
គេងមិនលក់ឬ?
ដោយDave Branon
June 30, 2025
ទំនុកដំកើង ៣
ខ្ញុំបានដេកលក់ទៅ ហើយក៏ភ្ញាក់ឡើងវិញ ដ្បិតព្រះយេហូវ៉ាទ្រង់ទប់ទល់ខ្ញុំ។ ទំនុកដំកើង ៣:៥
មានពេលមួយមិត្តភក្តិខ្ញុំបានប្រាប់ខ្ញុំថា គាត់កំពុងមានបញ្ហាដំណេក។ ការគេងមិនលក់នេះជាប់ទាក់ទងនឹងស្ថានភាពដ៏ពិបាកក្នុងគ្រួសារគាត់ ដែលធ្វើឲ្យគាត់មិនងងុយគេង នៅពេលយប់។ គាត់បានប្រាប់ខ្ញុំអំពីបញ្ហានេះ ចំថ្ងៃដែលខ្ញុំកំពុងរៀបចំមេរៀនសម្រាប់ពិភាក្សា អំពីបទគម្ពីរទំនុកដំកើងជំពូក៣ ក្នុងសាលារៀនថ្ងៃអាទិត្យសម្រាប់មនុស្សពេញវ័យ។
ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៣ ស្តេចដាវីឌក៏មានបញ្ហាគ្រួសារផងដែរ គឺបញ្ហាដែលធ្វើឲ្យមនុស្សភាគច្រើនគេងមិនលក់។ កាលនោះ អាប់សាឡំជាបុត្រារបស់ទ្រង់កំពុងតែធ្វើឲ្យការគ្រងរាជ្យរបស់ទ្រង់នៅលើទឹកដីអ៊ីស្រាអែលមានការចុះខ្សោយយ៉ាងខ្លាំង ដើម្បីផ្តួលរំលំទ្រង់ ហើយដណ្តើមរាជបល្ល័ង្ករបស់ទ្រង់។
ស្តេចដាវីឌធ្លាក់ចូលក្នុងភាពអស់សង្ឃឹម។ ទ្រង់ក៏បានរត់គេចពីទីក្រុងយេរូសាឡិម នៅពេលដែលអ្នកនាំសារម្នាក់ទូលទ្រង់ថា “ពួកជនជាតិអ៊ីស្រាអែលទាំងអស់គ្នា មានចិត្តនិយមទៅតាមអាប់សាឡំមហើយ”(២សាំយ៉ូអែល ១៥:១៣)។ ក្នុងបទគម្ពីរទំនុកដំកើង ៣:១ ស្តេចដាវីឌក៏បានពិពណ៌នា អំពីស្ថានភាពរបស់ទ្រង់ថា “ឱព្រះយេហូវ៉ាអើយ ពួកខ្មាំងនៃទូលបង្គំមានគ្នាកាន់តែច្រើនឡើងយ៉ាងណាហ្ន៎!”។
ប៉ុន្តែ យើងគួរកត់សំគាល់ថា ស្តេចដាវីឌក៏បានរកឃើញសន្តិភាពក្នុងចិត្ត។ ទ្រង់បាននឹកចាំថា ព្រះអម្ចាស់គឺជាខែលការពារទ្រង់ ហើយក៏លើកក្បាលទ្រង់ឲ្យងើយឡើង(ខ.៣)។ បន្ទាប់មក ទ្រង់ក៏ទទួលបានជំនួយដែលយើងរាល់គ្នាសុទ្ធតែត្រូវការ នៅពេលដែលយើងមានការភ័យខ្លាច ចំពោះកាលៈទេសៈរបស់យើង។ ស្តេចដាវីឌក៏បានផ្ទំលក់។ ទ្រង់ក៏បានសង្កេតឃើញថា ទ្រង់បានផ្ទំលក់ ហើយភ្ញាក់ឡើងវិញ គឺដោយសារព្រះអម្ចាស់ទប់ទល់ទ្រង់(ខ.៥)។
សម្រាប់មិត្តភក្តិខ្ញុំដែលកំពុងពិបាកចិត្តគេងមិនលក់ ខគម្ពីរនេះពិតជាបានលើកទឹកចិត្តគាត់ណាស់។ ហើយសម្រាប់យើងរាល់គ្នា ដែលកំពុងប្រឈមមុខដាក់កាលៈទេសៈដ៏ពិបាក ហើយគេងមិនលក់ ព្រះរបស់យើងការពារយើង ហើយប្រទានការសម្រាកដល់យើង។ ពេលណាយើងទុកចិត្តព្រះអង្គទាំងស្រុង ព្រះអង្គនឹងជួយយើងឲ្យគេងលក់(ខ.៥)។—Dave Branon
តើអ្នកបានជួបរឿងពិបាកចិត្ត ដែលធ្វើឲ្យគេងមិនលក់ទេ? ជាជាងស្តាប់មនុស្សដែលមិនជឿព្រះ
(ទំនុកដំកើង ៣:២) តើអ្នកទុកចិត្តថា ព្រះអង្គនឹងប្រទានការការពារអ្នកដូចម្តេចខ្លះ?
ឱព្រះវរបិតា ជួនកាល ទូលបង្គំចោទសួរដូចស្តេចដាវីឌថា “ពួកខ្មាំងនៃទូលបង្គំមានគ្នាកាន់តែច្រើនឡើង
យ៉ាងណាហ្ន៎!” ប៉ុន្តែ ព្រះអង្គតែងតែរង់ចាំជួយទូលបង្គំជានិច្ច។ សូមព្រះអង្គធ្វើជាខែលការពារទូលបង្គំ
ហើយជួយទូលបង្គំឲ្យគេងលក់ផងដែរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ១៧-១៩ និង កិច្ចការ ១០:១-២៣