
ការល្បងលសេចក្តីជំនឿ
ដោយMatt Lucas
July 27, 2025
១កូរិនថូស ៤:៩-១៣
យើងខ្ញុំបានត្រឡប់ជាទីដែលសំរាប់ឲ្យលោកីយបានមើលលេង គឺដល់ទាំងពួកទេវតា នឹងពួកមនុស្សផង។ ១កូរិនថូស ៤:៩
កាលពីឆ្នាំ៣០៤ នៃគ្រីស្ទសករាជ អធិរាជនៃចក្រភពរ៉ូម៉ាំង ព្រះនាម ម៉ាក់ស៊ីមៀន (MAXIMIAN) បានចូលទីក្រុងនីកូមេឌា ដោយភាពជោគជ័យក្នុងសឹកសង្រ្គាម។ ទ្រង់បានបង្គាប់ឲ្យមានការដង្ហែក្បួនទ័ព ខណៈពេលដែលប្រជាជនក្នុងទីក្រុងជួបជុំគ្នា ដើម្បីអរគុណព្រះរបស់សាសន៍ដទៃ សម្រាប់ជ័យជម្នះរបស់ពួកគេ លើកលែងតែព្រះវិហារគ្រីស្ទបរិស័ទមួយកន្លែង ដែលមានពេញដោយមនុស្សដែលថ្វាយបង្គំព្រះពិតតែមួយ។ អធិរាជ ម៉ាក់ស៊ីមៀនក៏បានចូលក្នុងព្រះវិហារនោះ ដោយចេញឱសានវាទ ឲ្យពួកគេប្រកាសឈប់ជឿព្រះគ្រីស្ទ ពុំនោះទេ ពួកគេនឹងត្រូវទទួលទោសប្រហារជីវិត។ ពួកគេក៏បានបដិសេធមិនព្រមបោះបង់ចោលសេចក្តីជំនឿឡើយ។ គេក៏បានប្រហារជីវិតពួកគេទាំងអស់គ្នា នៅពេលដែលអធិរាជអង្គនេះបានបង្គាប់ឲ្យគេដុតព្រះវិហារនេះ ដោយមានអ្នកជឿទាំងអស់នៅខាងក្នុង។
សាវ័កប៉ុលបានយល់អំពីការលះបង់ ក្នុងការដើរតាមព្រះគ្រីស្ទ។ ក្នុងបទគម្ពីរ ១កូរិនថូស ជំពូក៤ គាត់បានប្រឈមមុខដាក់អ្នកជឿព្រះ ក្នុងទីក្រុងកូរិនថូស ជាទឹកដីរបស់សាសន៍ក្រិក ដោយទីបន្ទាល់របស់គាត់។ គាត់បានលើកឡើងថា ពួកសាវ័កបានរងទុក្ខថ្វាយព្រះយេស៊ូវ និងដើម្បីពួកគេរាល់គ្នា។ ពួកគេបាន “ត្រឡប់ជាទីដែលសំរាប់ឲ្យលោកីយបានមើលលេង គឺដល់ទាំងពួកទេវតា នឹងពួកមនុស្សផង” (ខ.៩) ដោយសារពួកគេធ្វើការបម្រើព្រះគ្រីស្ទ។
ស្រដៀងគ្នានេះដែរ សាវ័ក ពេត្រុសក៏បានក្រើនរំឭកយើង អំពីការរងទុក្ខរបស់ព្រះយេស៊ូវ ជំនួសយើង។ គឺដូចដែលគាត់បានបង្រៀនយើងថា “កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ ខណៈដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហកកំហែងដល់គេដែរ គឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ” (១ពេត្រុស ២:២៣)។
សព្វថ្ងៃនេះ អ្នកជឿព្រះយេស៊ូវជាច្រើនកំពុងរងទុក្ខ ដោយសារជំនឿរបស់ពួកគេ។ សូមឲ្យការទាស់ប្រឆាំងដែលយើងជួបប្រទះ បានក្លាយជាឱកាស សម្រាប់ឲ្យយើងបង្ហាញឲ្យគេស្គាល់ចំណុចខ្លាំងរបស់ជំនឿ ដែលយើងមានចំពោះព្រះគ្រីស្ទ ដូចពួកជំនុំនៅទីក្រុងនីកូមេឌានផងដែរ។ យើងអាចថ្វាយជីវិតរបស់យើង ដល់ព្រះដែលជំនុំជម្រះដោយយុត្តិធម៌។—MATT LUCAS
តើនៅពេលណាអ្នកមានអារម្មណ៍ថា ចង់សងសឹក ដោយសារគេប្រព្រឹត្តដោយអយុត្តិធម៌
មកលើជំនឿរបស់អ្នក? តើអ្នកនឹងទុកចិត្តលើការការពាររបស់ព្រះដូចម្តេចខ្លះ?
ឱព្រះវរបិតា ទោះទូលបង្គំប្រឈមមុខដាក់បញ្ហាអ្វីក៏ដោយ នៅថ្ងៃនេះ
សូមព្រះអង្គជួយទូលបង្គំឲ្យថ្វាយជីវិតទូលបង្គំដល់ព្រះអង្គ តាមគំរូព្រះយេស៊ូវផងដែរ។
VISIT ODBU.ORG/CA101 TO LEARN HOW THE BIBLE CAN HELP YOU DEFEND YOUR FAITH.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៤៣-៤៥ និង កិច្ចការ ២៧:២៧-៤៤