
ពីសិរីល្អទៅដល់សិរីល្អ
ដោយKaren Huang
July 2, 2025
២កូរិនថូស ៣:៧-១៨
យើងកំពុងតែផ្លាស់ប្រែទៅ ឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អទៅដល់សិរីល្អ គឺដោយសារព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ ។ ២កូរិនថូស ៣:១៨
វ៉ាល័ររី (VALERIE) រស់នៅក្នុងទីក្រុងមួយ ក្នុងតំបន់ឆ្នេរសមុទ្រ ដូចនេះ គាត់ចូលចិត្តអាកាសធាតុក្តៅល្មម ការថតរូបសត្វព្រៃ និងការហែលទឹកសមុទ្រ។ ជាងនេះទៅទៀត គាត់ចូលចិត្តមើលថ្ងៃលិច នៅមាត់សមុទ្រ។ រៀងរាល់ពេលព្រឹក គាត់ក្រោកពីដំណេក មុនពេលថ្ងៃរះ ដើម្បីមើលទេសភាពទឹកសមុទ្រ។ គាត់ប៉ាន់ប្រមាណថា ទោះអាកាសធាតុមានពពកច្រើន ហើយគាត់កំពុងធ្វើដំណើរនៅពេលខ្លះ ក៏គាត់នៅតែអាចទស្សនាទេសភាពថ្ងៃរះ នៅមាត់ទឹក ជាង៣០០ដង ក្នុងមួយឆ្នាំ។ គាត់មិនដែលហត់នឿយ ក្នុងការទស្សនានោះឡើយ។ ក្នុងកែវភ្នែករបស់គាត់ ថ្ងៃរះបានបង្ហាញនូវសិរីល្អរបស់ព្រះ ដែលគាត់មិនចង់ខកខាន មិនបានមើលថ្ងៃរះឡើយ។
បទគម្ពីរនិក្ខមនំ ជំពូក៣៤ បានចែងអំពីផ្ទៃមុខរបស់លោក ម៉ូសេ ដែលបានបញ្ចេញពន្លឺចែងចាំង ជាការឆ្លុះបញ្ចាំងអំពីការជួបគ្នាពេញដោយសិរីល្អ ជាមួយ “ព្រះអម្ចាស់” (ខ.២៩-៣៥)។ សាវ័កប៉ុលមានប្រសាសន៍ថា ដោយសារព្រះយេស៊ូវបានយាងមក នោះមានព្រះរាជកិច្ចមួយ ដែលមានសិរីល្អចែងចាំងខ្លាំងជាងព្រះរាជកិច្ចដែលលោក ម៉ូសេបានដកពិសោធន៍ទៅទៀត (២កូរិនថូស ៣:៧-៨)។ នោះគឺព្រះរាជកិច្ចនៃព្រះវិញ្ញាណបរិសុទ្ធ ដែលនាំមកនូវសេចក្តីសុចរិត (ខ.៨-៩)។ ផែនការរបស់ព្រះ ក្នុងការប្រទានសេចក្តីសង្គ្រោះ មានសិរីល្អដ៏ស្ថិតស្ថេរ លើសអ្វីៗតាំងអស់ដែលមានពីមុនមក (ខ.១០) ហើយយើងត្រូវតែចូលរួមជាមួយព្រះអង្គ។ សាវ័កប៉ុលមានប្រសាសន៍ថា “ហើយយើងរាល់គ្នាទាំងអស់ ដែលកំពុងតែរំពឹងមើលសិរីល្អព្រះអម្ចាស់ ទាំងមុខទទេ ដូចជាឆ្លុះមើលទ្រង់ក្នុងកញ្ចក់ យើងកំពុងតែផ្លាស់ប្រែទៅ ឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អទៅដល់សិរីល្អ គឺដោយសារព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ” (ខ.១៨)។ សិរីល្អដែលបន្តកើនឡើងនេះ មិនពឹងផ្អែកទៅលើការងារដែលយើងបានធ្វើល្អយ៉ាងណានោះទេ តែពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ។ យើងមិនខុសពីពពកនៅពេលថ្ងៃរះទេ គឺគ្រាន់តែបញ្ចាំងពន្លឺបន្តពីព្រះរាជកិច្ចដែលព្រះអង្គកំពុងធ្វើ កាន់តែច្រើនឡើង និងប្រសើរឡើង ជារៀងរាល់ថ្ងៃ។—KAREN PIMPO
តើអ្នកមានការពិបាក ក្នុងការដកពិសោធន៍នឹងព្រះរាជកិច្ចនៃព្រះវិញ្ញាណបរិសុទ្ធ
ក្នុងជីវិតអ្នក នៅពេលណា? តើធ្វើដូចម្តេចឲ្យអ្នកដឹងថា ព្រះអង្គនៅតែធ្វើការក្នុងជីវិតអ្នក?
ឱព្រះអម្ចាស់ ព្រះអង្គកំពុងធ្វើកិច្ចការដែលពេញដោយសិរីល្អ ក្នុងជីវិតទូលបង្គំ?
ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានកែប្រែទូលបង្គំ ឲ្យកាន់តែដូចរូបអង្គរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ២២-២៤ និង កិច្ចការ ១១