
ចូរមកដោយការបន្ទាបខ្លួន និងស្វែងរកដោយចិត្តស្មោះត្រង់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 8, 2025
«នោះពួកផារិស៊ីចេញមក តាំងជជែកដើម្បីនឹងល្បងទ្រង់ ដោយសូមឲ្យទ្រង់សម្ដែងទីសម្គាល់ពីលើមេឃឲ្យគេឃើញ ទ្រង់ក៏ថ្ងូរក្នុងព្រះហឫទ័យ ហើយមានព្រះបន្ទូលថា ហេតុអ្វីបានជាមនុស្សដំណនេះចង់រកតែទីសម្គាល់ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានទីសម្គាល់ណាប្រទានមកមនុស្សដំណនេះឡើយ» (ម៉ាកុស ៨:១១-១២)។
គ្រូបង្រៀននៅសាលារៀន និងសាស្ត្រាចារ្យនៅមហាវិទ្យាល័យ ច្រើនតែជួបប្រទះនូវសំណួរពីសិស្សពីរប្រភេទ គឺអ្នកដែលសួរសំណួរដោយការគួរសម ហើយមានចិត្តពិតជាចង់បានចម្លើយមែន និងអ្នកដែលសួរផ្ចាញ់ផ្ចាល ដោយចិត្តចង់ឈ្នះ។ មនុស្សប្រភេទទី១ ពិតជាស្វែងរកការយល់ដឹង។ តែមនុស្សប្រភេទទី២ មានចិត្តចង់សម្រេចគោលបំណង ដោយចង់ឲ្យគេទទួលយកគំនិតរបស់ខ្លួន ឬគ្រាន់តែចង់ឲ្យគេគិតថា ខ្លួនជាមនុស្សឆ្លាត ជាជាងស្វែងរកចំណេះដឹងពីគ្រូបង្រៀន។
ពួកផារិស៊ីច្រើនតែផ្ចាញ់ផ្ចាលការបង្រៀន និងព្រះរាជកិច្ចរបស់ព្រះយេស៊ូវជាសាធារណៈ ដើម្បីធ្វើតេស្ដចំណេះដឹងរបស់ព្រះអង្គ ឬដើម្បីផ្ដួលព្រះអង្គ គឺខុសពីហ្វូងមនុស្សដែលបានមើលឃើញ និងមានចិត្តស្ងើចសរសើរចំពោះការអស្ចារ្យរបស់ព្រះគ្រីស្ទ។ ពួកគេមានវត្តមាននៅទីនោះ មិនមែនដើម្បីមើលកិច្ចការដ៏អស្ចារ្យដែលព្រះអង្គកំពុងធ្វើ ឬដើម្បីពិចារណាឲ្យដឹងច្បាស់ថា ព្រះអង្គជានរណាឡើយ។ ពួកគេមានវត្តមាននៅទីនោះ ដើម្បីធ្វើឲ្យព្រះអង្គជំពប់ដួល ឬដើម្បីដាក់អន្ទាក់ព្រះអង្គ។
ព្រះយេស៊ូវបានឆ្លើយតប ដោយព្រះទ័យអាណិត ចំពោះហ្វូងមនុស្សដែលដើរតាមព្រះអង្គ។ ព្រះអង្គមានព្រះទ័យសប្បុរសដល់អ្នកដែលចូលមករកទ្រង់ ដោយចិត្តដែលបន្ទាបចុះ ដោយទទួលស្គាល់តម្រូវការរបស់ខ្លួន។ ព្រះអង្គមិនបានបណ្ដេញនរណាម្នាក់ ដែលចូលមករកសេចក្តីពិត ដោយចិត្តស្មោះត្រង់នោះឡើយ។ ប៉ុន្តែ នៅពេលដែលព្រះអង្គប្រឈមមុខដាក់អ្នកដឹកនាំសាសនាដែលទាស់ប្រឆាំងព្រះអង្គ ទ្រង់ក៏បានស្តីបន្ទោសពួកគេដោយសេចក្តីសុចរិត និងសេចក្តីអត់ធ្មត់ ចំពោះអ្នកដែលចូលមករកព្រះអង្គ ដើម្បីលើកតម្កើងខ្លួនឯង និងដើម្បីផ្ចាញ់ផ្ចាលការអះអាងរបស់ព្រះអង្គ។
មនុស្សសួរសំណួរដោយអាកប្បកិរិយាពីរប្រភេទ គឺដោយបន្ទាបខ្លួន ឬដោយអំនួត។ ហើយព្រះអង្គជាគ្រូបង្រៀនដែលតែងតែជ្រាបអំពីភាពខុសគ្នានេះ។
