
ជីវិតក្នុងពេលបច្ចុប្បន្ន និងអតីតកាល (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 21, 2025
«ដ្បិតឯខ្ញុំ ដែលខ្ញុំរស់នៅ នោះគឺសំរាប់ព្រះគ្រីស្ទទេ ហើយដែលស្លាប់ទៅ នោះជាកំរៃវិញ ប៉ុន្តែបើរស់ខាងឯសាច់ឈាម និងនាំឲ្យការខ្ញុំកើតផល នោះខ្ញុំមិនដឹងរើសយកខាងណាទេ ខ្ញុំមានសេចក្តីបណ្តាលទាំងសងខាង ក៏មានចិត្តចង់ចេញទៅនៅជាមួយនឹងព្រះគ្រីស្ទ ដែលល្អជាជាងនោះផង តែបើខ្ញុំនៅក្នុងសាច់ឈាមតទៅទៀត នោះមានប្រយោជន៍ដល់អ្នករាល់គ្នាជាជាង»(ភីលីព ១:២១-២៤)។
តើអ្នកនៅចាំពេលដែលអ្នកទៅលេងផ្ទះសាច់ញាតិរបស់អ្នក កាលអ្នកនៅក្មេងទេ? ប្រហែលជាការទៅលេងសាច់ញាតិនៅពេលនោះ មានពេលខ្លះអ្នកមានការភ័យខ្លាច ដោយសារមនុស្សដែលអ្នកទៅលេង មិនមានភាពស្និទ្ធស្នាល ឬមិនមានភាពកក់ក្តៅជាមួយអ្នក។ ប៉ុន្តែ ពេលខ្លះអ្នកក៏បានទៅលេងសាច់ញាតិដែលអ្នកពិតជាស្រឡាញ់។ ពួកគាត់ប្រហែលជាស្វាគមន៍អ្នកនៅមាត់ទ្វារ ដោយឱបអ្នក ឬអ្នកប្រហែលធំក្លិនឈ្ងុយនំដុតដែលពួកគេបានធ្វើថ្មីៗសម្រាប់ទទួលអ្នក។ អ្នកមានចិត្តអន្ទះសាចង់ទៅជួបពួកគេ! ពួកគេមានតម្លៃចំពោះអ្នក ហើយអ្នកទន្ទឹងរង់ចាំវត្តមានរបស់ពួកគេ។
សម្រាប់សាវ័កប៉ុល ព្រះយេស៊ូវគឺជាអ្នកដែលគាត់ចង់ជួបបំផុត។ សាវ័កប៉ុលមានក្តីអំណរ សូម្បីនៅពេលដែលគាត់ជាប់គុក ដោយសារគាត់ដឹងថា ព្រះគ្រីស្ទមានន័យយ៉ាងណាចំពោះគាត់។ គាត់បានទន្ទឹងរង់ចាំពេលដែលគាត់នឹងបានទៅរស់នៅ ក្នុងព្រះវត្តមានព្រះអង្គ។ ព្រះយេស៊ូវគឺជាគ្រប់ទាំងអស់ដល់គាត់។
តើយើងអាចនិយាយដូចនេះ អំពីព្រះយេស៊ូវដែរឬទេ? ឬក្តីអំណររបស់យើងនៅជាប់នឹងលោកីយ៍ ដោយផ្ដោតទៅលើរឿងបណ្ដោះអាសន្នដែលមានដូចជា ទំនាក់ទំនងប្តីប្រពន្ធ កូនៗ ជីវភាព ឬឥទ្ធិពល? បើរឿងទាំងអស់នេះធ្វើឲ្យវិញ្ញាណអ្នកមានអំណរលើសអ្វីទាំងអស់ ហើយអត្តសញ្ញាណរបស់អ្នកបានចងភ្ជាប់នឹងអ្វីៗក្នុងលោកីយ៍ នោះចំណាប់អារម្មណ៍របស់អ្នក ចំពោះព្រះវត្តមានរបស់ព្រះយេស៊ូវនឹងមានការចុះខ្សោយ។ ដូចនេះ ចូរយើងរស់នៅដោយប្រាជ្ញា ដោយចាំថា អត្តសញ្ញាណរបស់យើងមាននៅក្នុងព្រះអង្គ ព្រោះថ្ងៃមួយអ្វីៗផ្សេងទៀតនឹងកន្លងផុតទៅ។
