
បម្រើព្រះ ក្នុងរដូវកាលរបស់យើង
ដោយLeslie Koh
July 12, 2025
១កូរិនថូស ៣:៥-៩
ខ្ញុំបានសាបព្រោះ អ័ប៉ុឡូសជាអ្នកស្រោច តែដែលបានដុះឡើងនោះគឺព្រះបានធ្វើវិញ។ ១កូរិនថូស ៣:៦
បន្ទាប់ពីលោក ម៉ាក (MARK) បានបង្រៀនព្រះបន្ទូលព្រះ ដល់ខេលិប (CALEB) ដោយផ្ទាល់ គាត់មានការបាក់ទឹកចិត្ត ពេលដែលបានដឹងថា អ្នកដឹកនាំម្នាក់ ក្នុងពួកជំនុំបានចាត់តាំងឲ្យគ្រូផ្សេងបង្រៀនយុវជនម្នាក់នេះ។ អ្នកដឹកនាំរូបនោះក៏បាននិយាយថា “ទីបំផុត ខេលិបមានគ្រូបង្រៀនហើយ”។
លោក ម៉ាក ក៏បានឆ្ងល់ថា តើពួកគេគិតឃើញថា ខ្ញុំកំពុងធ្វើអ្វីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ? គាត់មិនបានរំពឹងថា នឹងបានទទួលរង្វាន់ ឬការទទួលស្គាល់ពីអ្នកដទៃនោះទេ តែទង្វើរបស់ពួកគេបានធ្វើឲ្យគាត់ឈឺចាប់។
ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំក្រោយមក ខេលិប ក៏បានប្រាប់លោក ម៉ាក ថា គាត់បានចូលទៅក្នុងជីវិតរបស់ខេលិប នៅពេលដែលខេលិបត្រូវការការត្រួសត្រាយផ្លូវខាងវិញ្ញាណខ្លាំងបំផុត។ នៅពេលដែលគាត់បានឮពាក្យលើកទឹកចិត្តនេះ គាត់ក៏បានដឹងថា ព្រះទ្រង់បានប្រទានអំណោយទាន ដល់អ្នកជឿព្រះអង្គផ្សេងៗពីគ្នា ដោយមិនមានការប្រៀបធៀបគ្នាទៅវិញទៅមកនោះទេ ហើយព្រះអង្គបានសម្រេចផែនការរបស់ព្រះអង្គ តាមពេលវេលាដែលព្រះអង្គបានកំណត់។
ក្នុងបទគម្ពីរ ១កូរិនថូស ១២:៤-៣១ សាវ័កប៉ុលបាននិយាយសង្កត់ធ្ងន់ អំពីតម្លៃនៃអវយវៈរបស់រូបកាយព្រះគ្រីស្ទ ដែលជាពួកជំនុំ ដោយពួកគេម្នាក់ៗមានអំណោយទាន តួនាទី និងការចាត់តាំងខុសៗគ្នា។ ក្នុងជំពូក៣ គាត់បានក្រើនរំឭកយើង អំពីព្រះដែលជាអ្នកសម្រេចលទ្ធផលចុងក្រោយរបស់ការងារដែលយើងធ្វើ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ខ្ញុំបានសាបព្រោះ អ័ប៉ុឡូសជាអ្នកស្រោច តែដែលបានដុះឡើងនោះគឺព្រះបានធ្វើវិញ” (ខ.៦)។
យើងម្នាក់ៗអាចទទួលបានរដូវកាល និងឱកាសពិសេសរៀងខ្លួន ដើម្បីធ្វើការបម្រើព្រះ។ ព្រះទ្រង់មិនប្រៀបធៀបការងាររបស់មនុស្សម្នាក់ ជាមួយនឹងការងាររបស់មនុស្សម្នាក់ទៀតទេ ដ្បិតព្រះអង្គស្រឡាញ់បុគ្គលម្នាក់ៗស្មើគ្នា។ ព្រះអង្គមិនដូចមនុស្សឡើយ។ ចូរឲ្យភ្នែក និងចិត្តរបស់យើង បានផ្ដោតទៅលើការខិតខំធ្វើការអស់ពីចិត្ត ក្នុងរដូវកាល ដែលព្រះបានប្រទានយើង ដោយពឹងផ្អែកទាំងស្រុង ទៅលើកម្លាំង និងអំណាចរបស់ព្រះអង្គ ហើយមិនត្រូវច្រណែនអ្នកដទៃដែលសម្រេចបានកិច្ចការអ្វីមួយ តាមរបៀប និងឱកាសរបស់ពួកគេនោះឡើយ។—LESLIE KOH
តើព្រះទ្រង់បានប្រទានឱកាសអ្វី ដើម្បីឲ្យអ្នកប្រើអំណាយទាន ដែលព្រះអង្គបានប្រទានមកអ្នក?
តើអ្នកអាចប្រើអំណោយទានទាំងនោះ ឲ្យបានល្អបំផុត ក្នុងពេលវេលា និងរដូវកាលនេះ ដូចម្តេចខ្លះ?
ឱព្រះដែលប្រទានអំណោយទាន សូមព្រះអង្គជួយទូលបង្គំឲ្យផ្ដោតទៅលើកិច្ចការ ដែលព្រះអង្គប្រទានឲ្យទូលបង្គំធ្វើ។
FOR FURTHER STUDY, READ ESCAPING THE COMPARISON TRAP AT DISCOVERODB.ORG.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៤-៦ និង កិច្ចការ ១៧:១៦-៣៤