
ទម្លាប់នៃការរស់នៅ និងព្រះវិញ្ញាណបរិសុទ្ធ
ដោយKaren Pimpo
July 16, 2025
រ៉ូម ១២:១-១៣
ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង។ រ៉ូម ១២:២
កាលពេទ្យធ្មេញកំពុងសម្អាតធ្មេញឲ្យខ្ញុំ គាត់បានសួរខ្ញុំថា “តើអ្នកបានចម្រើនវ័យធំឡើង នៅក្នុងទីក្រុងនេះមែនទេ?” ខ្ញុំពិបាកឆ្លើយសំណួរគាត់ ខណៈពេលដែលឧបករណ៍របស់គាត់ស្ថិតនៅក្នុងមាត់ខ្ញុំនៅឡើយ។ គាត់បានពន្យល់ខ្ញុំថា កាលពីឆ្នាំ១៩៤៥ ទីក្រុងរបស់យើងបានក្លាយជាទីក្រុងដំបូង ក្នុងប្រវត្តិសាស្រ្ត ដែលបានដាក់សារធាតុផ្លូអ័រ៉ាយ ក្នុងប្រព័ន្ធចែកចាយទឹកផឹកសាធារណៈ។ គេបានគិតឃើញថា ជាតិផ្លូអ័រ៉ាយអាចជួយការពារការពុកធ្មេញបាន ដោយគេមិនតម្រូវឲ្យដាក់សារធាតុនេះច្រើនទេ គឺគ្រាន់ ០.៧ មីលីក្រាម នៅក្នុងទឹកមួយលីត្រ។ សម្រាប់អ្នកជំនាញដែលបានទទួលការបណ្ដុះបណ្តាល គេអាចយល់ច្បាស់ អំពីអត្ថប្រយោជន៍ជាវិជ្ជមានរបស់វាបាន។ ប៉ុន្តែ ខ្ញុំមិនបានដឹងសោះថា ខ្ញុំបានផឹកវាពេញមួយជីវិតខ្ញុំហើយ។
អ្វីៗដែលយើងប្រើជារៀងរាល់ថ្ងៃ អាចមានផលប៉ះពាល់មកលើយើង ក្នុងរយៈពេលវែង។ ការនេះមិនគ្រាន់តែសំដៅទៅលើអាហារ និងភេសជ្ជៈប៉ុណ្ណោះទេ តែក៏សំដៅទៅលើការកម្សាន្ត មិត្តភក្តិ និងបណ្ដាញសង្គមផងដែរ។ សាវ័កប៉ុលបានដាស់តឿនយើងថា “កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង” (រ៉ូម ១២:២)។ ព្រះវិញ្ញាណបរិសុទ្ធកំពុងតែកែប្រែពួកសាវ័ករបស់ព្រះយេស៊ូវ ឲ្យកាន់តែមានចារិតលក្ខណៈដូចព្រះអង្គ តែដំណើរការនៃការផ្លាស់ប្រែនេះត្រូវការពេលវេលា។ ទម្លាប់របស់យើងអាចរួមចំណែក ក៏ដូចជារារាំងព្រះរាជកិច្ចរបស់ព្រះអង្គ។ យើងមិនតែងតែមានភាពងាយស្រួល នៅក្នុងការសំគាល់អ្វីៗដែលយើងកំពុងប្រើ ឲ្យដឹងថាល្អឬអាក្រក់ តែយើងអាចទូលសូមព្រះ ដែលមានប្រាជ្ញា និងព្រះដំរិះជាបរិបូរ ឲ្យបង្ហាញយើង (១១:៣៣)។ ប្រាជ្ញាមកពីព្រះអង្គជួយយើងឲ្យ “អាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ” (១២:២) ហើយទន្ទឹមនឹងនោះ យើងពិនិត្យមើលខ្លួនឯង ដោយ “គំនិតនឹងធឹង” (ខ.៣)។
ទោះព្រះអង្គបង្គាប់ឲ្យយើងបន្ថែម ឬដកចេញអ្វីក៏ដោយ ពីជីវិតរបស់យើង យើងចាំបាច់ត្រូវធ្វើតាមបំណងព្រះទ័យព្រះអង្គ។ “ដ្បិតរបស់សព្វសារពើបានកើតមកពីទ្រង់ ដោយសារទ្រង់ ហើយសំរាប់ទ្រង់” (១១:៣៦)។ ដូចនេះ គ្មាននរណាដឹងច្បាស់ជាងព្រះអង្គឡើយ។—KAREN PIMPO
តើអ្នកមានទម្លាប់អ្វី ដែលបង្ហាញថា ព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការ ក្នុងជីវិតអ្នក? តើមានអ្វីដែលកំពុងរារាំងព្រះអង្គមិនឲ្យធ្វើការ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះវិញ្ញាណបរិសុទ្ធ ដែលកំពុងធ្វើការនៅក្នុង និងតាមរយៈជីវិតទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១៦-១៧ និង កិច្ចការ ២០:១-១៦