
ទ្រនិចនៃសេចក្តីស្លាប់បានបាក់ហើយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 10, 2025
«ឱសេចក្តីស្លាប់អើយ ទ្រនិចឯងនៅឯណា សេចក្តីស្លាប់អើយ ជ័យជម្នះរបស់ឯងនៅឯណា រីឯទ្រនិចនៃសេចក្តីស្លាប់ គឺជាអំពើបាប ហើយអំណាចរបស់បាប គឺជាក្រឹត្យវិន័យ។ តែអរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាមានជ័យជម្នះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង» (១កូរិនថូស ១៥:៥៥-៥៧)។
មនុស្សជំនាន់ថ្មីបានបង្ហាញចេញនូវចិត្តដែលមិនចង់ប្រឈមមុខដាក់ធាតុពិតនៃសេចក្តីស្លាប់ ហើយប្រហែលជាគ្មានមនុស្សនៅជំនាន់ណា ដែលចង់ប្រឈមមុខដាក់រឿងនេះ ជាងជំនាន់របស់យើងទេ។ មនុស្សតែងតែព្យាយាមគ្របបាំង ហើយមិនអើពើចំពោះធាតុពិតនៃសេចក្តីស្លាប់ ដោយសង្ឃឹមថា សេចក្តីស្លាប់នឹងកន្លងផុតទៅដោយខ្លួនឯង។ ប៉ុន្តែ ក្នុងចំណោមមនុស្សទាំងអស់ គ្រីស្ទបរិស័ទគួរតែត្រៀមខ្លួនធ្វើអ្វីដែលមនុស្សជាច្រើនមិនចង់ធ្វើ គឺការមើលសេចក្តីស្លាប់ឲ្យចំមុខ ហើយទទួលស្គាល់ថា យើងគ្មានផ្លូវដែលអាចបដិសេធន៍ ឬគេចចេញពីសេចក្តីស្លាប់បានទេ ប៉ុន្តែយើងមិនចាំបាច់ត្រូវគេចវេសពីសេចក្តីស្លាប់ឡើយ ព្រោះព្រះអម្ចាស់បានឈ្នះសេចក្តីស្លាប់ហើយ។
ជាការពិតណាស់ ជំនឿលើព្រះគ្រីស្ទបានផ្លាស់ប្ដូររបៀបដែលយើងគិតអំពីអ្វីៗគ្រប់យ៉ាង។ ព្រះគម្ពីរបាននាំយើងប្រឈមមុខដាក់ការពិតដែលថា ជីវិតមានភាពរួញខ្លី សេចក្តីស្លាប់មានភាពទៀងទាត់ ហើយការជំនុំជម្រះកំពុងរង់ចាំយើង។ ប៉ុន្តែ នៅក្នុងព្រះគម្ពីរក៏មានការណែនាំច្បាស់លាស់ និងអស្ចារ្យអំពីរបៀបដែលយើងត្រូវគិតអំពីការស្លាប់របស់អ្នកជឿ។
សម្រាប់គ្រីស្ទបរិស័ទ ទ្រនិចនៃសេចក្តីស្លាប់បានបាក់ហើយ។ ឧបមាថា អ្នកកំពុងចេញទៅខាងក្រៅ ជាមួយក្មេងតូចម្នាក់ ហើយស្រាប់តែមានសត្វស្រាំងមួយក្បាលហើរមកកន្លែងរបស់អ្នកទាំងកំហឹង។ ពេលនោះអ្នកនឹងមានចិត្តចង់យកខ្លួនអ្នកមកពាំងពីមុខក្មេងនោះ ដើម្បីទទួលទ្រនិចជំនួសក្មេងនោះ។ បន្ទាប់ពីវាទិចអ្នកហើយ ក្មេងតូចនោះគ្មានហេតុផលដែលត្រូវភ័យខ្លាចទៀតទេ។ ហេតុនេះហើយ តាមរយៈព្រះរាជកិច្ចដែលព្រះយេស៊ូវបានធ្វើនៅលើឈើឆ្កាង ព្រះអង្គបានទទួលទោសរបស់បាបជំនួសយើងហើយ។ ព្រះអង្គបានវាយបំបាក់អំណាចនៃចំណងរបស់បាបក្នុងជីវិតយើងហើយ។ ព្រះអង្គបានដកទ្រនិចរបស់បាប និងសេចក្តីស្លាប់។ ជ័យជម្នះរបស់ព្រះគ្រីស្ទ ក៏ជាជ័យជម្នះរបស់យើងដែរ។ ព្រះអង្គបានឈ្នះសេចក្តីស្លាប់ហើយ។ យើងនៅតែត្រូវឆ្លងកាត់សេចក្តីស្លាប់ ប៉ុន្តែយើងនឹងឆ្លងផុត។ សេចក្តីស្លាប់មិនអាចចាប់ចងយើងបានទេ។
