
តើលំបាកដល់ពេលណាទៀត? ហេតុអ្វី? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 13, 2025
«ឱព្រះយេហូវ៉ាអើយ តើត្រូវឲ្យទូលបង្គំអំពាវនាវដល់កាលណាទៀត ឥតទ្រង់ឆ្លើយតបសោះដូច្នេះ ទូលបង្គំស្រែកដល់ទ្រង់អំពីការច្រឡោត តែទ្រង់មិនជួយសង្គ្រោះឡើយ ហេតុអ្វីបានជាទ្រង់ឲ្យទូលបង្គំឃើញអំពើទុច្ចរិត ហើយឲ្យទូលបង្គំមើលឃើញតែសេចក្តីទំនាស់ចិត្តដូច្នេះ» (ហាបាគុក ១:២-៣)។
យើងងាយនឹងសន្និដ្ឋានថា យើងស្ថិតនៅឆ្ងាយដាច់ស្រឡះពីរឿងរ៉ាវដែលបានពិពណ៌នាក្នុងព្រះគម្ពីរសញ្ញាចាស់។ ប៉ុន្តែ ពេលយើងអានពាក្យបណ្ដឹងរបស់លោក ហាបាគុក ក្នុងខគម្ពីរនេះ យើងអាចដឹងថា ទោះយើងស្ថិតនៅឆ្ងាយពីរឿងទាំងនោះ ទាំងខាងផ្នែកប្រវត្តិសាស្ត្រ និងភូមិសាស្ត្រក៏ដោយ ក៏យើងមិនស្ថិតនៅឆ្ងាយពីស្ថានភាពដែលគាត់បានជួបប្រទះឡើយ។
លោក ហាបាគុក បានពិពណ៌នាអំពីបញ្ហារបស់មនុស្សក្នុងចំណោមរាស្ត្ររបស់ព្រះ។ ពួកគេបានវង្វេងចេញពីការរៀបចំរបស់ព្រះ ហើយបញ្ហានេះហាក់ដូចជាចេះតែបន្តទៅមុខទៀតដោយគ្មានទីបញ្ចប់។ អ្វីដែលកាន់តែអាក្រក់ជាងនេះទៀតនោះ គឺព្រះអម្ចាស់ហាក់ដូចជាមិនបានធ្វើអន្តរាគមន៍សោះ។ បញ្ហាដែលហោរា ហាបាគុក បានលើកឡើងនេះមានពីរផ្នែកគឺ ការរៀបចំពេលវេលារបស់ព្រះ (តើព្រះអង្គទ្រាំទ្រនឹងអំពើទុច្ចរិតនេះរហូតដល់ពេលណា?) និងការទ្រាំទ្ររបស់ព្រះអង្គ (ហេតុអ្វីព្រះអង្គទ្រាំទ្រអំពើទុច្ចរិតនេះ?)។ សំណួរទាំងនេះក៏អាចចេញពីបបូរមាត់របស់អ្នកជឿព្រះជាច្រើនដែលកំពុងងឿងឆ្ងល់អំពីរឿងដែលពួកគេមើលឃើញក្នុងពួកជំនុំដូចជា «តើរឿងនេះនឹងបន្តកើតឡើងដល់ពេលណា? ហេតុអ្វីព្រះដ៏ល្អមានក្រមសីលធម៌ និងមានគ្រប់ចេស្ដា ដែលយើងបម្រើ មានការទ្រាំទ្រចំពោះភាពពុករលួយខាងវិញ្ញាណ និងក្រមសីលធម៌ ក្នុងចំណោមមនុស្សដែលតាំងខ្លួនជាអ្នកដើរតាមព្រះអង្គ?»
