
ការស្តាយក្រោយ មុនពេលស្លាប់
ដោយTim Gustafson
September 1, 2025
១យ៉ូហាន ១:១-៤
យើងខ្ញុំបានឃើញទ្រង់ ក៏ធ្វើជាទីបន្ទាល់ ប្រាប់ដល់អ្នករាល់គ្នា ពីជីវិតនោះដ៏រស់នៅអស់កល្បជានិច្ច ...បានលេចមកឲ្យយើងខ្ញុំឃើញ ... យើងខ្ញុំក៏សរសេរសេចក្ដីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីអំណររបស់អ្នករាល់គ្នាបានពោរពេញឡើង ។ ១យ៉ូហាន ១:២,៤
ក្នុងអត្ថបទ ដែលអ្នកស្រីប្រុននី វែរ(BRONNIE WARE) បានបង្ហោះនៅលើវិបសាយ មានចំណងជើងថា “ការស្លាប់ទាំងស្តាយក្រោយ” គាត់បានលើកឡើងអំពីការស្តាយក្រោយ ដែលគាត់បានឮគេរៀបរាប់ កាលគាត់កំពុងធ្វើការជាពេទ្យថែទាំអ្នកជំងឺដែលជិតដល់ពេលស្លាប់។ ក្នុងចំណោមពួកគេ មានអ្នកខ្លះនិយាយថា “ខ្ញុំស្តាយណាស់ ដែលខ្ញុំខិតខំធ្វើការច្រើនពេក” ហើយខ្លះថា “ខ្ញុំស្តាយណាស់ ដែលខ្ញុំមិនមានទំនាក់ទំនងជាប់លាប់ជាមួយមិត្តភក្តិរបស់ខ្ញុំ”។ ខ្លះទៀតបាននិយាយថា “ខ្ញុំស្តាយណាស់ ដែលមិនបានរស់នៅឲ្យបានសប្បាយចិត្តជាងនេះ”។ ពាក្យសម្តីមួយឃ្លានេះ ប្រហែលជាគួរឲ្យចាប់អារម្មណ៍ជាងគេ។
គាត់ក៏បានសរសេរថា “ការប្រឈមមុខដាក់សេចក្តីស្លាប់ដែលមិនអាចជៀសរួច គឺជាឱកាសដ៏ប្រសើរ សម្រាប់ឲ្យយើងរស់នៅក្នុងជីវិតដែលពេញដោយអំណរ”។ នេះជាមតិដ៏ត្រឹមត្រូវ ប៉ុន្តែ តើអំណរនោះ មានប្រភពនៅទីណា? តើយើងអាចរកឃើញអត្ថន័យសំខាន់បំផុតនៃជីវិតរបស់យើង នៅកន្លែងណា?
កាលសាវ័កយ៉ូហាន ស្ថិតក្នុងវ័យយុវជន គាត់មានការយល់ឃើញមិនត្រឹមត្រូវ អំពីគោលបំណងនៃជីវិត។ គាត់ និងបងប្រុសរបស់គាត់ បានទូលសូមព្រះយេស៊ូវថា “សូមឲ្យយើងខ្ញុំបានអង្គុយនៅ ម្នាក់ខាងស្ដាំ ហើយម្នាក់ខាងឆ្វេងលោក ក្នុងស្ថាននៃសិរីល្អរបស់លោក”(ម៉ាកុស ១០:៣៧)។ ការទូលសូមរបស់ពួកគេគ្រាន់តែបានបណ្តាលឲ្យមានការមិនចុះសម្រុងគ្នា ក្នុងចំណោមពួកសាវ័កប៉ុណ្ណោះ(ខ.៤១)។
ជាច្រើនទសវត្សរ៍ក្រោយមក លោកយ៉ូហានក៏បានផ្លាស់ប្តូរទស្សនៈរបស់គាត់ ដោយក្តីស្រឡាញ់ និងគិតដល់សហគមន៍ក្នុងព្រះយេស៊ូវ។ គាត់បានយល់ឃើញថា ព្រះជន្មរស់ ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ គឺជាមូលដ្ឋានគ្រឹះនៃអ្វីៗគ្រប់យ៉ាង។ គឺដូចដែលគាត់បានសរសេរថា “យើងខ្ញុំបានឃើញទ្រង់ ក៏ធ្វើជាទីបន្ទាល់ ប្រាប់ដល់អ្នករាល់គ្នា ពីជីវិតនោះដ៏រស់នៅអស់កល្បជានិច្ច”(១យ៉ូហាន ១:២)។ សាវ័កយ៉ូហានបានប្រាប់យើង អំពីព្រះយេស៊ូវ ដើម្បីឲ្យយើងមានសេចក្តីប្រកបជាមួយនឹងគាត់(ខ.៣)។ បន្ទាប់មក គាត់ក៏បានបន្ថែមទៀតថា “ឯសេចក្ដីប្រកបរបស់យើងខ្ញុំ នោះគឺប្រកបនឹងព្រះវរបិតាហើយនឹងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាទ្រង់។ យើងខ្ញុំក៏សរសេរសេចក្ដីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីអំណររបស់អ្នករាល់គ្នាបានពោរពេញឡើង”(ខ.៣-៤)។
ជីវិតរបស់យើងអាចមានការស្តាយក្រោយជាច្រើន។ ព្រះយេស៊ូវបានអញ្ជើញយើង ឲ្យផ្ទេរវិប្បដិសារីទាំងអស់ដល់ព្រះអង្គ ហើយទទួលយកក្តីអំណរ ដែលមានតែព្រះអង្គទេអាចផ្តល់ឲ្យបាន។—TIM GUSTAFSON
តើអ្នកមានការស្តាយក្រោយអ្វីខ្លះ? តើមានអ្វីរារាំងអ្នក មិនឲ្យមានក្តីអំណរពេញលេញ ក្នុងព្រះយេស៊ូវ?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំបោះជំហាន ចេញពីការស្តាយក្រោយ និងការឈឺចាប់ ចូលទៅក្នុងក្តីអំណរ។
ទូលបង្គំត្រូវការក្តីអំណរ និងការរួបរួមជាមួយព្រះអង្គ។
FOR FURTHER STUDY, READ ORIGIN STORY: FOLLOWING JESUS BACK TO THE BEGINNING AT DISCOVERODB.ORG.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១៣៥-១៣៦ និង ១កូរិនថូស ១២