
ការរត់ប្រណាំងជាមួយព្រះយេស៊ូវ
ដោយAnne Cetas
July 13, 2025
សុភាសិត ១:១-៩
នែ កូនអើយ ចូរស្ដាប់ពាក្យប្រៀនប្រដៅរបស់ឪពុកចុះ។ សុភាសិត ១:៨
ថម (TOM) ជាក្មេងមានអាយុ៧ឆ្នាំ បានស្ងើចសរសើរពាន់រង្វាន់ដែលចាំងភ្លឺផ្លេក នៅលើធ្នើរដាក់សៀវភៅក្នុងផ្ទះ ដែលឪពុករបស់គាត់ទទួលបានពីការប្រកួតរត់ប្រណាំងរបស់សាលារៀន។ គាត់គិតថា គាត់ចង់បានពាន់រង្វាន់មួយ ដាក់តាំងក្នុងបន្ទប់របស់គាត់។ ដូចនេះ គាត់សុំពានរង្វាន់មួយ ក្នុងចំណោមពានរង្វាន់ទាំងនោះ ពីឪពុករបស់គាត់។ ឪពុករបស់គាត់ក៏បានឆ្លើយ តាមរបៀបគួរឲ្យភ្ញាក់ផ្អើលថា “មិនបានទេ ថម ពាន់រង្វាន់ទាំងនេះជារបស់ប៉ាទេ។ ប៉ាទទួលបានពួកវាពីការប្រកួត ហើយកូនក៏អាចទទួលបានពាន់រង្វាន់ពីការប្រកួតកីឡាដែរ?” បន្ទាប់មក ពួកគេក៏បានព្រមព្រៀងគ្នាថា ឪពុករបស់គាត់នឹងឲ្យពាន់រង្វាន់មួយដល់គាត់ បើសិនជាគាត់រត់ជុំវិញតំបន់ដែលពួកគេកំពុងរស់នៅ ក្នុងថេរៈវេលាដ៏ជាក់លាក់មួយ (គាត់ដឹងថា កូនប្រុសគាត់អាចធ្វើបាន) ។ ថម ក៏បានហ្វឹកហាត់រត់ប្រណាំង តាមការណែនាំរបស់ឪពុកគាត់ ហើយមួយសប្តាហ៍ក្រោយមក ឪពុករបស់គាត់ក៏បានអបអរសាទរគាត់ ដែលបានរត់ដល់ទី តាមពេលកំណត់។ ថមបានរៀនហាត់លត់ដុំ និងខិតខំហ្វឹកហាត់ ហើយឪពុករបស់គាត់បានអបអរសាទរគាត់ ដោយឲ្យរង្វាន់មួយដល់គាត់។
បទគម្ពីរសុភាសិត ១:៨ បានលើកទឹកចិត្តក្មេងៗថា “នែ កូនអើយ ចូរស្ដាប់ពាក្យប្រៀនប្រដៅរបស់ឪពុកចុះ”។ ឪពុករបស់ថម ក៏បានបង្រៀនគាត់ អំពីការរត់ប្រណាំងនៃជីវិត ជាមួយព្រះយេស៊ូវ និងស្តាប់តាមការដឹកនាំរបស់ព្រះអង្គ។ គាត់បានបង្រៀនថម ឲ្យជ្រើសរើស “សេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ នឹងសេចក្ដីទៀងត្រង់” ដូចឪពុកនៅក្នុងកណ្ឌគម្ពីរសុភាសិត (ខ.៣)។ ការបង្រៀនរបស់ឪពុកមានតម្លៃណាស់ គឺនឹងបានធ្វើជា “គុណពាក់លើក្បាលឯង ទុកជាគ្រឿងលំអ ហើយជាខ្សែប្រដាប់ពាក់នៅក” (ខ.៩)។
អ្នកប្រហែលមិនមានឪពុកនៅផែនដីបង្រៀនអ្នក ឲ្យរត់ប្រណាំងជាមួយព្រះគ្រីស្ទទេ។ តែព្រះទ្រង់អាចដឹកនាំអ្នក ទៅរកគ្រូឱវាទម្នាក់ ដែលអាចផ្ទេរប្រាជ្ញាបន្តដល់អ្នក។ ពុំនោះទេ ព្រះទ្រង់កំពុងត្រាស់ហៅអ្នកឲ្យធ្វើជាគ្រូឱវាទដល់នរណាម្នាក់។ ព្រះអង្គនឹងផ្តល់ឲ្យអ្នកនូវប្រាជ្ញា ខណៈពេលដែលអ្នកកំពុងបង្រៀនអ្នកដទៃយ៉ាងសកម្ម ក្នុងការរត់ប្រណាំងទាំងអស់។—ANNE CETAS
តើមាននរណាខ្លះ ក្នុងរង្វង់នៃទំនាក់ទំនងរបស់អ្នក ដែលអ្នកអាចរៀនសូត្រអំពីជីវិតក្នុងព្រះគ្រីស្ទ តាមរយៈពួកគេ?
តើអ្នកអាចជួយបង្រៀននរណាខ្លះ ឲ្យរត់ប្រណាំងខាងវិញ្ញាណ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានការបង្រៀន តាមរយៈព្រះគម្ពីរប៊ីប។
សូមព្រះអង្គប្រទានទូលបង្គំនូវគ្រូ ដែលស្គាល់ព្រះអង្គច្បាស់ និងអាចចែកចាយអំពីប្រាជ្ញារបស់ព្រះអង្គដល់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៧-៩ និង កិច្ចការ ១៨