
ជីករកអត្ថន័យនៃជីវិត
ដោយadamholz
July 14, 2025
យេរេមា ២:៥-១៣
ដ្បិតរាស្ត្រអញបានប្រព្រឹត្តអំពើអាក្រក់២យ៉ាង គឺបានទាំងបោះបង់ចោលអញ ដែលជាក្បាលទឹករស់ ហើយបានដាប់ធ្វើអាងវិញ ជាអាងប្រេះបែកដែលទុកទឹកមិនបានផង ។ យេរេមា ២:១៣
គ្រួសាររបស់ខ្ញុំមានកូនឆ្កែថ្មីមួយក្បាល ឈ្មោះ វីនស្តុន (WINSTON)។ វាចូលចិត្តខាំ ដេក ហើយស៊ីចំណី និងចូលចិត្តធ្វើអ្វីផ្សេងពីរបីមុខទៀត។ អូហ៍ វាក៏ចូលចិត្តកាយដី គឺមិនមែនកាយដីយូរម្តងទេ។ តែវាកាយដីទាល់តែក្លាយជារូងក្រោមដី ធ្វើមើលតែវាកំពុងព្យាយាមលួចរត់ចេញពីគុកអញ្ចឹង។ វាហាក់ដូចជាញៀននឹងការកាយដី ដោយមិនសំចៃកំឡាំង ធ្វើឲ្យខ្លួនវាគគ្រិច។
ថ្មីៗនេះ ខ្ញុំឆ្ងល់ថា ហេតុអ្វីសត្វឆ្កែមួយក្បាលនេះ ចូលចិត្តកាយដីម្ល៉េះ? បន្ទាប់មក ខ្ញុំក៏បាននឹកឃើញថា ខ្ញុំក៏ជាអ្នកជីកដីផងដែរ ដោយខ្ញុំចេះតែជីកកកាយចូលទៅក្នុងរឿងផ្សេងៗជាច្រើន ដែលខ្ញុំសង្ឃឹមថា វានឹងធ្វើឲ្យខ្ញុំសប្បាយចិត្ត។ រឿងទាំងនោះមិនមែនជារឿងល្អទាំងអស់ទេ។ ប៉ុន្តែ ពេលណាខ្ញុំផ្ដោតចិត្តខ្លាំងពេក ទៅលើការស្វែងរកការស្កប់ចិត្ត ក្នុងការអ្វីមួយក្រៅពីព្រះ គឺខ្ញុំក្លាយជាអ្នកជីកដីហើយ។ ការជីកកកាយរកអត្ថន័យ ក្រៅពីព្រះ គឺធ្វើឲ្យខ្ញុំប្រឡាក់ដីពេញខ្លួន និងមានចិត្តស្រេកឃ្លានចង់បានអ្វីផ្សេងទៀតកាន់តែខ្លាំង។
ហោរា យេរេមា បានស្តីបន្ទោសឲ្យពួកអ៊ីស្រាអែល ទាក់ទងនឹងរឿងនេះផងដែរ គឺដូចដែលព្រះអម្ចាស់មានបន្ទូលតាមរយៈហោរា យេរេមាថា “ដ្បិតរាស្ត្រអញបានប្រព្រឹត្តអំពើអាក្រក់២យ៉ាង គឺបានទាំងបោះបង់ចោលអញ ដែលជាក្បាលទឹករស់ ហើយបានដាប់ធ្វើអាងវិញ ជាអាងប្រេះបែកដែលទុកទឹកមិនបានផង” (យេរេមា ២:១៣)។ ព្រះអង្គបានប្រដៅរាស្រ្តរបស់ព្រះអង្គ ដែលមិនបានអើពើ ចំពោះការស្វែងរកបំណងព្រះទ័យព្រះអង្គ។ ពួកគេបានជីកធ្វើអាងផ្ទុកទឹក សម្រាប់បំបាត់ការស្រេកទឹករបស់ខ្លួន។ ប៉ុន្តែ ព្រះអង្គបានរំឭកពួកគេថា មានតែព្រះអង្គទេ ដែលជា “ប្រភពនៃទឹករស់” (ខ.១៣)។ ក្នុងបទគម្ពីរយ៉ូហាន ជំពូក៤ ព្រះយេស៊ូវបានប្រទានទឹករស់ដល់ស្រ្តីម្នាក់ នៅក្បែរអណ្តូងទឹក ដែលកំពុងតែព្យាយាមបំបាត់ការស្រេកទឹករបស់ខ្លួន តាមរបៀបផ្សេង (ខ.១០-២៦)។ ទឹករស់ធ្វើឲ្យវិញ្ញាណរបស់នាងស្កប់ស្កល់ជារៀងរហូត។
យើងរាល់គ្នាសុទ្ធតែជាអ្នកជីករកភាពស្កប់ស្កល់។ ប៉ុន្តែ ព្រះទ្រង់បានប្រទានឱកាស ឲ្យយើងបានជំនួសការជីកដីដ៏ឥតប្រយោជន៍របស់យើង ដោយប្រភពទឹករស់របស់ព្រះអង្គ ដែលនាំមកនូវភាពស្កប់ស្កល់ដ៏សំខាន់ ដែលបំបាត់ការស្រេកទឹកខាងវិញ្ញាណរបស់យើង។—ADAM R. HOLZ
តើអ្នកច្រើនតែជីករកអត្ថន័យ ក្តីសង្ឃឹម និងការស្កប់ចិត្ត ក្នុងជីវិត នៅកន្លែងណាខ្លះ?
តើអ្នកអាចថ្វាយផ្នែកនេះ ក្នុងជីវិតអ្នក ដាច់ដល់ព្រះអង្គយ៉ាងណាខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំឲ្យស្គាល់រស់ជាតិ និងដឹងថា ព្រះអង្គជាអ្វីដែលវិញ្ញាណទូលបង្គំស្រេករក
ហើយទម្លាក់ប៉ែលរបស់ទូលបង្គំចុះដើម្បីឈប់ជីក ហើយសម្រាកក្នុងព្រះអង្គវិញ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១០-១២ និង កិច្ចការ ១៩:១-២០