អ្នកខ្លះនិយាយថា ខ្លួនជឿព្រះ តែមិនបានទទួលអត្ថប្រយោជន៍អ្វីពីការបង្រៀនក្នុងព្រះគម្ពីរឡើយ។ ពួកគេអង្គុយស្តាប់គ្រូគង្វាលអធិប្បាយព្រះបន្ទូលរៀងរាល់ថ្ងៃអាទិត្យ ប៉ុន្តែទន្ទឹមនឹងនោះ ពួកគេក៏កំពុងស្វែងរកហេតុផលដែលមិនត្រូវពឹងផ្អែកទាំងស្រុងទៅលើកិច្ចការដែលព្រះគ្រីស្ទបានសម្រេចហើយដែរ។ ពួកគេបានចោទជាសំណួរ ដែលរារាំងមិនឲ្យពួកគេមានការប្រកបស្និទ្ធស្នាលជាមួយព្រះអម្ចាស់ ហើយបន្ទាប់មកពួកគេឆ្ងល់ថា ហេតុអ្វីពួកគេមិនដែលទទួលបានចម្លើយដែលពួកគេចង់បាន។ នេះមិនមែនជារបៀបនៃការរស់នៅរបស់កូនព្រះទេ។ យើងគួរតែខិតខំរៀនសូត្រពីព្រះដែលជាគ្រូរបស់យើង ដោយភាពតូចទាប និងការចង់ចេះចង់ដឹង ហើយពេលណាចិត្តរបស់យើងតប់ប្រមល់ ចូរយើងចូលមករកព្រះអង្គ ដោយការបន្ទាបខ្លួន ដោយទូលសូមព្រះអង្គជួយយើងឲ្យបើកចិត្តទទួលចម្លើយ ដោយមិនទាមទារឲ្យព្រះអង្គ ធ្វើតាមគោលបំណង ឬការរំពឹងចង់បានរបស់យើងនោះទេ។
បើអ្នកមានខួរក្បាលធំ ព្រះគម្ពីរអាចចម្អែតភាពស្រេកឃ្លានខាងចំណេះដឹងរបស់អ្នកបាន។ បើអ្នកមានក្បាលធំ អំនួតរបស់អ្នកនឹងធ្វើឲ្យអ្នកមិនអាចមើលឃើញភាពច្បាស់លាស់ និងសេចក្តីពិតនៃព្រះបន្ទូលព្រះបានទេ។ ព្រះគ្រីស្ទត្រៀមជាស្រេច ដើម្បីគាំទ្រភាពស្មោះត្រង់ដែលមនុស្សមាន ក្នុងការស្វែងរកចំណេះដឹងពីព្រះអង្គ ប៉ុន្តែព្រះអង្គមិនដែលគាំទ្រភាពក្រអឺតក្រទមរបស់ពួកគេឡើយ។
យើងរាល់គ្នាសុទ្ធតែចង់ទូលសួរព្រះយេស៊ូវ អំពីពិភពលោក អំពីជីវិតរបស់យើង និងអំពីផ្លូវដែលយើងគួរទៅ។ ព្រះយេស៊ូវមិនដែលគេចចេញពីមនុស្សដែលចូលមករកព្រះអង្គទេ ហើយព្រះអង្គក៏ស្វាគមន៍សំណួរពីប្អូនប្រុសប្អូនស្រីរបស់ព្រះអង្គផងដែរ។ ប៉ុន្តែ ក្រៅពីចង់សួរសំណួរនោះ ចូរគិតអំពីដួងចិត្តរបស់អ្នកផងដែរ។ បើអ្នកមានសំណួរអ្វី ចូរសួរចុះ ប៉ុន្តែ មុននឹងសួរ អ្នកត្រូវគិតឲ្យបានច្បាស់ អំពីគោលបំណងដែលអ្នកចង់សួរ។ តើអ្នកបានទទួលការបណ្ដាលចិត្តពីសេចក្តីជំនឿ នៅក្នុងការស្វែងរកចំណេះដឹងក្នុងព្រះគម្ពីរ ឬបានទទួលការបណ្ដាលចិត្តពីសេចក្តីអំនួត ដែលព្យាយាមបង្ហាញឲ្យគេដឹងថា អ្នកមានចំណេះដឹងច្រើនជាងគេ?
ព្រះគម្ពីរសញ្ជឹងគិត៖ ម៉ាកុស ១០:២-២២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ចោទិយកថា ៣២-៣៤ និង កិច្ចការ ៧:៤៤-៦០