
ការថ្នាក់ថ្នមរបស់ព្រះអម្ចាស់
ដោយLisa Samra
September 14, 2025
អេសាយ ៤០:១០-១១,២៩-៣១
ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឱរា។ អេសាយ ៤០:១១
កាលខ្ញុំកំពុងអង្គុយក្នុងបន្ទប់ថែទាំទារកដែលទើបចាប់កំណើត នៅមន្ទីរពេទ្យ ខ្ញុំបានសួរសុខទុក្ខស្រ្តីជាម្តាយម្នាក់ ខណៈពេលដែលគាត់កំពុងបីកូនតូច ផ្ទាប់នឹងទ្រូងរបស់គាត់។ ក្នុងកន្លែងដែលមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យាពេទ្យ វេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជាដែលមានបច្ចេកវិទ្យាកំរិតទាបយ៉ាងខ្លាំង ដើម្បីជួយទារកឲ្យមានសុខភាពរឹងមាំ គឺដោយគ្រាន់តែតម្រូវឲ្យស្រ្តីជាម្តាយបីកូនស្រីរបស់ខ្លួនជាប់ ឲ្យបានរយៈពេលយូរ។
ឪពុកម្តាយជាទូទៅមានសេចក្តីស្រឡាញ់ដ៏លើសលប់ និងការអាណិតដោយការថ្នាក់ថ្នម ដល់កូនតូចរបស់ខ្លួន ជាការកម្សាន្តចិត្តដែលផ្តល់ឲ្យនូវការប្រោសឲ្យជាដល់ពួកគេ ដែលស្ទើរតែគ្មានអ្វីអាចប្រៀបផ្ទឹមបាន។ ក្នុងកណ្ឌគម្ពីរអេសាយ យើងសង្កេតឃើញការពិពណ៌នាអំពីទំនាក់ទំនងរវាងព្រះ និងរាស្រ្តរបស់ព្រះអង្គដែលបានបីពួកគេផ្ទាប់នឹងព្រះឱរា។
បន្ទាប់ពីហោរាអេសាយបានថ្លែងទំនាយ អំពីការនិរទេសរបស់ប្រជាជាតិអ៊ីស្រាអែល ដែលហៀបនឹងកើតឡើង ដោយសារពួកគេបានបដិសេធន៍ព្រះអង្គ(អេសាយ ៣៩:៥-៧) ហោរាអេសាយ ក៏បាននិយាយសង្កត់ធ្ងន់ទៅកាន់រាស្រ្តរបស់ព្រះ ដែលនៅតែស្រលាញ់ពួកគេ និងតែងតែផ្គត់ផ្គង់ពួកគេ។ សេចក្តីអាណិត និងការថែរក្សារបស់ព្រះ គឺបានបង្ហាញឲ្យឃើញច្បាស់ នៅក្នុងពាក្យប្រៀបប្រដូច ដែលបានពិពណ៌នាថា ព្រះអង្គគឺជាអ្នកគង្វាល ដែលប្រមូលផ្តុំចៀមរបស់ទ្រង់ “មកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឱរា”(៤០:១១)។
ព្រះវត្តមានរបស់ព្រះអង្គផ្តល់ឲ្យយើងនូវសន្តិភាព និងការការពារ ហើយក្រើនរំឭកយើងថា ព្រះអង្គលើកយើងបីផ្ទាប់នៅព្រះឱរា ដូចម្តាយបីកូនតូចដែលទើបកើត។ ខណៈពេលដែលព្រះអង្គ “ចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ”(ខ.២៩) ព្រះវិញ្ញាណក៏បានប្រទានការកម្សាន្តចិត្តដែលប្រោសយើងឲ្យជា ដើម្បីឲ្យយើងអាចប្រឈមមុខដាក់បញ្ហាប្រឈមជារៀងរាល់ថ្ងៃ។—LISA M. SAMRA
តើអ្នកនឹកឃើញអ្វី នៅពេលដែលអ្នកគិតអំពីម្តាយបីកូនតូចដែលទើបកើត?
តើការថែរក្សារបស់ព្រះដែលការពារ និងមានក្តីស្រឡាញ់បានចម្រើនកម្លាំងអ្នក ដូចម្តេចខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានបីទូលបង្គំផ្ទាប់នៅព្រះឱរា។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ១៩-២១ និង ២កូរិនថូស ៧