
ព្រះយេស៊ូវសំខាន់លើសជីវិត
ដោយXochitl Dixon
July 3, 2025
ទំនុកដំកើង ៦៣
ដ្បិតសេចក្ដីសប្បុរសនៃទ្រង់ នោះវិសេសជាងជីវិត បបូរមាត់ទូលបង្គំនឹងសរសើរដល់ទ្រង់។ ទំនុកដំកើង ៦៣:៣
កញ្ញា ខេនេឌី ប្លេដ (KENNEDY BLADES) គឺជាកីឡាករបោកចំបាប់ ដែលបានឈ្នះការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិច នៅឆ្នាំ២០២៤។ ពេលនោះ គាត់បានសង្រួមដៃចូលគ្នា ហើយលើកដៃឡើង ដោយភ្នែកមើលទៅលើ ដើម្បីសរសើរដំកើងព្រះ។ អ្នកយកព័ត៌មានម្នាក់បានសួរគាត់ អំពីការរីកចម្រើនរបស់គាត់ នៅក្នុងការហ្វឹកហាត់រយៈពេល៣ឆ្នាំ រហូតទទួលបានជោគជ័យ។ កីឡាករឆ្នើមរូបនេះក៏បានឆ្លើយតប ដោយមិនបាននិយាយ អំពីការហ្វឹកហាត់ខាងរូបកាយរបស់គាត់ទាល់តែសោះ។ តែគាត់បាននិយាយអំពីទំនាក់ទំនងដ៏ជិតស្និទ្ធដែលគាត់មានជាមួយព្រះយេស៊ូវ។ គាត់បានប្រកាសថា ព្រះគ្រីស្ទជាស្តេចលើអស់ទាំងស្តេច ដែលនឹងយាងមកវិញ ហើយគាត់ក៏បានលើកទឹកចិត្តអ្នកដទៃ ឲ្យជឿព្រះអង្គផងដែរ។ គាត់ថា ព្រះអង្គគឺជាមូលហេតុចម្បង ដែលគាត់អាចសម្រេចជោគជ័យដ៏ធំនេះបាន។ ក្នុងការសម្ភាសន៍ដទៃទៀត គាត់បានប្រកាសដោយចិត្តស្មោះត្រង់ថា គាត់យកព្រះយេស៊ូវជាទីមួយក្នុងជីវិតគាត់ ហើយព្រះអង្គជាប្រភពនៃការល្អគ្រប់យ៉ាងដែលគាត់បានទទួល។
នៅពេលដែលគាត់ចែកចាយ អំពីការមានបំណងចិត្តដែលចង់រស់នៅ ដោយយកព្រះជាទីមួយ ខ្ញុំក៏បាននឹកចាំអំពីការប្រកាសរបស់ស្តេចដាវីឌ នៅក្នុងបទគម្ពីរទំនុកដំកើង ជំពូក៦៣។ ស្តេចដាវីឌបានទទួលស្គាល់ថា ទ្រង់មិនអាចរស់នៅ ដោយគ្មានព្រះអាទិកររបស់ទ្រង់បានទេ បានជាទ្រង់មានបន្ទូលថា “ទូលបង្គំនឹងស្វែងរកទ្រង់អស់ពីចិត្ត ព្រលឹងទូលបង្គំស្រេករកទ្រង់” (ខ.១)។ ស្តេចដាវីឌបានឃើញព្រះចេស្តា និងសិរីល្អរបស់ព្រះអង្គ នៅក្នុងទីបរិសុទ្ធ (ខ.២)។ ទ្រង់ក៏បានប្រកាសថា សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះ វិសេសជាងជីវិត (ខ.៣)។ បន្ទាប់មក ទ្រង់ក៏បានអធិស្ឋានថា “ដ្បិតទ្រង់បានធ្វើជាជំនួយដល់ទូលបង្គំ ទូលបង្គំនឹងមានចិត្តរីករាយនៅក្រោមម្លប់ស្លាបទ្រង់ ព្រលឹងទូលបង្គំតាមទ្រង់ប្រកិត ព្រះហស្តស្ដាំនៃទ្រង់ក៏ទប់ទល់ទូលបង្គំ” (ខ.៧-៨)។ ដូចនេះ ស្តេចដាវីឌពិតជាបានរាប់ព្រះអម្ចាស់ជាសំខាន់លើសអ្វីទាំងអស់ក្នុងជីវិតទ្រង់។
ពេលណាយើងទទួលស្គាល់ថា ព្រះយេស៊ូវគឺជាប្រភពនៃអ្វីៗគ្រប់យ៉ាងដែលយើងមាន និងសំខាន់លើសអ្វីទាំងអស់ក្នុងជីវិតយើង ការរស់នៅរបស់យើងអាចធ្វើជាពន្លឺដែលនាំផ្លូវអ្នកដទៃ ទៅរកទំនាក់ទំនងជាមួយព្រះ ដែលជួយសង្គ្រោះជីវិត។—XOCHITL DIXON
តើជីវិតអ្នកបានបង្ហាញឲ្យគេដឹងថា ព្រះយេស៊ូវសំខាន់លើសអ្វីទាំងអស់ ក្នុងជីវិតអ្នក ដោយរបៀបណា?
តើអ្នកចាំបាច់ត្រូវលះបង់អ្វីខ្លះ ដើម្បីទទួលស្គាល់ថា ព្រះអង្គជាស្តេចរបស់អ្នក?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំឲ្យរស់នៅ ដោយរាប់ព្រះអង្គជាប្រភពនៃការល្អគ្រប់យ៉ាង និងសំខាន់លើសអ្វីៗទាំងអស់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ២៥-២៧ និង កិច្ចការ ១២