តើអ្នកធ្លាប់តយុទ្ធនឹងសំណួរដូចនេះទេ? មិនមែនមានតែអ្នកទេ ដែលជួបរឿងនេះ។ នេះមិនមែនជាបញ្ហាថ្មីទេ។ រាស្ត្រដ៏ស្មោះត្រង់របស់ព្រះបានតយុទ្ធនឹងសំណួរនេះ ក្នុងប្រវត្តិសាស្ត្រទាំងមូល។ សូមយើងធ្វើការសង្កេតមើលពីរយ៉ាង ដែលមានប្រយោជន៍ចំពោះយើង ខណៈពេលដែលយើងប្រឈមមុខដាក់សំណួរអំពី «ពេលវេលា» នៃជីវិតរបស់យើង។
ទីមួយ យើងអាចអរព្រះគុណព្រះ ដែលមិនកំណាញ់ ក្នុងការឆ្លើយតបការអធិស្ឋានរបស់យើង តាមពេលវេលាដែលយើងចង់បាន។ ការពន្យារពេលរបស់ព្រះអង្គ គឺតែងតែមានគោលបំណង។ គំនិតរបស់ព្រះអង្គតែងតែលើសពីសមត្ថភាពដែលយើងអាចយល់បាន។ ព្រះអង្គអាចពន្យារពេល ដើម្បីឲ្យយើងអាចជម្រុះចោលភាពអាត្មានិយម ឬការមិនស្តាប់បង្គាប់ក្នុងផ្នែកណាមួយនៃជីវិតយើង ឬដើម្បីបង្រៀនយើងឲ្យទុកចិត្តព្រះអង្គ ឬក៏ជួយរំដោះយើងឲ្យរួចពីសេចក្តីប៉ងប្រាថ្នារបស់យើង។ ហេតុនេះហើយ ព្រះគម្ពីរបានត្រាស់ហៅយើងជាញឹកញាប់ឲ្យទុកចិត្តព្រះអង្គ។ យើងអាចជម្នះការខកចិត្ត បរាជ័យ និងការយល់ច្រឡំរបស់យើង ដោយទុកចិត្តលើគោលបំណងដ៏អស់កល្បរបស់ព្រះអង្គ។
ទីពីរ យើងអាចយកគំរូតាមហោរា ហាបាគុក ក្នុងការទូលសូមជំនួយរបស់ព្រះអង្គ។ ហោរា ហាបាគុក នាំពាក្យបណ្តឹងរបស់គាត់ ថ្វាយដល់ព្រះអម្ចាស់ ហើយយើងក៏ត្រូវយកគំរូតាមព្រះអង្គផងដែរ។ គឺដូចដែលអ្នកនិពន្ធបទគម្ពីរទំនុកតម្កើងបានពោលថា «សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី» (ទំនុកតម្កើង ១២១:២)។
បទគម្ពីរទំនុកតម្កើងបានចែងអំពីអ្នកកោតខ្លាចព្រះជាច្រើន ដែលបាននាំការភាន់ភាំង និងសំណួររបស់ខ្លួនមកថ្វាយដល់ព្រះ។ ការនេះក៏បានអនុញ្ញាតឲ្យយើងធ្វើដូចពួកគេផងដែរ។ ព្រះអង្គយល់ពីអារម្មណ៍របស់យើង ពេលយើងស្រែកឡើងថា «ឱព្រះអង្គអើយ តើដល់ពេលណាទៀត?» «តើហេតុអ្វី?» ព្រះអង្គបានប្រទានចម្លើយប្រសើរបំផុតដល់យើងនៅក្នុងព្រះយេស៊ូវ និងក្នុងជ័យជម្នះរបស់ទ្រង់។ ព្រះអង្គចូលចិត្តធ្វើឲ្យពន្លឺនៃក្តីអំណរ និងក្តីសង្ឃឹមកើតមានឡើងវិញ នៅពេលព្រឹកព្រលឹម បន្ទាប់ពីភាពងងឹតនៃទុក្ខសោក ពេលយប់បានកន្លងផុតទៅ។ ដូចនេះ ពេលណាអ្នកមើលមកចិត្ត ឬជីវិតរបស់អ្នក ឬមើលទៅពួកជំនុំ ហើយបានទទួលការប៉ះពាល់ចិត្តឲ្យចោទសួរថា «ឱព្រះអម្ចាស់ តើទូលបង្គំត្រូវយំដល់ពេលណា?» អ្នកអាចរកឃើញការកម្សាន្តចិត្តនៅក្នុងសេចក្តីពិតដែរថា ៖
ព្រះអម្ចាស់តែងតែគង់នៅលើបល្ល័ង្ក
ហើយមិនដែលភ្លេចកូនព្រះអង្គឡើយ
ទោះទុក្ខលំបាកបានសង្កត់ពីលើយើង ហើយបន្ទុកបានធ្វើឲ្យយើងពិបាកចិត្តយ៉ាងណាក៏ដោយ
ក៏ព្រះអង្គនឹងមិនចាកចោលយើងឲ្យនៅកំព្រាឡើយ។1
ខគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ១២១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ពួកចៅហ្វាយ ១៦-១៨ និងយ៉ូហាន ៥:២៥-៤៧