
សន្តិភាពក្នុងការទូលថ្វាយដល់ព្រះអង្គ
ដោយXochitl Dixon
August 3, 2025
ភីលីព ៤:៤-១១
យ៉ាងនោះសេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត ហើយនឹងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ។ ភីលីព ៤:៧
មានពេលមួយ ខាយឡា(Kayla) បានជ្រួញចិញ្ចើម ខណៈពេលដែលគាត់ដាក់ក្រដាសមួយសន្លឹកទៀត ចូលទៅក្នុងប្រអប់ដែលបានផ្ទុកឥវ៉ាន់លើសចំណុះ។ នៅលើជ្រុងទាំងបួនរបស់ប្រអប់នេះ មានអក្សរសរសេរពីលើថា “ថ្វាយដល់ព្រះ”។ គាត់ដកដង្ហើមធំ ខណៈពេលដែលគាត់រកមើលសំណូមពរអធិស្ឋាន ដែលគាត់បានសរសេរនៅលើក្រដាស់ ដាក់ក្នុងប្រអប់នោះ កាលពីពេលកន្លងមក។ គាត់ក៏បានប្រាប់មិត្តភក្តិគាត់ថា “ខ្ញុំបានយកសំណូមពរអធិស្ឋាននេះ មកអានឮៗជារៀងរាល់ថ្ងៃ។ តើធ្វើដូចម្តេចឲ្យខ្ញុំអាចដឹងច្បាស់ថា ព្រះអង្គបានស្តាប់ឮខ្ញុំ?” ចាន់ធែល(Chantel) ដែលជាមិត្តភក្តិរបស់គាត់ ក៏បានហុចព្រះគម្ពីរប៊ីបមួយក្បាលដល់គាត់ ហើយប្រាប់គាត់ថា “យើងអាចដឹងច្បាស់ ដោយទុកចិត្តថា ព្រះអង្គធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ ហើយថ្វាយពាក្យទូលសូមរបស់យើង ទៅក្នុងព្រះហស្តរបស់ព្រះអង្គ”។
សាវ័កប៉ុលបានជំរុញអ្នកជឿព្រះយេស៊ូវ ឲ្យ “អរសប្បាយក្នុងព្រះអម្ចាស់” ហើយបានប្រាប់យើងនូវហេតុផលដែលត្រូវអរសប្បាយ ដោយបញ្ជាក់ថា ព្រះអម្ចាស់គង់នៅជិតយើង(ភីលីព ៤:៤-៥)។ គាត់បានលើកទឹកចិត្តរាស្រ្តរបស់ព្រះអង្គ ឲ្យជំនួសការថប់បារម្ភ ដោយការអធិស្ឋានដែលមានពេញដោយជំនឿ ដោយជឿថា ព្រះអង្គទទួលសេចក្តីសំណូមនីមួយៗ ហើយសរសើរដំកើងព្រះអង្គ ខណៈពេលដែលយើងកំពុងសម្រាកនៅក្នុងសេចក្តីសុខសាន្ត នៃព្រះវត្តមានដ៏ស្ថិតស្ថេររបស់ព្រះអង្គ(ខ.៦-៧)។
ព្រះយេស៊ូវ ជាព្រះអម្ចាស់នៃសន្តិភាព ដែលការពារសុខភាពផ្លូវអារម្មណ៍ និងផ្លូវចិត្តរបស់យើង ពេលណាយើងបង្វែរគំនិតយើង ងាកទៅគិតអំពីសេចក្តីអ្វីដែលចង្អុលបង្ហាញទៅរកព្រះអង្គ ដែលមានដូចជា “សេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ” ជាដើម(ខ.៨)។
សេចក្តីសុខសាន្តរបស់ព្រះការពារយើង ពេលណាយើងទុកចិត្តថា ព្រះនៃសេចក្តីសុខសាន្តគង់នៅជាមួយយើង។ ពេលណាយើងមានសេរីភាព រួចផុតពីបន្ទុកនៃការព្រួយបារម្ភ យើងអាចដកពិសោធន៍ជាមួយនឹងសន្តិភាព ក្នុងការថ្វាយសេចក្តីសំណូម និងពាក្យទូលអង្វរ ទៅក្នុងព្រះហស្តរបស់ព្រះ ដែលយើងអាចទុកចិត្តបាន។—Xochitl Dixon
តើព្រះទ្រង់បានប្រើព្រះគម្ពីរប៊ីបដូចម្តេចខ្លះ ដើម្បីជួយអ្នកឲ្យទុកចិត្តថា ព្រះអង្គស្តាប់ឮអ្នកអធិស្ឋាន?
តើអ្នកមានការព្រួយបារម្ភអ្វី ដែលអ្នកកំពុងឱបក្រសោប ជាជាងថ្វាយវាទៅដល់ព្រះ ដោយការអធិស្ឋាន?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានសន្តិភាពក្នុងចិត្តទូលបង្គំ
ពេលណាទូលបង្គំថ្វាយការព្រួយបារម្ភរបស់ទូលបង្គំ ទៅក្នុងព្រះហស្តរបស់ព្រះអង្គ។
Visit ODBU.org/SF120 to learn how you can deepen your relationship with God through prayer.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៦៤-៦៥ និង រ៉ូម ៦