
អ្នកបម្រើដែលមិនស័ក្ដិសមរបស់ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 16, 2025
«រួចលោកអធិស្ឋានដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាអើយ តើមិនមែនជាសេចក្តីនេះឯងដែលទូលបង្គំបានថា ក្នុងកាលដែលទូលបង្គំនៅឯស្រុករបស់ទូលបង្គំនៅឡើយទេឬអី គឺដោយហេតុនោះបានជាទូលបង្គំខំរត់ទៅឯក្រុងតើស៊ីសវិញ ពីព្រោះទូលបង្គំបានដឹងថា ទ្រង់ជាព្រះដ៏ប្រកបដោយករុណាគុណ ក៏មានព្រះហឫទ័យអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរសជាបរិបូរ ក៏តែងតែប្រែគំនិតចេញពីការអាក្រក់ផង... តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបនឹងលោកថា ការដែលឯងខឹងដូច្នេះតើគួរឬ?»(យ៉ូណាស ៤:២,៤)។
ពេលណាក្មេងៗធ្វើអ្វីខុស ពួកគេច្រើនតែស្វែងរកការអត់ទោសពីឪពុកម្តាយ ប៉ុន្តែពេលដែលឪពុកម្តាយបានអត់ទោសឲ្យពួកគេហើយ ពួកគេក៏បាននិយាយថា «កូនដឹងថាកូនបានធ្វើខុស ប៉ុន្តែ...កូនបានធ្វើ ដោយហេតុផលដ៏ល្អឥតខ្ចោះ»។ យើងឃើញថា ពួកគេបានដោះសា តាមរបៀបស្រដៀងនឹងហោរា យ៉ូណាស ផងដែរ។ ព្រះទ្រង់បានអត់ទោសឲ្យគាត់ លើកគាត់ឡើង ហើយនាំគាត់ឲ្យដើរផ្លូវត្រូវវិញ ប៉ុន្តែគាត់នៅតែព្យាយាមលើកហេតុផលការពារការមិនស្តាប់បង្គាប់របស់គាត់។ គាត់នៅតែមានកំហឹង និងប្រកែកជាមួយព្រះអង្គ ខណៈពេលដែលគាត់អធិស្ឋាន ដែលការធ្វើដូចនេះ គឺមិនងាយស្រួលទេ។
ចូរយើងកត់សម្គាល់ថា គាត់បានប្រើពាក្យ «ទូលបង្គំ» ប៉ុន្មានដង នៅក្នុងការប្រកែកជាមួយព្រះអង្គ។ គាត់បាននិយាយអំពីខ្លួនឯងច្រើនពេក ដូចនេះគាត់គិតអំពីខ្លួនឯងក្នុងចិត្តគាត់ច្រើនពេក ពេលដែលគាត់លើកយករឿងគាត់មកប្រកែកជាមួយព្រះអង្គ។ គាត់ទំនងគិតស្នានយ៉ាងល្ងង់ខ្លៅថា ផ្លូវរបស់គាត់ល្អជាងផ្លូវរបស់ព្រះអង្គ។
ការរអ៊ូរទាំរបស់លោក យ៉ូណាស ក៏បានចាក់ឫសចូលជ្រៅទៅក្នុងការមានស្តង់ដារពីរ។ ទោះគាត់ទើបតែបានទទួលសេចក្តីអាណិត និងសេចក្តីមេត្តារបស់ព្រះក៏ដោយ ក៏គាត់នៅតែមិនចង់ឲ្យព្រះអង្គបង្ហាញសេចក្តីមេត្តាដូចនោះដល់មនុស្ស ដែលគាត់មិនចង់ឲ្យព្រះអង្គប្រោសលោះ។
