
ការបញ្ចប់ដ៏ល្អ
ដោយJennifer Benson Schuldt
August 27, 2025
វិវរណៈ ២១:២-៥,៩-១១
យ៉ូហានខ្ញុំ ក៏ឃើញទីក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកអំពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្ដី។ វិវរណៈ ២១:២
នៅពេលល្ងាច ដែលអាកាសធាតុក្តៅល្មម ខ្ញុំបានជួបជុំមិត្តភក្តិរបស់ខ្ញុំ ក្នុងតំបន់ប្រជុំជន ក្នុងទីក្រុង។ យើងមានចិត្តរំភើបរីករាយ ពេលដែលបានដឹងថា យើងបានញាំអាហារជុំគ្នា ក្នុងភោជនីយដ្ឋាន ដែលមានការប្រគំតន្ត្រីហ្សាស នៅខាងក្រៅ ប៉ុន្តែ នៅពេលដែលយើងទៅដល់ យើងមិនអាចរកបានតុទំនេរ សម្រាប់ចូលអង្គុយញាំអាហារទេ។ យើងក៏បានចាកចេញដោយការខកចិត្ត ហើយត្រូវដើរកាត់ប្លុកអាគារជាច្រើនប្លុក ដើម្បីស្វែងរកកន្លែងញាំអាហារ។
នៅលើផែនដីនេះ ការខកចិត្តអាចកើតមានគ្រប់ទំហំ គ្រប់រូបភាព។ ឧទាហរណ៍ សត្វចិញ្ចឹមជាទីស្រឡាញ់បានស្លាប់។ អាជីពរបស់យើងបានបញ្ចប់។ បញ្ហាសុខភាពបានកើតមានឡើង។ ឬយើងបាត់បង់ទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់។ នៅក្នុងពេលដ៏លំបាកដូចនេះ យើងអាចរកឃើញការកម្សាន្តចិត្តរបស់ព្រះអង្គ ប៉ុន្តែ រឿងនៃជីវិតរបស់យើងមិនតែងតែមានការបញ្ចប់ដ៏រីករាយ ដូចដែលយើងចង់បាននោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជឿព្រះយេស៊ូវមានសង្ឃឹមថា យើងនឹងមានជីវិតអស់កល្បជានិច្ច ដែលមានពេញដោយអំណរ។
កណ្ឌគម្ពីរវិវរណៈបានចែងអំពីពេលដែលព្រះទ្រង់ប្រទានការបើកសម្ដែងដ៏អស្ចារ្យ ដល់សាវ័កយ៉ូហាន។ សាវ័កយ៉ូហានបានឃើញ “ក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី”(២១:២)។ ទីក្រុងនេះបានបង្ហាញចេញនូវសិរីល្អរបស់ព្រះ ដោយ “តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្ដី”(ខ.២)។ ព្រះទ្រង់នឹងគង់នៅក្នុងទីក្រុងនេះ ជាមួយរាស្រ្តរបស់ព្រះអង្គទាំងអស់។ ក្នុងទីក្រុងរបស់ទ្រង់មិនមានឧក្រិដ្ឋកម្ម គ្មានភាពងងឹត និងគ្មានការភ័យខ្លាច(ខ.២៥-២៧)។ គឺមានតែពន្លឺ សុខសន្តិភាព និងសុច្ឆន្ទៈដ៏ពោរពេញ។
នៅថ្ងៃដែលខ្ញុំជួបជុំមិត្តភក្តិញាំអាហារពេលល្ងាច ក្រោយមក យើងក៏បានដើរត្រឡប់មកក្រោយវិញ កាត់ពីមុខភោជនីយដ្ឋានដែលយើងបានចូលពីដំបូងនោះ។ ពន្លឺភ្លើងពណ៌សបានបំភ្លឺផ្លូវដើរ ហើយយើងក៏បានឈប់ ដើម្បីស្តាប់តន្ត្រីដ៏ពីរោះ ខណៈពេលដែលយើងញាំការេមយ៉ាងឆ្ងាញ់ពិសារ។ ខ្ញុំបានកំណត់ចាំពេលដ៏រីករាយនេះ នៅក្នុងចិត្ត ប៉ុន្តែ យើងដឹងថា គ្មានក្តីអំណរណាមួយ នៅលើលោកិយនេះ ដែលអាចប្រៀបផ្ទឹមនឹងការបញ្ចប់ចុងក្រោយ ដែលអ្នកជឿទាំងអស់នឹងបានអរសប្បាយ ជារៀងរហូត។—Jennifer Benson Schuldt
តើអ្នកទន្ទឹងរង់ចាំអ្វីជាងគេ នៅក្នុងផ្ទៃមេឃ និងផែនដីថ្មី?
តើការសន្យាអំពីពេលអនាគត ដ៏រីករាយ បានលើកទឹកចិត្តអ្នកយ៉ាងណាខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំ ឲ្យមើលឃើញការឈឺចាប់របស់ទូលបង្គំ
ដោយគិតដល់ក្តីអំណរដ៏អស់កល្បជានិច្ច ដោយដឹងថា ព្រះអង្គបានរៀបចំពេលអនាគតដែលប្រសើរជាង សម្រាប់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១២០-១២២ និង ១កូរិនថូស ៩