
នគរដែលល្អឥតខ្ចោះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 3, 2025
«ឯព្រះអង្គដែលគង់លើបល្ល័ង្ក ទ្រង់មានព្រះបន្ទូលថា មើលអញធ្វើទាំងអស់ឡើងជាថ្មី»(វិវរណៈ ២១:៥)។
មនុស្សម្នាក់ៗចង់ដឹងថា រឿងនីមួយៗមានការបញ្ចប់ដូចម្តេចខ្លះ។ កណ្ឌគម្ពីរវិវរណៈបានផ្តល់ឱកាសឲ្យយើងបើកមើលទំព័រចុងក្រោយនៃព្រះគម្ពីរប៊ីប ដើម្បីឲ្យយើងអាចដើរឆ្ពោះទៅរកចុងបញ្ចប់នៃប្រវត្តិសាស្ត្រ ដោយជំនឿ ទំនុកចិត្ត និងក្តីអំណរកាន់តែខ្លាំងឡើង។
ព្រះគម្ពីរប៊ីបបានចែងច្បាស់ថា ប្រវត្តិសាស្ត្រទាំងមូលកំពុងបោះជំហានឆ្ពោះទៅគោលដៅចុងក្រោយ។ ព្រះអម្ចាស់បានបង្កើតមនុស្សប្រុសស្រីដោយឲ្យពួកគេដឹងថា មានរឿងជាច្រើនដែលនឹងកើតមានបន្ទាប់ពីយើងស្លាប់ទៅ នេះជារឿងដែលសំខាន់ខ្លាំងណាស់។ ជាការពិតណាស់ ព្រះអង្គបានដាក់ភាពអស់កល្បជានិច្ចនៅក្នុងជម្រៅចិត្តយើងរួចជាស្រេចហើយ (សាស្តា ៣:១១)។
សាសនា និងទស្សនវិជ្ជានីមួយៗបានព្យាយាមបកស្រាយអំពីប្រវត្តិសាស្ត្រ។ ឧទាហរណ៍ សាសនាហិណ្ឌូបានបង្រៀនថា យើងកំពុងរស់នៅក្នុងការពិតមួយ ដែលមិនមែនកំពុងធ្វើដំណើរទៅមុខ ឆ្ពោះទៅរកគោលដៅមួយឡើយ តែកំពុងធ្វើដំណើរក្រឡឹងជុំវិញជារង្វង់នៅលើវាលវដ្តសង្សារ បានសេចក្តីថា ប្រវត្តិសាស្ត្រមានភាពច្រំដែល។ ទស្សនវិជ្ជាធម្មជាតិនិយមដែលមិនជឿថាព្រះមានពិតមែន បានបដិសេធថា ប្រវត្តិសាស្ត្រគ្មានគំរូ គ្មានគោលបំណង ឬគ្មានគោលដៅឡើយ តែប្រវត្តិសាស្ត្រគឺជារឿងនិទានអំពីអាតូមដែលរៀបចំខ្លួនឯងឡើងវិញ (ហើយមនុស្សម្នាក់ៗក៏ដូច្នោះដែរ)។ ទោះជាយ៉ាងណាក៏ដោយ គ្រីស្ទានទទួលស្គាល់ថា ព្រះគម្ពីរប៊ីបបានបង្ហាញថា ប្រវត្តិសាស្ត្រមានលក្ខណៈជាខ្សែបន្ទាត់ ដែលមានចំណុចចាប់ផ្តើម ហើយមានចំណុចបញ្ចប់ ហើយក៏មានគោលបំណងនៅក្នុងទិសដៅរបស់ខ្លួន។ ព្រះជន្ម ការសុគត ការមានព្រះជន្មរស់ឡើងវិញ និងការយាងមកវិញរបស់ព្រះយេស៊ូវ គឺជាខ្លឹមសារដែលជាចំណុចស្នូលនៃប្រវត្តិសាស្ត្រទាំងមូល។ ដូចនេះ យើងត្រូវយល់អំពីរឿងរបស់មនុស្សជាតិទាំងមូលដោយផ្អែកទៅលើគោលការណ៍នេះ។ ព្រះយេស៊ូវនឹងយាងមកវិញ ព្រះអង្គនឹងសម្រេចផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះ ហើយព្រះអង្គនឹងប្រទាននគរដ៏ឥតខ្ចោះរបស់ព្រះ។ ព្រះអង្គនឹងធ្វើឲ្យការទាំងអស់ថ្មីឡើង ហើយឥតខ្ចោះ។