លោក យ៉ូណាស មានបញ្ហាធំមួយជាមួយព្រះគុណនៃការគ្រប់គ្រងរបស់ព្រះ។ គាត់ខឹង ព្រោះព្រះអង្គបានធ្វើ តាមរបៀបដែលគាត់មិនយល់ ឬមិនគាំទ្រ។ ប៉ុន្តែ ព្រះអម្ចាស់បានប្រកាសតាំងពីយូរមកហើយថា «អញនឹងប្រោសដល់អ្នកណាដែលអញចង់ប្រោស ហើយនឹងផ្សាយសេចក្តីមេត្តាករុណាដល់អ្នកណាដែលអញចង់ផ្សាយឲ្យ»(និក្ខមនំ ៣៣:១៩)។ មនុស្សមិនអាចយល់អំពីព្រះគុណរបស់ព្រះសម្រាប់មនុស្សមានបាបបានទេ។ មនុស្សមិនអាចយល់អំពីមូលហេតុដែលព្រះអង្គប្រទានព្រះគុណ តែព្រះគុណព្រះអង្គបានឆ្លុះបញ្ចាំងឲ្យគេដឹងថា ព្រះអង្គជានរណា។
នៅក្នុងការឆ្លើយតប ចំពោះប្រតិកម្មរបស់លោក យ៉ូណាស ព្រះអម្ចាស់មិនបានសួរថា តើគាត់ខឹង ឬអត់ទេ ប៉ុន្តែព្រះអង្គសួរថា ការដែលគាត់ខឹងដូច្នេះ តើសមហេតុផលដែរឬទេ? លោក យ៉ូណាស គឺជាតំណាងឲ្យប្រជាជាតិមួយ ដែលព្រះអម្ចាស់បានជ្រើសរើស ទោះពួកគេបានវង្វេងចេញពីព្រះអង្គក៏ដោយ ហើយព្រះអង្គក៏បានជួយសង្គ្រោះពួកគេ ទោះពួកគេមិនស្តាប់បង្គាប់ព្រះអង្គក៏ដោយ។ ដូចនេះ ចំណុចស្នូលនៃបញ្ហារបស់គាត់ គឺស្ថិតនៅត្រង់ថា តើគាត់មានហេតុផលអ្វី ដែលត្រូវឃាត់ឃាំងព្រះអង្គមិនឲ្យមានសេចក្តីអាណិតចំពោះអ្នកដទៃ? ចម្លើយនោះគឺ គាត់គ្មានហេតុផលត្រឹមត្រូវទេ។ យើងក៏គ្មានសិទ្ធិឃាត់ឃាំងព្រះ មិនឲ្យបង្ហាញសេចក្តីមេត្តាចំពោះនរណាម្នាក់ឡើយ ហើយក៏គ្មានសិទ្ធិកំណត់ថា ព្រះអង្គត្រូវតែសង្គ្រោះរាស្រ្តព្រះអង្គ និងលើកតម្កើងព្រះរាជបុត្រារបស់ព្រះអង្គ តាមរបៀបណាមួយដែរ។
បើយើងខឹងនឹងព្រះ ហើយរអ៊ូរទាំអំពីរបៀបដែលព្រះអង្គសម្រេចព្រះទ័យបំពេញគោលបំណងរបស់ព្រះអង្គ នោះគឺដោយសារយើងបានភ្លេចថា យើងមានភាពមិនស័ក្ដិសមប៉ុណ្ណា ក្នុងការទទួលព្រះគុណព្រះអង្គ។ យើងទ្រាំទ្រយ៉ាងខ្លាំង ចំពោះការមិនស្តាប់បង្គាប់របស់ខ្លួនឯង បានជាយើងគិតថា យើងស័ក្តិសមនឹងឲ្យព្រះអង្គសព្វព្រះទ័យនឹងយើង ហើយប្រទានពរយើង។ នេះជាផ្នត់គំនិតដ៏គ្រោះថ្នាក់។ អ្វីៗគ្រប់យ៉ាងដែលព្រះអង្គធ្វើ គឺសុទ្ធតែដោយសារព្រះគុណព្រះអង្គទេ។ ទាល់តែយើងបានស្គាល់ព្រះគុណព្រះច្បាស់ ទើបយើងអាចអរសប្បាយ នៅក្នុងសេចក្តីមេត្តាដ៏បរិបូររបស់ព្រះ ដែលបានចាក់មកលើពួកបរិសុទ្ធដែលមិនស័ក្ដិសមរបស់ព្រះអង្គយ៉ាងហូរហៀរ។
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ូណាស ៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៩៤-៩៦ និងកាឡាទី ១