
សង្គ្រោះយើងរួចពីសណ្ឋានដែលអស់សង្ឃឹម
ដោយMarvin Williams
August 17, 2025
១ពេត្រុស ២:២១-២៥
ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្ដីសុចរិត ដោយបានស្លាប់ខាងឯអំពើបាបហើយ គឺដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា។ ១ពេត្រុស ២:២៤
នៅក្នុងស្ថានីយអាមុនសែន ស្កត់ នៅតំបន់ប៉ូលខាងត្បូង មានអ្នកធ្វើការពីរនាក់ កំពុងត្រូវការការព្យាបាលសុខភាពជាបន្ទាន់។ ក្នុងចំណោមពួកគេ មានម្នាក់គាំងបេះដូង ហើយម្នាក់ទៀត កំពុងមានបញ្ហាក្រពះធ្ងន់ធ្ងរ ដែលកំពុងគំរាមកំហែងជីវិតគាត់។ មានមធ្យោបាយតែមួយប៉ុណ្ណោះ ដើម្បីឲ្យពួកគេអាចទទួលការព្យាបាលបាន គឺគេត្រូវធ្វើបេសកកម្មជួយសង្គ្រោះបន្ទាន់។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនៅទីនោះពិបាកខ្លាំង ដោយសារមេឃងងឹត និងអាកាសធាតុត្រជាក់ -៧៥អង្សាសេរ ក្រោមសូន្យ ចាប់ពីខែកុម្ភៈដល់ខែតុលា តាមធម្មតា គេមិនហ៊ានប្រថុយបើកបរយន្តហោះ ទៅស្ថានីយនោះ ក្នុងអំឡុងរដូវរងានោះឡើយ។ ប៉ុន្តែ អ្នកបើកបរយន្តហោះទាំងនោះបានប្ដេជ្ញាចិត្តថា នឹងជួយសង្គ្រោះអ្នកវិទ្យាសាស្ត្រទាំងនោះឲ្យខានតែបាន ហើយបេសកកម្មជួយសង្គ្រោះនោះក៏បានទទួលជោគជ័យ ដោយពួកគេស៊ូទ្រាំនឹងការបើកបរយន្តហោះ ដ៏ពិបាករយៈពេល២ថ្ងៃ។
រឿងដែលនិយាយអំពីការជួយសង្គ្រោះដ៏ជោគជ័យ ពិតជាបានលើកទឹកចិត្តយើងណាស់។ រឿងជួយសង្គ្រោះដែលអស្ចារ្យបំផុត គឺជារឿងដែលព្រះយេស៊ូវសង្គ្រោះយើងឲ្យរួចពីបាប។ សាវ័កពេត្រុសបានបង្រៀនថា “ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្ដីសុចរិត”(១ពេត្រុស ២:២៤)។ ព្រះអង្គជួយសង្គ្រោះយើង ដោយទទួលអំពើបាបយើងនៅលើអង្គទ្រង់។ ព្រះអង្គបានក្លាយជាដង្វាយលោះបាប ដោយរងទុក្ខជំនួសយើងរាល់គ្នា(ខ.២១)។ នៅលើឈើឆ្កាង ព្រះគ្រីស្ទបានទទួលបណ្តាសានៃក្រឹត្យវិន័យ(កាឡាទី ៣:១៣) ហើយរងទ្រាំក្តីអាម៉ាសរបស់យើង។ ព្រះអង្គបានរងរបួសនៅលើព្រះកាយ ដើម្បីឲ្យយើងបានទទួលការប្រោសឲ្យជា ហើយព្រះអង្គសុគត ដើម្បីឲ្យយើងបានរួចផុតទោស និងអំណាចរបស់បាប(១ពេត្រុស ២:២៤ អេសាយ ៥៣:៥)។
ពិតជាអស្ចារ្យណាស់ ដែលយើងបានដឹងថា ព្រះអង្គបានសង្គ្រោះយើងឲ្យរួចពីសណ្ឋានដ៏អស់សង្ឃឹមរបស់យើង ដោយស្ម័គ្រព្រះទ័យរងទ្រាំទុក្ខលំបាកខ្លាំងបំផុត ជំនួសយើងរាល់គ្នា!—Marvin Williams
តើការសង្គ្រោះដែលព្រះគ្រីស្ទប្រទាន មានន័យយ៉ាងណាចំពោះអ្នក?
តើអ្នកអាចជួយអ្នកដទៃដូចម្តេចខ្លះ ដើម្បីឲ្យពួកគេទទួលសេចក្តីសង្គ្រោះរបស់ព្រះអង្គ?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការលះបង់ដ៏លើសលប់ ដើម្បីសង្គ្រោះទូលបង្គំ ឲ្យរួចពីបាប។
Learn more here: ODB.org/personal-relationship-with-god
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៩៧-៩៩ និង រ៉ូម ១៦