
ស្រឡាញ់អ្នកដទៃ ដោយអធិស្ឋានឲ្យពួកគេ
ដោយJames Banks
July 1, 2025
១សាំយ៉ូអែល ១២:១៩-២៥
មួយទៀត ចំណែកឯខ្លួនខ្ញុំវិញ សូមកុំឲ្យខ្ញុំធ្វើបាបចំពោះព្រះយេហូវ៉ា ដោយលែងអធិស្ឋានឲ្យអ្នករាល់គ្នា។ ១សាំយ៉ូអែល ១២:២៣
ថ្ងៃមួយ មិត្តភក្តិរបស់ខ្ញុំ ឈ្មោះ រ៉ាហ៊ីម(Rahim) បានប្រាប់ខ្ញុំថា គាត់មិនដឹងថា ជីវិតគាត់នឹងទៅជាយ៉ាងណាទេ ក្នុងពេលសព្វថ្ងៃ បើសិនជាម្តាយរបស់គាត់ មិនបានអធិស្ឋានឲ្យគាត់ កាលប៉ុន្មានឆ្នាំមុន។ គាត់គិតថា គាត់ប្រហែលមិនមានជីវិតរស់ផង។ គាត់ជាអតីតអ្នកញៀនថ្នាំ ដែលបានជាប់គុក ដោយសារការជួញដូរថ្នាំញៀន។ នៅក្នុងការជួបគ្នាញាំកាហ្វេ នៅថ្ងៃមួយនោះ គាត់ក៏បានចែកចាយ អំពីការផ្លាស់ប្តូរដែលបានកើតមានក្នុងជីវិតគាត់ ដោយសារម្តាយគាត់បានអធិស្ឋានឲ្យគាត់។ គាត់ប្រាប់ខ្ញុំថា “ទោះខ្ញុំបានធ្វើឲ្យគាត់ខកចិត្តខ្លាំងយ៉ាងណាក៏ដោយ ក៏គាត់នៅតែបន្តបង្ហាញសេចក្តីស្រឡាញ់ដល់ខ្ញុំ ដោយអធិស្ឋានឲ្យខ្ញុំ។ ខ្ញុំបានបង្ករឿងច្រើន តែបើគាត់មិនបានអធិស្ឋានឲ្យខ្ញុំទេ ខ្ញុំដឹងថា ខ្ញុំនឹងជួបរឿងអាក្រក់ជាងនេះទៀត”។
បទគម្ពីរសញ្ញាចាស់ដែលបានចែងអំពីហោរា សាំយូអែល បានពិពណ៌នាអំពីរឿងរបស់មនុស្សម្នាក់ដែលបានបង្ហាញចេញនូវចិត្តស្មោះត្រង់ ចំពោះព្រះនិងអ្នកដទៃ តាមរយៈការអធិស្ឋាន។ នៅថ្ងៃដែលស្តេចសូលបានទទួលពិធីឡើងគ្រងរាជជាស្តេច នៅទីក្រុងម៊ីសផាស ហោរា សាំយូអែលមានការខកចិត្តយ៉ាងខ្លាំង។ ពួកបណ្តាជនមានការជឿទុកចិត្ត និងមានក្តីសង្ឃឹមដល់ស្តេច ជាជាងទុកចិត្ត និងសង្ឃឹមដល់ព្រះ។
ខណៈពេលដែលពួកបណ្តាជនជួបជុំគ្នា ព្រះទ្រង់ក៏បានបង្ហាញការមិនសព្វព្រះទ័យ តាមរយៈខ្យល់ព្យុះខុសរដូវមួយ ដែលធ្វើឲ្យពួកគេមានការភ័យខ្លាច និងមានការស្តាយក្រោយ ចំពោះការសម្រេចចិត្តរបស់ពួកគេ (១សាំយ៉ូអែល ១២:១៦-១៨)។ នៅពេលដែលពួកគេអង្វរហោរា សាំយូអែល ឲ្យអធិស្ឋានទូលអង្វរឲ្យពួកគេ គាត់ក៏បានឆ្លើយតបថា សូមកុំឲ្យគាត់ធ្វើបាបចំពោះព្រះអម្ចាស់ ដោយលែងអធិស្ឋានឲ្យពួកគេឡើយ (ខ.២៣)។
ការឆ្លើយតបរបស់ហោរា សាំយូអែល បានក្រើនរំឭកយើងថា ការអធិស្ឋានឲ្យអ្នកដទៃ ជួយឲ្យយើងយកព្រះជាទីមួយក្នុងចិត្ត និងជីវិតរបស់យើង។ ពេលណាយើងស្រឡាញ់អ្នកដទៃ ដោយអធិស្ឋានឲ្យពួកគេ យើងនឹងបានឃើញព្រះអង្គធ្វើកិច្ចការ ដែលមានតែព្រះអង្គទេអាចធ្វើបាន។ ហើយយើងក៏មិនចង់បាត់បង់ឱកាស មើលឃើញព្រះអង្គធ្វើការក្នុងជីវិតយើង និងអ្នកដទៃ តាមរយៈការអធិស្ឋានឡើយ។—JAMES BANKS
តើការអធិស្ឋានជាទៀងទាត់បានជួយអ្នក ឲ្យយកព្រះជាទីមួយ ដូចម្តេចខ្លះ?
តើអ្នកនឹងអធិស្ឋានឲ្យអ្នកដទៃ នៅថ្ងៃនេះ ដូចម្តេចខ្លះ?
ឱព្រះអង្គសង្គ្រោះដ៏មានចេស្តា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានអធិស្ឋានទូលអង្វរឲ្យទូលបង្គំ។
សូមព្រះអង្គជួយទូលបង្គំឲ្យយកគំរូតាមព្រះអង្គ ក្នុងការស្រឡាញ់អ្នកដទៃ ដោយអធិស្ឋានឲ្យពួកគេនៅថ្ងៃនេះ។
VISIT ODBU.ORG/SF120 TO LEARN HOW CONSISTENT PRAYER CAN GROW YOUR RELATIONSHIP WITH GOD.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ២០-២១ និង កិច្ចការ ១០:២៤-៤៨