តើនគរដ៏ឥតខ្ចោះដែលព្រះយេស៊ូវនឹងប្រទានឲ្យយើងមានលក្ខណៈដូចម្តេច? នគរនោះមានឈើឆ្កាងរបស់ព្រះអង្គជាចំណុចស្នូល។ គឺជាទីក្រុង និងជីវិតមនុស្សដែលកែប្រែចិត្ត ហើយពលរដ្ឋក្នុងទីក្រុងនោះក្រាបបង្គំនៅចំពោះព្រះយេស៊ូវ ព្រះអង្គជាក្សត្រ។ គឺជាទីក្រុងដែលមានក្តីស្រឡាញ់ និងយុត្តិធម៌ មានសេចក្តីអាណិត និងសន្តិភាព។ នគរនេះរីកលូតលាស់ ហើយឈានទៅដល់ចុងបំផុតនៃផែនដី ហើយដល់ពេលកំណត់ដែលយើងមិនដឹង ព្រះវរបិតានឹងប្រគល់ប្រជាជាតិទាំងឡាយដល់ព្រះរាជបុត្រាធ្វើជាមរតក (ទំនុកតម្កើង ២:៨)។
សូម្បីតែក្នុងពេលសព្វថ្ងៃ ព្រះអង្គកំពុងសម្រេចផែនការរបស់ព្រះអង្គតាមព្រះទ័យដ៏អាថ៌កំបាំងទ្រង់។ នៅពេលដែលសាវ័ក យ៉ូហាន កត់ត្រាអំពីគ្រាចុងក្រោយ គាត់បានរំឭកយើងថា «សេចក្តីសង្គ្រោះជារបស់ព្រះនៃយើង»(វិវរណៈ ៧:១០)។ បើសេចក្តីសង្គ្រោះជារបស់កម្មសិទ្ធិរបស់អ្នកផ្សេង ឬមានដំណើរទៅមុខដោយភាពចៃដន្យ នោះផែនការរបស់ព្រះមិនអាចសម្រេចបានទេ។ ប៉ុន្តែ ព្រះអង្គជាអ្នកតាក់តែងប្រវត្តិសាស្ត្រ និងជាអ្នកគ្រប់គ្រងពេលអនាគត។ ព្រះអង្គមានគោលបំណងចង់សង្គ្រោះរាស្រ្តព្រះអង្គ ហើយព្រះអង្គនឹងសង្គ្រោះពួកគេ។ ថ្ងៃមួយ យើងនឹងបានឮព្រះអង្គមានបន្ទូលថា «ការស្រេចហើយ»(២១:៦)។
ព្រះទ្រង់បានចាប់ផ្តើមព្រះរាជកិច្ចជួយសង្គ្រោះយើង តាមរយៈការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ ហើយថ្ងៃមួយ ព្រះអង្គនឹងដាក់អ្វីៗទាំងអស់នៅក្រោមការគ្រប់គ្រងរបស់ព្រះយេស៊ូវ។ ដូចនេះ បើយើងបានរួបរួមជាមួយព្រះគ្រីស្ទ យើង «វិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត»(រ៉ូម ៨:៣៧)។ ហើយនឹងបានគ្រងរាជ្យជាមួយព្រះរាជបុត្រាអស់កល្បជានិច្ច។ តើយើងនឹងឆ្លើយតបដូចម្តេច? គឺដោយជំនឿ ការទុកចិត្ត និងក្តីអំណរ! យើងមិនដឹងថា ជីវិតយើងនឹងទៅជាយ៉ាងណាទេ តែយើងដឹងថា រឿងនៃជីវិតយើងនឹងបញ្ចប់ដូចម្តេច ហើយដឹងថា ភាពអស់កល្បរបស់យើងចាប់ផ្តើមដូចម្តេច។ ដូចនេះ យើងអាចអធិស្ឋានដោយការរំពឹងរង់ចាំថា ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមរាជ្យព្រះអង្គមកដល់ (ម៉ាថាយ ៦:៩-១០)។
ព្រះគម្ពីរសញ្ជឹងគិត៖ អេសាយ ៦០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៦៣-៦៥ និងកិច្ចការ ២៣:១-១៥