អ្នកប្រហែលជាធ្លាប់ឮគេនិយាយថា អ្នកខ្លះគិតអំពីនគរស្ថានសួគ៌ខ្លាំងពេក បានជាពួកគេមិនអាចរស់នៅលើផែនដីឲ្យបានល្អ។ ប៉ុន្តែ យើងក៏អាចគិតអំពីរឿងនៅផែនដីខ្លាំងពេក ដល់ថ្នាក់យើងភ្លេចនគរស្ថានសួគ៌ដែរ។ ជួនកាល យើងជួបការល្បួងដែលនាំឲ្យយើងចង់បានសុខភាពល្អឥតខ្ចោះ មិនមែនទុក្ខសោកទៀត និងមានជីវិតដែលមានភាពច្បាស់លាស់ក្នុងពេលឥឡូវនេះ។ ប៉ុន្តែ យើងភ្លេចការពិតដែលថា យើងអាចបាត់បង់មនុស្សជាទីស្រឡាញ់ ឬអាចទទួលដំណឹងគួរឲ្យខ្លាចពីមន្ទីរពេទ្យ ឬមួយអាចប្រឈមមុខដាក់ការខកចិត្ត និងគ្រោះមហន្តរាយផ្សេងៗ។ ប៉ុន្តែ រឿងទាំងអស់នេះជារឿងរបស់ជីវិតនៅលើផែនដីទេ។ សាវ័ក ប៉ុល បានធ្វើការថ្លឹងថ្លែងក្នុងសំបុត្ររបស់គាត់ រវាងជីវិតនៅលើផែនដី និងជីវិតនៅស្ថានសួគ៌។ ទោះគាត់មានចិត្តចង់ចាកចេញទៅរស់នៅជាមួយព្រះយេស៊ូវ ក៏មិនមែនដើម្បីឲ្យគាត់អាចគេចចេញពីកាលៈទេសៈក្នុងពេលបច្ចុប្បន្ននោះឡើយ។ គាត់ពិតជាបានស៊ូទ្រាំនឹងទុក្ខលំបាកជាច្រើន ប៉ុន្តែសម្រាប់គាត់ នគរស្ថានសួគ៌មិនគ្រាន់តែនាំមកនូវភាពធូរស្បើយពីទុក្ខលំបាកនៅផែនដីប៉ុណ្ណោះទេ។ គាត់មិនមានការស្ទាក់ស្ទើរនៅក្នុងការទទួលយកសេចក្តីស្លាប់នោះទេ តែគាត់ចង់ទៅរស់នៅជាមួយព្រះយេស៊ូវ ព្រោះគាត់ដឹងថា ការទៅរស់នៅជាមួយព្រះយេស៊ូវគឺជារឿងដែលល្អក្រៃលែង។
យើងរាល់គ្នាសុទ្ធតែត្រូវព្យាយាមរស់នៅ ដោយចិត្តស្មោះត្រង់ ខណៈពេលដែលយើងទន្ទឹងរង់ចាំពេលដែលយើងនឹងបានទៅរស់នៅជាមួយព្រះយេស៊ូវ។ សាវ័ក ប៉ុល បានទទួលស្គាល់ថា ខណៈពេលដែលគាត់នៅតែមានខ្យល់ដង្ហើម គាត់ត្រូវបន្តធ្វើការបម្រើព្រះ ដោយការប្ដេជ្ញាចិត្ត រហូតដល់ពេលដែលព្រះគ្រីស្ទហៅគាត់ឲ្យទៅរស់នៅក្នុងនគរស្ថានសួគ៌។ ដូចនេះ ចូរយើងចំណាយពេលពិចារណា ភាពល្អឥតខ្ចោះនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ។ បន្ទាប់មក ចូរយើងចំណាយពេលអរសប្បាយចំពោះសេចក្តីពិតដ៏អស្ចារ្យដែលថា ថ្ងៃមួយ យើងនឹងបានឃើញព្រះអង្គមុខទល់នឹងមុខ នៅពេលដែលព្រះអង្គស្វាគមន៍យើងចូលទៅក្នុងសិរីល្អរបស់ព្រះអង្គ។ ហើយចូរពិចារណាអំពីសេចក្តីពិតដែលថា សេចក្តីស្លាប់គឺជាច្រកផ្លូវឆ្ពោះទៅរកពេលនោះ។ នេះជាពេលអនាគតរបស់អ្នក។ ថ្ងៃមួយ ពេលនោះនឹងក្លាយជាពេលបច្ចុប្បន្នរបស់អ្នក។ ទំរាំពេលនោះមកដល់ អ្នកអាចធ្វើអ្វីដែលសាវ័ក ប៉ុល បានធ្វើ ហើយរស់នៅថ្វាយព្រះគ្រីស្ទ ដោយដឹងថា សេចក្តីស្លាប់គឺជាកម្រៃ។
ព្រះគម្ពីរសញ្ជឹងគិត៖ ២ធីម៉ូថេ ៤:៦-១៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ១០៧-១០៩ និងកាឡាទី ៦