
បុព្វបុរសខាងវិញ្ញាណ
ដោយNancy Gavilanes
August 23, 2025
ម៉ាថាយ ១:១-៦,១២-១៧
នេះបញ្ជីពង្សាវតារពីព្រះយេស៊ូវគ្រីស្ទ ជាវង្សាហ្លួងដាវីឌ នឹងជាជំនួរវង្សនៃលោកអ័ប្រាហាំដែរ។ ម៉ាថាយ ១:១
បន្ទាប់ពីខ្ញុំ បានធ្វើតេស្តDNA ដើម្បីរកមើលខ្សែលោហិតរបស់គ្រួសារខ្ញុំ កាលពីរបីឆ្នាំមុន ខ្ញុំមានចម្ងល់ជាច្រើន អំពីបុព្វបុរសរបស់ខ្ញុំ។ ខ្ញុំអរព្រះគុណព្រះ ដែលខ្ញុំបានឮរឿងខ្លះៗ អំពីសាច់ញាតិពីរបីនាក់របស់ឪពុកខ្ញុំដែលបានលាចាកលោក និងអំពីសាច់ញាតិរបស់ម្តាយខ្ញុំ។ ពេលខ្ញុំបានឮគេនិយាយអំពីបុព្វបុរសរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានការជាប់ទាក់ទងនឹងឫសគល់នៃគ្រួសាររបស់ខ្ញុំ ហើយខ្ញុំមានចិត្តចង់ស្វែងយល់អំពីបទពិសោធន៍របស់ពួកគេ។
នៅពេលដែលយើងនិយាយអំពីឫសគល់ខាងវិញ្ញាណរបស់យើង យើងអាចនឹកចាំ អំពីពង្សាវតាររបស់ព្រះយេស៊ូវ ដែលមានចែងក្នុងបទគម្ពីរ ម៉ាថាយ ១:១-១៧ និង លូកា ៣:២៣-៣៨។ ពង្សាវតាររបស់ព្រះយេស៊ូវ បានបង្ហាញឲ្យយើងដឹងថា ព្រះអង្គគឺជាព្រះមែស៊ី និងជាកូនចៅជំនាន់ក្រោយរបស់លោកអ័ប្រាហាំ។
ពេលដែលយើងអានពង្សាវតាររបស់ព្រះអង្គ យើងឃើញសេចក្តីស្មោះត្រង់របស់ព្រះអង្គ ក្នុងការសម្រេចព្រះបន្ទូលសន្យា ដែលត្រូវប្រទានពរលោកអ័ប្រាហាំ ឲ្យក្លាយជាឪពុកនៃសាសន៍ជាច្រើន(លោកុប្បត្តិ ១៧:១-៨)។ រយៈពេលជាង២ពាន់ឆ្នាំ បន្ទាប់ពីព្រះបន្ទូលសន្យានេះបានសម្រេច សាវ័កម៉ាថាយបានសរសេរថា “នេះបញ្ជីពង្សាវតារពីព្រះយេស៊ូវគ្រីស្ទ ជាវង្សាហ្លួងដាវីឌ នឹងជាជំនួរវង្សនៃលោកអ័ប្រាហាំដែរ”(ម៉ាថាយ ១:១)។
ជំនួរវង្សក្នុងព្រះគម្ពីរប៊ីប បានបង្ហាញឲ្យយើងស្គាល់បុព្វបុរសរបស់ព្រះយេស៊ូវ។ យើងឃើញឈ្មោះរបស់ស្តេច ដូចជាស្តេចដាវីឌជាដើម និងឈ្មោះមនុស្សសាមញ្ញ ដូចជាលោកយ៉ូសែប ជាជាងឈើ។ ហើយកណ្ឌគម្ពីរម៉ាថាយ បានរាប់បញ្ចូលស្រ្តី៥នាក់ ដែលមានដូចជា នាងតាម៉ារ នាងបាសេបា នាងរ៉ាហាប និងនាងរស់(ទាំងពីរនាក់នេះគឺជាសាសន៍ដទៃ) និងនាងម៉ារា។
ទោះយើងបានស្គាល់បុព្វបុរសខាងសាច់ឈាមរបស់យើង ឬអត់ យើងអាចស្គាល់បុព្វបុរសខាងវិញ្ញាណរបស់យើង ក្នុងព្រះគម្ពីរប៊ីប ព្រោះយើងជាសមាជិកនៃគ្រួសាររបស់ព្រះ។ យើងមានចិត្តក្លាហានឡើង នៅពេលដែលយើងបានដឹងថា ព្រះទ្រង់មានព្រះទ័យស្មោះត្រង់ប៉ុណ្ណា ចំពោះពួកគេ។—Nancy Gavilanes
ហេតុអ្វីការស្គាល់ប្រវត្តិខាងវិញ្ញាណរបស់អ្នក មានសារៈសំខាន់?
តើអ្នកអាចរៀនសូត្របានអ្វីខ្លះ ពីបុព្វបុរសខាងវិញ្ញាណរបស់អ្នក?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ
ដែលបានឲ្យទូលបង្គំធ្វើជាសមាជិកនៃគ្រួសាររបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១១៣-១១៥ និង ១កូរិនថូស ៦