
មានចិត្តសប្បុរសហូរហៀរ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 1, 2025
«ម៉ូសេក៏ប្រាប់ដល់ពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា នេះជាសេចក្តីដែលព្រះយេហូវ៉ាបានបង្គាប់មក គឺត្រូវឲ្យយកដង្វាយពីរបស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន មកថ្វាយដល់ព្រះយេហូវ៉ា ត្រូវឲ្យអស់អ្នកណាដែលថ្វាយស្ម័គ្រពីចិត្ត យកដង្វាយនេះមកថ្វាយដល់ព្រះយេហូវ៉ាចុះ» (និក្ខមនំ ៣៥:៤-៥)។
រាស្ត្ររបស់ព្រះថ្វាយដង្វាយដោយការដឹងគុណចំពោះព្រះអង្គ ដើម្បីឆ្លើយតបចំពោះព្រះគុណរបស់ទ្រង់។
ឬយ៉ាងហោចណាស់ យើងក៏គួរតែចែករំលែកយ៉ាងដូចនេះផងដែរ។ ប៉ុន្តែ ជាញឹកញាប់ យើងចែករំលែកដល់អ្នកដទៃដោយហេតុផលខុសពីនេះ។ មនុស្សជាច្រើនបានយល់ឃើញថា ការចែករំលែកដល់អ្នកដទៃ គឺជាអ្វីដែលពួកគេត្រូវតែធ្វើ ឬមានកាតព្វកិច្ចត្រូវធ្វើ ប្រហែលដោយសារឋានៈរបស់ពួកគេក្នុងសង្គម ឬដោយសារមើលឃើញតម្រូវការរបស់អ្នកដទៃ។ អ្នកខ្លះចែករំលែក ជាការឆ្លើយតបចំពោះកំហុស ដោយព្យាយាមលប់លាងកំហុសរបស់ខ្លួន។ អ្នកខ្លះទៀត ចែករំលែកដោយសារការភ័យខ្លាចដោយគិតឃើញថា «យកល្អ ខ្ញុំត្រូវតែចែករំលែក ឬដាក់ដង្វាយ ពុំនោះទេ ព្រះអង្គនឹងមិនប្រទានពរខ្ញុំទេ»។
ប៉ុន្តែ គោលការណ៍ក្នុងការចែករំលែកដែលមានចែងក្នុងព្រះគម្ពីរទាំងមូលមានលក្ខណៈខុសពីនេះ។ កាលពួកអ៊ីស្រាអែលត្រៀមខ្លួនសាងសង់រោងឧបោសថថ្វាយព្រះអម្ចាស់នៅវាលរហោស្ថាន លោក ម៉ូសេ ក៏បានចាប់ផ្តើមប្រមូលដង្វាយសម្រាប់ការសាងសង់។ ការរៃអង្គាសរបស់គាត់មិនមែនជាបន្ទុកធ្ងន់ ឬដើម្បីប្រយោជន៍ផ្ទាល់ខ្លួនឡើយ ប៉ុន្តែគាត់គ្រាន់តែបានប្រាប់ពួកបណ្តាជនថា ព្រះអម្ចាស់សព្វព្រះទ័យទទួលពីមនុស្សទាំងអស់ដែលស្ម័គ្រចិត្តថ្វាយ ហើយអ្នកដែលមានចិត្តសប្បុរសក៏បាននាំយកដង្វាយមកថ្វាយ។ ពួកគេមិនគ្រាន់តែបានថ្វាយ ពីអ្វីដែលពួកគេមានប៉ុណ្ណោះទេ ប៉ុន្តែក៏បានថ្វាយផ្អែកទៅលើការយល់ដឹងថា ពួកគេជានរណា និងផ្អែកទៅលើសមត្ថភាពដែលព្រះអង្គបានប្រទានរាប់ចាប់តាំងពីជំនាញសាងសង់ និងកាត់ដេររហូតដល់ជំនាញរចនាលម្អិត។
