
ការរៀបចំដ៏អាថ៌កំបាំងរបស់ព្រះអង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 17, 2025
«ព្រះដ៏ជាព្រះយេហូវ៉ា ទ្រង់ក៏បំរុងឲ្យមានដើមវល្លិដុះឡើងគ្របបាំងយ៉ូណាស ដើម្បីឲ្យបានជាម្លប់ពីលើក្បាលប្រយោជន៍ឲ្យលោកបានរួចពីសេចក្តីតប់ប្រមល់ទៅ ដូច្នេះយ៉ូណាសមានសេចក្តីអំណរជាខ្លាំង ដោយព្រោះដើមវល្លិនោះ។ ប៉ុន្តែ ដល់ព្រឹកឡើងថ្ងៃក្រោយ ព្រះទ្រង់បំរុងឲ្យមានដង្កូវ១មកស៊ីដើមវល្លិ ឲ្យស្វិតក្រៀមវិញ»(យ៉ូណាស ៤:៦-៧)។
កាលលោក យ៉ូណាស ចាកចេញពីទីក្រុងនីនីវេ ទីក្រុងនេះក៏បានសង្គ្រោះរួចផុតពីគ្រោះមហន្តរាយ ប៉ុន្តែគាត់មិនមាត់មិនករដោយចិត្តមួម៉ៅ។ គាត់ទូលព្រះអង្គថា ទូលបង្គំដឹងថា ព្រះអង្គបានអត់ទោសឲ្យពួកគេហើយ ទោះពួកគេបានធ្វើការអាក្រក់យ៉ាងណាក៏ដោយ។ ឥឡូវនេះ ទូលបង្គំសុខចិត្តស្លាប់ ប្រសើរជាងឃើញខ្មាំងសត្រូវរបស់ទូលបង្គំបានទទួលការអត់ទោសបាប (យ៉ូណាស ៤:២-៣)។
លោក យ៉ូណាស ក៏បានធ្វើកន្លែងជ្រកតូចមួយសម្រាប់ខ្លួនឯង (ខ.៥) ប្រហែលជាយកថ្ម ឬឥដ្ឋធ្វើពីភក់មកតម្រៀបពីលើគ្នា ដោយសារកម្តៅថ្ងៃអាចធ្វើឲ្យគាត់ពិបាកអង្គុយនៅកណ្តាលវាល។ សូមយើងស្រមៃថា គាត់កំពុងអង្គុយនៅក្នុងខ្ទមតូចមួយ សូមឲ្យព្រះដកជីវិតគាត់ ហើយបន្ទាប់មក គាត់ក៏បានដឹងថា មានរុក្ខជាតិដ៏ស្រស់ស្អាតបានដុះនៅក្បែរគាត់។ ភ្លាមៗនោះ កម្តៅថ្ងៃក៏បានថមថយ ដោយសារម្លប់ដែលដើមវល្លិនោះបានផ្តល់ឲ្យគាត់ ធ្វើឲ្យគាត់មានចិត្តរីករាយយ៉ាងខ្លាំង។
ប៉ុន្តែ គាត់រីករាយមិនបានយូរទេ។ ព្រះដែលបានប្រទានរុក្ខជាតិឲ្យលោក យ៉ូណាស សប្បាយចិត្ត ក៏បានប្រទានសត្វដង្កូវឲ្យស៊ីបំផ្លាញដើមនោះផងដែរ។ ស្លឹករបស់វាបានក្រៀមស្វិតអស់យ៉ាងឆាប់រហ័សខុសពីធម្មតា គឺដោយសារដំណើរការធម្មតាមួយស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះ។
ព្រះអាទិករមានអំណាចគ្រប់គ្រងមកលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើត។ នៅក្នុងការរៀបចំដ៏អាថ៌កំបាំង ព្រះអង្គកំពុងបន្តធ្វើការជាមួយអ្នកបម្រើព្រះអង្គ តាមគោលបំណងរបស់ព្រះអង្គ។ ឃ្លា «ទ្រង់ក៏បម្រុង» គឺជាឃ្លាដែលត្រូវបានប្រើប្រាស់ម្តងហើយម្តងទៀតក្នុងកណ្ឌគម្ពីរយ៉ូណាស។ ព្រះអង្គបានបម្រុងឲ្យមានត្រីធំមួយ ដើមវល្លិ ដង្កូវ និងខ្យល់ក្តៅពីខាងលិច គឺបានបង្ហាញអំពីសេចក្តីស្រឡាញ់ និងការយកព្រះទ័យទុកដាក់ ចំពោះអ្នកបម្រើរបស់ព្រះអង្គ (យ៉ូណាស ១:១៧, ៤:៨)។ ទោះជាតាមរយៈត្រីធំ ឬដង្កូវតូចមួយក៏ដោយ ក៏ព្រះអង្គនៅតែធ្វើការរបស់ព្រះអង្គ ដើម្បីនាំឲ្យអ្វីៗទាំងអស់បានទៅដល់គោលដៅដែលព្រះអង្គបានកំណត់។