ព្រះគម្ពីរបានប្រើពាក្យ ដេកលក់ ក្នុងន័យធៀប ដើម្បីពិពណ៌នាអំពីគ្រីស្ទានដែលបានស្លាប់ ព្រោះការដេកលក់មានរយៈពេលបណ្ដោះអាសន្ន គឺមិនស្ថិតស្ថេររហូតទេ។ ហើយព្រះគម្ពីរនិយាយអំពីការដេកលក់នេះ ទាក់ទងនឹងរូបកាយរបស់យើង មិនមែនទាក់ទងនឹងវិញ្ញាណយើងទេ។ ក្នុងសំបុត្រដែលសាវ័ក ប៉ុល បានសរសើរផ្ញើទៅពួកជំនុំនៅទីក្រុងថែស្សាឡូនីច គាត់មានប្រសាសន៍ថា «ដ្បិតបើយើងជឿថា ព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញហើយ នោះត្រូវជឿថា ព្រះទ្រង់នឹងនាំអស់អ្នក ដែលដេកលក់ទៅក្នុងព្រះយេស៊ូវឲ្យបានមកជាមួយនឹងទ្រង់ដែរ» (១ថែស្សាឡូនិច ៤:១៤)។ អាចនិយាយម្យ៉ាងទៀតថា យើងអាចនិយាយទៅកាន់ព្រះយេស៊ូវ ដូចដែលក្មេងតូចជាច្រើន នៅពេលចូលគេង ពួកគេនិយាយទៅកាន់ឪពុកម្តាយរបស់ខ្លួនថា «តើម៉ាក់ (ឬប៉ា) នៅជាមួយខ្ញុំទេ ពេលខ្ញុំកំពុងគេងលក់?» ហើយព្រះយេស៊ូវមានបន្ទូលថា ខ្ញុំនឹងនៅជាមួយអ្នក។ ប៉ុន្តែ ដែលល្អជាងនេះទៀតនោះ ព្រះអង្គមានបន្ទូលថា ខ្ញុំនឹងនៅជាមួយអ្នក ពេលដែលអ្នកកំពុងគេងលក់។ ការគេងលក់ ឬស្លាប់ក្នុងព្រះគ្រីស្ទ គឺមានន័យថា ព្រះអង្គនាំយើងភ្លាមៗចូលក្នុងព្រះវត្តមានព្រះអង្គ ចូលទៅក្នុងការអរសប្បាយចំពោះព្រះអម្ចាស់ក្នុងសិរីល្អរបស់ព្រះអង្គ។
ព្រះយេស៊ូវមានព្រះជន្មរស់ ហើយថ្ងៃថ្មីនីមួយៗអាចរំឭកយើងអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ រៀងរាល់ពេលព្រឹក យើងក្រោកពីគេង ឃើញថ្ងៃរះជាថ្មី ជាការរំឭកថា ថ្ងៃដ៏រុងរឿងដែលមានសម្លេងត្រែបន្លឺឡើង ពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញមុនគេ ហើយអ្នកជឿដែលនៅមានជីវិត នៅលើផែនដី នឹងត្រូវព្រះអង្គលើកឡើងជាមួយពួកគេ។ ក្នុងនាមយើងជាអ្នកជឿ យើងបានកើតជាថ្មី ដោយក្តីសង្ឃឹមដ៏រស់ថា ដោយសារព្រះយេស៊ូវគ្រីស្ទមានជ័យជម្នះមកលើសេចក្តីស្លាប់ យើងនឹងបាននៅជាមួយព្រះអង្គជារៀងរហូត។ នេះជារបៀបដែលយើងមើលទៅសេចក្តីស្លាប់ គឺយើងមើលវាធ្លុះទៅដល់ចុងម្ខាងទៀត ឃើញជីវិតអស់កល្បជានិច្ច។ ហើយពេលណាយើងអាចស្លាប់ដោយគ្មានការភ័យខ្លាច យើងក៏អាចរស់នៅដោយគ្មានការភ័យខ្លាចចំពោះសេចក្តីស្លាប់ដែរ។
ព្រះគម្ពីរសញ្ជឹងគិត៖ វិវរណៈ ៣:៧-១៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ នាងរស់ និង កិច្ចការ ៨:២៦-៤០