
រកឃើញជីវិតក្នុងព្រះគ្រីស្ទ
ដោយTom Felten
July 11, 2025
អេម៉ុស ៥:១-៦,១០-១៤
ចូរស្វែងរកព្រះយេហូវ៉ាវិញ នោះឯងរាល់គ្នានឹងរស់នៅ។ អេម៉ុស ៥:៦
មានគ្រួសារមួយបាត់បង់ការទាក់ទងជាមួយកូនប្រុសរបស់ខ្លួន ឈ្មោះ ថាយល័រ (TYLER) អស់ជាច្រើនឆ្នាំ។ ថ្ងៃមួយ គេបានយកក្រឡតូចមួយមកជូនពួកគេ ដោយនិយាយប្រាប់ពួកគេថា ក្នុងក្រឡនោះមានធាតុរបស់គាត់ ដែលគេបានបូជាហើយ។ ថាយល័រទើបតែមានអាយុ២០ឆ្នាំ ហើយគាត់ទំនងជាស្លាប់ដោយសារការប្រើថ្នាំញៀនលើសកំរិត។ អស់ជាច្រើនឆ្នាំមកហើយ ដែលថាយល័រត្រូវទទួលរងផលវិបាកនៃការញៀនថ្នាំ និងការសម្រេចចិត្តដោយខ្វះការពិចារណា។ ប៉ុន្តែ មុនពេលគេជូនដំណឹងថា គាត់ស្លាប់ដោយសារការប្រើថ្នាំញៀនលើសកំរិត គាត់បានផ្តាច់ថ្នាំញៀនហើយ បន្ទាប់ពីគាត់បានចំណាយពេលក្នុងមជ្ឈមណ្ឌលកែប្រែមួយកន្លែង និងបានឆ្លងកាត់កម្មវិធីផ្តាច់ថ្នាំញៀនដោយជោគជ័យ។ បន្ទាប់មក អាជ្ញាធរក៏បានធ្វើការរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើល។ តាមពិត ថាយល័រនៅមានជីវិតទេ។ ពួកគេបានច្រឡំគាត់ជាមួយនឹងយុវជនម្នាក់ទៀត ដែលបានស្លាប់បាត់បង់ជីវិតដោយសារការប្រើថ្នាំញៀនលើសកំរិត។ ក្រោយមក បន្ទាប់ពីគាត់បានជួបជុំជាមួយក្រុមគ្រួសាររបស់គាត់ ហើយសញ្ជឹងគិតអំពីការស្លាប់របស់យុវជនម្នាក់នោះ គាត់ក៏បាននិយាយថា “អ្នកស្លាប់នោះអាចជាខ្ញុំ”។
ប្រជាជាតិអ៊ីស្រាអែលបានដឹងអំពីការស្លាប់របស់ខ្លួន ទោះពួកគេកំពុងមានជីវិតរស់ក៏ដោយ។ ក្នុងទំនុកនៃការសោកសង្រេង ហោរា អេម៉ុសបានច្រៀងអំពីការស្លាប់នេះ ទៅកាន់រាស្រ្តរបស់ព្រះដែលកំពុងបះបោរ យ៉ាងដូចនេះថា “នាងព្រហ្មចារី គឺនគរអ៊ីស្រាអែល បានដួលចុះហើយនឹងក្រោកឡើងវិញមិនបានឡើយ” (អេម៉ុស ៥:២)។ ពាក្យពេចន៍ទាំងនេះប្រាកដជាបានធ្វើឲ្យពួកគេចាប់អារម្មណ៍។ តើពួកគេបានស្លាប់ហើយឬ? តែលោកហោរាក៏បានថ្លែងអំពីព្រះបន្ទូលកម្សាន្តចិត្តមកពីព្រះអម្ចាស់ផងដែរថា “ចូរស្វែងរកអញ នោះឯងរាល់គ្នានឹងរស់នៅ ... យ៉ាងនោះព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់នឹងគង់នៅជាមួយនឹងឯងជាពិត” (ខ.៤,១៤)។ ទោះពួកអ៊ីស្រាអែលបានស្លាប់ក្នុងអំពើបាបរបស់ខ្លួន ដែលទាស់ប្រឆាំងនឹងព្រះក៏ដោយ ក៏ព្រះអង្គនៅតែត្រាស់ហៅពួកគេឲ្យងាកបែរមករកព្រះអង្គ ហើយរកឃើញជីវិត។
ខណៈពេលដែលយើងដោះស្រាយបញ្ហានៃអំពើបាបរបស់យើង ចូរយើងសារភាពបាបរបស់យើង ហើយនាំវាមកថ្វាយព្រះ ដែលស្រឡាញ់ និងអត់ទោសឲ្យយើង។ ព្រះអង្គនឹងដឹកនាំយើងដោយសេចក្តីស្រឡាញ់ ចេញពីសេចក្តីស្លាប់ ចូលទៅរកជីវិត (យ៉ូហាន ៥:២៤)។—TOM FELTEN
តើការទាស់ប្រឆាំងនឹងព្រះ បាននាំទៅរកសេចក្តីស្លាប់ដោយរបៀបណា? តើអ្នកចាំបាច់ត្រូវសារភាពអ្វីខ្លះដល់ព្រះអង្គ?
ឱព្រះនៃសេចក្តីស្រឡាញ់ សូមព្រះអង្គជួយទូលបង្គំឲ្យងាកបែរពីអំពើបាប ហើយរកឃើញជីវិតក្នុងព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១-៣ និង កិច្ចការ ១៧:១-១៥