មនុស្សជាច្រើនបានថ្វាយ ហើយក៏មានអ្នកថ្វាយយ៉ាងលើសលប់។ ហេតុនេះហើយ លោក ម៉ូសេ ក៏បានចេញបទបញ្ជាទី២ ដោយឲ្យគេផ្សព្វផ្សាយក្នុងកន្លែងបោះជំរុំទាំងមូលថា «កុំឲ្យអ្នកណា ទោះប្រុសឬស្រី ធ្វើការអ្វីទៀតសម្រាប់ជាដង្វាយដល់ទីបរិសុទ្ធឡើយ» (និក្ខមនំ ៣៦:៦)។ ពួកគេដឹងថា អ្វីគ្រប់យ៉ាងដែលពួកគេមាន សុទ្ធតែជាការប្រទានរបស់ព្រះ។ ដោយការជំរុញពីសេចក្តីល្អដ៏មហិមារបស់ព្រះអម្ចាស់ ពួកគេក៏បានបង្ហាញចេញនូវចិត្តសប្បុរសដ៏ហូរហៀរដល់ថ្នាក់លោក ម៉ូសេ ឃាត់ពួកគេមិនឲ្យដាក់ដង្វាយថែមទៀត។
ព្រះអម្ចាស់មិនត្រូវការអ្វីទាំងអស់ ប៉ុន្តែព្រះអង្គស្ម័គ្រព្រះទ័យទទួលដង្វាយពីមនុស្ស ជាអ្នកទទួលអំណោយជាច្រើនពីព្រះអង្គ ដោយសារព្រះគុណ។ ព្រះទ្រង់មិនបានប្រទានព្រះគុណមកយើង ដោយគិតជាភាគរយនោះទេ តែព្រះអង្គបានប្រទានមកយ៉ាងហូរហៀរ ហើយព្រះអង្គប្រទានព្រះពរមួយ ហើយមួយទៀតដល់រាស្ត្រព្រះអង្គចេញពីដួងព្រះទ័យដ៏ធំទូលាយក្នុងព្រះយេស៊ូវ។ ពេលណាយើងដែលជាអ្នកទទួលព្រះគុណ ថ្វាយពេលវេលា ប្រាក់កាស ទេពកោសល្យ ឬអ្វីផ្សេងទៀតជាបរិបូរ និងដោយការដឹងគុណព្រះអង្គ នោះមានន័យថា យើងកំពុងថ្វាយសិរីល្អដល់ព្រះអង្គ។
ព្រះអង្គតែងតែមានបំណងព្រះទ័យឲ្យយើងមានចិត្តសប្បុរស។ បំណងព្រះទ័យនេះមិនដែលចុះខ្សោយទេ។ ព្រះអង្គមានផែនការជួយសង្គ្រោះរាស្ត្រព្រះអង្គ តាមរយៈព្រះរាជកិច្ចនៃព្រះរាជបុត្រា ហើយព្រះអង្គសព្វព្រះទ័យចង់បានអ្នកដើរតាមព្រះអង្គ ដែលស្ម័គ្រចិត្តចូលរួមក្នុងការងាយផ្សាយដំណឹងល្អ តាមរយៈការថ្វាយដង្វាយ។ គឺមានតែព្រះគុណប៉ុណ្ណោះ ដែលបានបណ្តាលចិត្តមនុស្សម្នាក់ឲ្យថ្វាយដង្វាយដោយការលះបង់ និងដោយអំណរ។ បើអ្នកបានថ្វាយពេលវេលា ទេពកោសល្យ ឬប្រាក់កាស ដោយចិត្តកំណាញ់ ឬស្ទាក់ស្ទើរ ចូរចំណាយពេលសញ្ជឹងគិតអំពីព្រះគុណបរិបូរដែលព្រះអង្គបានបង្ហូរមកលើអ្នក ជាពិសេសតាមរយៈអំណាចរបស់ព្រះអម្ចាស់យេស៊ូវ។ ចូរទទួលការបណ្តាលចិត្តពីព្រះគុណព្រះអង្គ ហើយអ្នកនឹងបានពេញដោយការអរព្រះគុណព្រះ ដែលមានសេចក្តីសប្បុរសដ៏ហូរហៀរ ដោយថ្វាយសិរីល្អ និងព្រះគុណដល់ព្រះ។
ខគម្ពីរសញ្ជឹងគិត៖ យ៉ូហាន ១២:១-៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ១៣៥-១៣៦ និង២កូរិនថូស ១១:១-១៥