆ្លុះបញ្ចាំងអំពីបាប មិនមែនឆ្លុះបញ្ចាំងអំពីជំនឿរបស់យើងទេ។ ព្រះយេស៊ូវមិនមានអាកប្បកិរិយាដូចនេះទេ។ ស្តាប់មើលទៅ ខគម្ពីរនេះហាក់ដូចជាពិបាកអនុវត្តតាមណាស់។
ចូរយើងកត់សម្គាល់ថា ព្រះបន្ទូលព្រះបានត្រាស់ហៅយើងមិនឲ្យឆ្លើយតបដោយការសងសឹកនោះឡើយ ប៉ុន្តែឲ្យឆ្លើយតបដោយការឲ្យពរដល់គេវិញ។ ពេលណាយើងគ្រប់គ្រងចិត្តខ្លួនឯងមិនឲ្យសងសឹក គឺមិនមែនមានន័យថា យើងបានស្តាប់បង្គាប់ព្រះទាំងស្រុងហើយទេ។ ក្នុងនាមយើងជាសិស្សរបស់ព្រះយេស៊ូវ យើងមិនគ្រាន់តែជៀសវាងការធ្វើការអាក្រក់មកលើសត្រូវរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវតែធ្វើការល្អមកលើពួកគេផងដែរ។ យើងងាយនឹងគិតថា ការមិនអើពើចំពោះខ្មាំងសត្រូវរបស់យើង គឺជាដំណោះស្រាយដ៏ល្អ ឬជាអ្វីដែលគេរំពឹងឲ្យយើងធ្វើ ប៉ុន្តែតាមបទគម្ពីរខាងលើ យើងត្រូវប្រព្រឹត្តល្អចំពោះពួកគេ។ តួនាទីរបស់យើង គឺត្រូវឆ្លើយតប ចំពោះការអាក្រក់របស់គេ ដោយវិញ្ញាណនៃសេចក្តីសប្បុរស ដោយទុកចិត្តថា ព្រះអម្ចាស់តែងតែជំនុំជម្រះដោយយុត្តិធម៌ ហើយយើងមិនចាំបាច់ត្រូវកាត់ទោសគេទេ (១ពេត្រុស ២:២៣)។
ក្នុងនាមយើងជាអវយវៈនៃរូបកាយព្រះគ្រីស្ទ មនុស្សជាច្រើននៅតែព្យាយាមលើកហេតុផលការពារទង្វើ ឬគំនិត ដែលមិនស្តាប់បង្គាប់ ឬចង់សងសឹក។ ប៉ុន្តែ គំនិតរបស់សត្រូវរបស់យើង ប្រហែលជាអាចប្រឆាំងគំនិតរបស់យើង ហើយវិញ្ញាណរបស់ពួកគេអាចទប់ទល់នឹងការគម្រាមកំហែងរបស់យើង ប៉ុន្តែការបង្ហាញសេចក្តីស្រឡាញ់ក្នុងការប្រព្រឹត្តអាចនាំឲ្យពួកគេប្រែចិត្ត។
តើចិត្ត និងទង្វើរបស់អ្នកចាំបាច់ត្រូវមានការផ្លាស់ប្ដូរដោយសារខគម្ពីរនេះយ៉ាងដូចម្ដេចខ្លះ? ចូរយើងកុំព្យាយាមជៀសចេញពីពួកគេឡើយ។ នៅក្នុងការលូតលាស់ឲ្យមានលក្ខណៈដូចព្រះគ្រីស្ទ យើងក៏ចាំបាច់ត្រូវស្វែងរកវិធីធ្វើការល្អដល់សត្រូវរបស់យើងផងដែរដោយប្រព្រឹត្ត ដោយសេចក្តីសប្បុរសដ៏ហូរហៀររបស់ព្រះ។
ព្រះគម្ពីរសញ្ជឹងគិត៖ លូកា ២២:៤៧-៥៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ចោទិយកថា ៧-៩ និងកិច្ចការ ២:២២-៤៧