
ធ្វើជាកូនក្នុងគ្រួសាររបស់ព្រះ
ដោយKenneth Petersen
August 2, 2025
រ៉ូម ៨:៩-១៧
ព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ។ រ៉ូម ៨:១៦
កាលពីឆ្នាំ ១៨៦៣ លោកអេដវិន(Edwin) កំពុងឈរនៅចំណតរថភ្លើង ក្នុងទីក្រុងជើស៊ី។ គាត់ឃើញយុវជនម្នាក់ត្រូវហ្វូងមនុស្សរុញច្រានផ្ទប់នឹងរថភ្លើង ខណៈពេលដែលគេកំពុងបញ្រ្ចៀតគ្នា។ យុវជននោះក៏បានធ្លាក់ចេញពីកន្លែងឈររង់ចាំរថភ្លើង ចូលទៅក្នុងផ្លូវរថភ្លើង។ រថភ្លើងបានចាប់ផ្តើមធ្វើដំណើរទៅមុខ។ លោកអេដវិនក៏បានឈោងទៅរកយុវជននោះទាន់ពេលវេលា ដោយទាញគាត់ចេញពីផ្លូវរថភ្លើង ដោយសុវត្ថិភាព។
យុវជនដែលគាត់បានសង្គ្រោះនៅថ្ងៃនោះ គឺជាលោក រ៉ូបឺត ថត លីនខិន(Robert Todd Lincoln) ដែលជាកូនប្រុសរបស់លោកប្រធានាធិបតីអាមេរិក អ័ប្រាហាំ លិនខិន(Abraham Lincoln)។ ក្រោយមក លោករ៉ូបឺត ក៏បានសរសេរថា គាត់ស្គាល់មុខអ្នកជួយសង្គ្រោះគាត់យ៉ាងច្បាស់ ព្រោះលោក អេដវិន ប៊ូត គឺជាតារាសម្ដែងដ៏ល្បី។ តាមពិត លោកអេដវិន គឺជាប្អូនប្រុសរបស់តួសម្ដែងម្នាក់ទៀត ឈ្មោះ ចន វ៉ាយ ប៊ូត(John Wilkes Boot) ដែលនឹងធ្វើឃាតលោកប្រធានាធិបតី ពីរឆ្នាំក្រោយមកទៀត។
នេះជារឿងចម្លែកក្នុងប្រវត្តិសាស្រ្ត ដែលបានឆ្លុះបញ្ចាំងអំពីការពិត សម្រាប់យើង។ យើងមិនអាចសម្រេចចិត្តថា យើងចង់ចាប់កំណើតនៅក្នុងគ្រួសារណាមួយនោះឡើយ។ បងប្អូនបង្កើត ឬឪពុកម្តាយរបស់យើងប្រហែលជាបានធ្វើអ្វីមួយខុស។ យើងប្រហែលជាបានបង្កភាពរញ៉េរញ៉ៃក្នុងគ្រួសារ។ ប៉ុន្តែ ព្រះគម្ពីរប៊ីបបានចែងអំពីផែនការសម្រាប់គ្រួសាររបស់ព្រះ យ៉ាងដូចនេះថា “អស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ”(រ៉ូម ៨:១៤)។ ក្នុងនាមយើងជាកូនរបស់ព្រះអង្គ យើងជាអ្នកស្នងមរតករបស់ព្រះអង្គ(ខ.១៧)។ អ្វីដែលអស្ចារ្យនោះគឺ ព្រះគម្ពីរបានឲ្យយើងហៅព្រះអង្គថា “អ័ប្បា ព្រះវរបិតា”(ខ.១៥)។
យើងប្រហែលជាបានតយុទ្ធនឹងបញ្ហាក្នុងគ្រួសាររបស់យើង នៅលើផែនដី តាំងពីរយូរមកហើយ។ ប៉ុន្តែ យើងអាចមានការកម្សាន្តចិត្ត ដោយដឹងថា ព្រះទ្រង់បានកែប្រែអត្តសញ្ញាណខាងវិញ្ញាណយើង។ ព្រះអង្គបានទទួលយើង ធ្វើជាកូនក្នុងគ្រួសាររបស់ព្រះអង្គ។ ដែលសំខាន់បំផុតនោះ គឺព្រះអង្គបានឲ្យយើងហៅព្រះអង្គថា ព្រះវរបិតា។—Kenneth Petersen
តើការដែលអ្នកបានក្លាយជាផ្នែកមួយនៃគ្រួសាររបស់ព្រះ មានន័យយ៉ាងណា សម្រាប់អ្នក?
តើការនេះបានជំរុញអ្នក ឲ្យរស់នៅខុសប្លែកពីមុនឬទេ?
ឱអ័ប្បាព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានទទួលទូលបង្គំ ធ្វើជាកូន ក្នុងគ្រួសាររបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៦០-៦២ និង រ៉ូម ៥