
ការពារគំនិតរបស់យើងក្នុងព្រះគ្រីស្ទ
ដោយNancy Gavilanes
September 12, 2025
ភីលីព ៤:៤-៩
មួយទៀត បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ ... នោះចូរពិចារណាពីសេចក្ដីទាំងនោះចុះ។ ភីលីព ៤:៨
នៅក្នុងការប្រកួតហែលទឹកចម្ងាយ ១៥០០ម៉ែត្រ ក្នុងកីឡាអូឡាំពិក ឆ្នាំ២០២៤ កញ្ញា ខេធី លេដេស្គី(KATIE LEDECKY) បាននាំមុខគេ ក្នុងការហែលពីមួយត្រឡប់ទៅមួយត្រឡប់ទៀត ។ ក្នុងរយៈពេល១៥នាទី គាត់បាននាំមុខ ដាច់ឆ្ងាយពីកីឡាករហែលទឹកផ្សេងទៀត ហើយមានអារម្មណ៍ថា មិនមាននរណាម្នាក់នៅក្បែរគាត់។ តើកញ្ញា លេដេស្គីកំពុងគិតអ្វី ក្នុងអំឡុងពេលនៃការប្រណាំងចម្ងាយឆ្ងាយនោះ? ក្នុងការសម្ភាសបន្ទាប់ពីគាត់បានឈ្នះបានមេដាយមាស ដោយបង្កើតកំណត់ត្រាថ្មីមួយ ក្នុងការប្រកួតកីឡាអូឡាំពិក គាត់បាននិយាយថា នៅពេលនោះ គាត់កំពុងគិតអំពីដៃគូរដែលគាត់បានហ្វឹកហាត់ជាមួយ និងនឹកឃើញឈ្មោះរបស់ពួកគេ នៅក្នុងគំនិតរបស់គាត់។
មិនមែនមានតែអ្នកហែលទឹកចម្ងាយឆ្ងាយប៉ុណ្ណោះទេ ដែលចាំបាច់ត្រូវផ្ដោតគំនិត ទៅលើអ្វីដែលត្រឹមត្រូវ។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងក៏ចាំបាច់ត្រូវការពារគំនិតរបស់យើង ឲ្យបានត្រឹមត្រូវ ក្នុងការធ្វើដំណើរខាងវិញ្ញាណរបស់យើង។
សាវ័កប៉ុលបានលើកទឹកចិត្តពួកជំនុំនៅទីក្រុងភីលីព ឲ្យ “អរសប្បាយក្នុងព្រះអម្ចាស់ជានិច្ច” ហើយ “កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់”(ភីលីព ៤:៤,៦)។ “យ៉ាងនោះសេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត ហើយនឹងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ”(ខ.៧)។ ព្រះយេស៊ូវជាព្រះអម្ចាស់នៃសន្តិភាព ជួយឲ្យយើងមានការគិតត្រឹមត្រូវ អំពីការព្រួយបារម្ភ និងបញ្ហារបស់យើង។
សាវ័កប៉ុលបានលើកទឹកចិត្តអ្នកជឿទាំងឡាយថា “ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្ដីសរសើរណា នោះចូរពិចារណាពីសេចក្ដីទាំងនោះចុះ”(ខ.៨)។
នៅក្នុងការរស់នៅជារៀងរាល់ថ្ងៃ ចូរយើងរៀបចំការគិតរបស់យើងឲ្យបានត្រឹមត្រូវ។ ពេលណាយើងឃើញព្រះហស្តរបស់ព្រះអង្គធ្វើការក្នុងជីវិតយើង យើងអាចរាប់ព្រះពរ និងថ្វាយបង្គំព្រះអង្គ។—NANCY GAVILANES
តើអ្នកកំពុងគិតអំពីអ្វី កាលពីពេលថ្មីៗនេះ?
តើអ្នកអាចថ្វាយព្រះកិត្តិនាមដល់ព្រះ នៅក្នុងគំនិតរបស់អ្នកដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមគំនិតរបស់ទូលបង្គំ បានជាទីគាប់ព្រះទ័យដល់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ១៣-១៥ និង ២កូរិនថូស ៥