យើងបានឃើញគោលលទ្ធិនៃការរៀបចំរបស់ព្រះក្នុងសំណួរទី២៧ នៃសៀវភៅសំណួរចម្លើយរបស់លោក ហេដេលបឺក (Heidelberg) ដែលសួរថា «តើអ្នកយល់ឃើញយ៉ាងណា អំពីការរៀបចំរបស់ព្រះ?» ចម្លើយ៖ «ការរៀបចំរបស់ព្រះ គឺជាព្រះវត្តមានដ៏មានអំណាច និងស្ថិតស្ថេរ ដែលក្នុងព្រះវត្តមាននោះ ព្រះអង្គទ្រទ្រង់ និងដឹកនាំស្នាព្រះហស្តទាំងអស់។ ព្រះអង្គទ្រទ្រង់អ្វីៗទាំងអស់នៅស្ថានសួគ៌ និងនៅលើផែនដី ដើម្បីធានាថា ផ្នែកទាំងអស់នៃជីវិតមិនកើតឡើងដោយចៃដន្យ ទោះវាជាការលូតលាស់នៃរុក្ខជាតិ លក្ខណៈអាកាសធាតុ ដូចជាភ្លៀង និងភាពរាំងស្ងួត ពេលខ្វះខាត ឬពេលបរិបូរ ការផ្គត់ផ្គង់អាហារ និងទឹក ស្ថានភាពនៃសុខភាព ឬជំងឺ ភាពមានបាន ឬភាពក្រីក្រក្តី។ ផ្ទុយទៅវិញ អ្វីៗកើតឡើង នៅក្រោមការថែរក្សាដោយក្តីស្រឡាញ់ និងតាមគោលបំណងរបស់ព្រះអង្គ»។1
ក្នុងដំណើរជីវិតរបស់អ្នកទាំងមូល ពេលណាអ្នកជួប «ដើមវល្លិ» ដែលធ្វើឲ្យអ្នកសុខស្រួល និងសប្បាយចិត្ត និង «សត្វដង្កូវ» ដែលធ្វើឲ្យអ្នកបាត់បង់ភាពសុខស្រួល ឬទំនាក់ទំនងក្នុងការរស់នៅ អ្នកអាចរកឃើញការកម្សាន្តចិត្ត ដោយដឹងថា អ្នកមិនស្ថិតនៅក្រោមអំណាចដ៏ងងឹតងងល់ ដែលធ្វើឲ្យអស់សង្ឃឹមនោះឡើយ។ ផ្ទុយទៅវិញ ព្រះវរបិតារបស់អ្នកគង់នៅស្ថានសួគ៌ ដែលបានឱបក្រសោបអ្នក ដោយសេចក្តីស្រឡាញ់កំពុងបង្គាប់អ្វីៗទាំងអស់ ដើម្បីឲ្យព្រះអង្គអាចសម្រេចគោលបំណងខ្ពស់បំផុតក្នុងជីវិតអ្នក គឺដើម្បីធ្វើឲ្យអ្នកមានលក្ខណៈដូចព្រះរាជបុត្រាព្រះអង្គ ហើយនាំអ្នកទៅរស់នៅជាមួយព្រះអង្គ។ ដូចនេះ ចូរពិចារណាអំពីជីវិតរបស់អ្នកចុះ។ តើមានដើមវល្លិនៅកន្លែងណា? ហើយមានដង្កូវនៅកន្លែងណា? តើអ្នកនឹងព្យាយាមអរព្រះគុណព្រះអង្គសម្រាប់ដើមវល្លិក៏ដូចជាសត្វដង្កូវដែរឬទេ ដោយដឹងច្បាស់ថា ព្រះវរបិតាបានប្រទានកត្តាទាំងពីរនេះមក ដើម្បីជាប្រយោជន៍ដល់អ្នកដ៏អស់កល្ប?
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ាកុប ១:៩-១៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៩៦-៩៩ និងកាឡាទី ២