
រស់នៅក្រោមការដឹកនាំរបស់ព្រះវិញ្ញាណ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 2, 2025
«កុំឲ្យស្រវឹងស្រាដែលនាំឲ្យព្រើលចិត្តឡើយ តែចូរឲ្យបានពេញជាព្រះវិញ្ញាណវិញ ហើយនិយាយគ្នាទៅវិញទៅមក ដោយបទទំនុកតម្កើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ ទាំងច្រៀង ហើយសរសើរដល់ព្រះអម្ចាស់ដោយចិត្ត»(អេភេសូរ ៥:១៨-១៩)។
នៅពេលខ្លះ ក្នុងជីវិតយើងមានរឿងដែលកើតឡើងផ្ទួនៗគ្នាដូចជាពេលដែលកូនយើងចាប់កំណើត ឬយើងផ្លាស់ប្តូរទីលំនៅទៅខេត្តផ្សេង។ ពេលនោះយើងប្រហែលមានអារម្មណ៍ថា មានរឿងជាច្រើនដែលកើតឡើងក្នុងពេលតែមួយ។ ការចាប់ផ្តើមជីវិតថ្មីក្នុងព្រះគ្រីស្ទ អាចជាឧទាហរណ៍ដែលប្រសើរបំផុត។ ពេលណាយើងជឿព្រះយេស៊ូវមានការផ្លាស់ប្តូរជាច្រើនកើតឡើងក្នុងពេលតែមួយ ដោយយើងត្រូវបានរាប់ជាសុចរិតដោយសារជំនឿ យើងបានទទួលចូលមកក្នុងគ្រួសាររបស់ព្រះ យើងបានក្លាយជាកូនរបស់ព្រះអង្គ ហើយព្រះវិញ្ញាណបរិសុទ្ធក៏បានគង់សណ្ឋិតក្នុងចិត្តយើង។
នៅពេលដែលនរណាម្នាក់ជឿព្រះយេស៊ូវ ព្រះវិញ្ញាណបរិសុទ្ធចាប់ផ្តើមគង់នៅក្នុងពួកគេ ដោយនាំឲ្យពួកគេមានបំណងចិត្ត និងអំណាច ដើម្បីធ្វើការអ្វីដែលព្រះអង្គសព្វព្រះទ័យ។ គ្រីស្ទបរិស័ទម្នាក់ៗចាំបាច់ត្រូវដកពិសោធន៍ជាមួយការបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ នេះជាសិទ្ធិដែលយើងទទួលបាន កាលយើងកើតជាថ្មី ដោយសារយើងបានទទួលជឿព្រះគ្រីស្ទ។
ព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងយើងអាចសោកសង្រេង ដោយសារយើងមិនស្តាប់បង្គាប់ព្រះអង្គ (អេភេសូរ ៤:៣០)។ យើងក៏ងាយនឹងទទួលឥទ្ធិពលពីអ្វីផ្សេង ហេតុនេះហើយសាវ័ក ប៉ុល បានលើកឡើងថា យើងមិនអាចស្ថិតនៅក្រោមឥទ្ធិពលនៃព្រះវិញ្ញាណ និងស្រាក្នុងពេលតែមួយបានទេ។ យើងត្រូវតែដឹងថា បើយើងជាកូនរបស់ព្រះ យើងមិនអាចដកខ្លួនយើងចេញពីការគ្រប់គ្រងរបស់ព្រះ ដែលជាឪពុករបស់យើងបានទេ ព្រោះការរស់នៅដោយមិនស្តាប់បង្គាប់អាចដកយើងចេញពីព្រះពរ ព្រះវត្តមាន និងក្តីអំណររបស់ព្រះអង្គក្នុងនាមជាឪពុករបស់យើង។ កូនដែលមិនស្តាប់បង្គាប់ឪពុកម្តាយយ៉ាងគឃ្លើន នៅតែអាចអង្គុយនៅតុអាហារពេលព្រឹក ដោយដឹងថា គាត់នៅតែជាកូនរបស់ឪពុកម្តាយគាត់ តែការអរសប្បាយនឹងទំនាក់ទំនងក្នុងគ្រួសារ នឹងថយចុះ។ យើងក៏ដូច្នោះដែរ។ យើងមិនអាចរស់នៅដោយការមិនស្តាប់បង្គាប់ យើងមិនអាចបណ្តោយឲ្យគំនិត និងអាទិភាពផ្សេង ឬសារធាតុអ្វីមួយដឹកនាំយើង ហើយទន្ទឹមនឹងនោះ ពេញដោយព្រះវិញ្ញាណបរិសុទ្ធបានឡើយ។
នេះមិនមែនជាបញ្ហាដែលយើងអាចដោះស្រាយ តាមផ្លូវរបស់យើងបានទេ។ យើងមិនមែនជាអ្នកបំពេញខ្លួនឯងដោយព្រះវិញ្ញាណបរិសុទ្ធឡើយ។ យើងមិនគ្រាន់តែទទួលភាពពេញលេញនៃព្រះវិញ្ញាណបរិសុទ្ធពីព្រះទេ ប៉ុន្តែយើងមានការអរសប្បាយនឹងភាពពេញលេញរបស់ព្រះអង្គ គឺដោយសារព្រះអង្គប៉ុណ្ណោះ។ យើងមិនអាចបំពេញដោយខ្លួនឯងបានទេ តែយើងអាច និងត្រូវតែបើកចំហចិត្តឲ្យព្រះបំពេញយើង។ ជីវិតគ្រីស្ទបរិស័ទត្រូវតែបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ ដែលជា «ការមានផលផ្លែខាងវិញ្ញាណ» (កាឡាទី ៥:២២) ដែលនឹងបង្ហាញចេញមកបន្តិចម្តងៗកាន់តែច្បាស់ឡើង។
ជីវិតរបស់អ្នក និងពួកជំនុំនីមួយៗ មានតម្រូវការធំមួយ គឺជាការពេញដោយព្រះវិញ្ញាណ ដែលត្រូវឲ្យព្រះអង្គដឹកនាំ មិនមែនឲ្យអ្វីផ្សេងដឹកនាំនោះទេ។ ការនេះនឹងនាំមកនូវការផ្លាស់ប្រែ ក្តីអំណរ សន្តិភាព និងក្តីស្រឡាញ់ ហើយក៏បណ្តាលឲ្យចិត្តយើងច្រៀងសរសើរតម្កើងព្រះគ្រីស្ទយ៉ាងហូរហៀរ ពេលណាយើងជួបជុំគ្នា។ ដូចនេះ ចូរយើងអធិស្ឋានសូមព្រះអង្គបំពេញយើងជាថ្មី នូវព្រះវិញ្ញាណយ៉ាងដូចនេះថា៖
សូមព្រះវិញ្ញាណបរិសុទ្ធ បំពេញចិត្តទូលបង្គំ
ហើយរំដោះទូលបង្គំឲ្យរួចចំណងលោកីយ៍ ព្រមទាំងដឹកនាំទូលបង្គំគ្រប់ជំហាន។
សូមព្រះអង្គបង្ហាញព្រះចេស្ដា តាមរយៈសេចក្តីកម្សោយរបស់ទូលបង្គំ។
សូមបង្រៀនទូលបង្គំឲ្យស្រឡាញ់ព្រះអង្គ តាមដែលសមគួរ។1
ព្រះគម្ពីរសញ្ជឹងគិត៖ អេសេគាល ១១:១៤-២០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៦០-៦២ និងកិច្ចការ ២២