
ឈ្នះការអាក្រក់ ដោយសេចក្តីល្អ
ដោយWinn Collier
September 16, 2025
រ៉ូម ១២:១៤-២១
កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឲ្យអ្នកឈ្នះសេចក្ដីអាក្រក់ ដោយសារសេចក្ដីល្អវិញ ។ រ៉ូម ១២:២១
វេជ្ជបណ្ឌិត ឌូលីតធល(DOLITTLE) ជាតួអង្គវេជ្ជបណ្ឌិតក្នុងរឿងប្រឌិត ដែលជជែកជាមួយសត្វផ្សេងៗ បានធ្វើឲ្យអ្នកគាំទ្ររបស់គាត់មានការសប្បាយចិត្ត តាមរយៈសៀវភៅ ខ្សែភាពយន្ត និងរឿងល្ខោន។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ ដែលបានដឹងថា ពីដំបូងឡើយ លោកយូ ឡូហ្វធីង(HUGH LOFTING) ជាអ្នកនិពន្ធ បាននិពន្ធរឿងនិទាន អំពីវេជ្ជបណ្ឌិតឌូលីតធល នៅក្នុងលានដ្ឋាន នៅសម័យសង្គ្រាមលោកលើកទី១ ផ្ញើទៅកូនៗរបស់គាត់។ ក្រោយមក គាត់ក៏បាននិយាយថា សង្គ្រាមមានរឿងអាក្រក់ច្រើនពេក ដែលគាត់មិនអាចនិយាយក្នុងសំបុត្ររបស់គាត់បាន ដូចនេះ គាត់ក៏បាននិពន្ធរឿងនិទានផ្ញើទៅកូនគាត់វិញ។ រឿងនិទានទាំងនេះ មានសាច់រឿងធ្វើឲ្យជាប់ចិត្តដិតអារម្មណ៍ និងនាំឲ្យអ្នកអានមានចិត្តសប្បាយរីករាយ។ គាត់បានប្រើរឿងនិទានទាំងនេះ ជាមធ្យោបាយដើម្បីទប់ទល់នឹងភាពតក់ស្លុតនៃសង្គ្រាមដែលគាត់បានជួបប្រទះដោយផ្ទាល់។
យើងមានការលើកទឹកចិត្ត នៅពេលដែលយើងបានដឹងថា មនុស្សម្នាក់បានតយុទ្ធនឹងអំណាចដែលគួរឲ្យភ័យខ្លាច គួរឲ្យតក់ស្លុត ដែលហាក់ដូចជាខ្លាំងលើសពីសមត្ថភាពដែលយើងអាចជម្នះវាបាន។ យើងកោតសរសើរសេចក្តីក្លាហានដ៏មុះមុតយ៉ាងដូចនេះ ព្រោះយើងខ្លាចភាពអយុត្តិធម៌ អំពើហិង្សា និងភាពលោភលន់មានជ័យជម្នះ។ ជួនកាល យើងខ្លាច “សេចក្តីអាក្រក់ឈ្នះ” លោកិយទាំងមូល(រ៉ូម ១២:២១)។ ការភ័យខ្លាចកើតមានជាធម្មតា បើយើងពឹងអាងកម្លាំងខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ ព្រះទ្រង់មិនបានទុកយើងចោល ឲ្យពឹងអាងកម្លាំងខ្លួនឯងនោះទេ។ ព្រះអង្គបំពេញយើងដោយកម្លាំងមកពីស្ថានសួគ៌ ឲ្យយើងដើរតួដ៏សំខាន់ ហើយត្រាស់ហៅយើងឲ្យ “ឈ្នះការអាក្រក់ ដោយការល្អ”(ខ.២១)។
យើងម្នាក់ៗត្រូវឈ្នះការអាក្រក់ ដោយការល្អ តាមមធ្យោបាយណាក៏ដោយ ដែលព្រះទ្រង់បានដាក់ នៅក្នុងចិត្តយើង។ អ្នកខ្លះបាននិពន្ធរឿងដ៏មានន័យ។ អ្នកខ្លះយកអសារអ្នកទាល់ក្រ។ អ្នកខ្លះទៀតទទួលស្វាគមន៍អ្នកដទៃ ដោយមិនរើសអើង។ អ្នកផ្សេងទៀតក៏បានចែកចាយរឿងរបស់ព្រះ តាមរយៈបទចម្រៀង កំណាព្យ ឬការសន្ទនា។ យើងអាចប្រើមធ្យោបាយជាច្រើន ដើម្បីនាំសេចក្តីល្អ និងសន្តិភាពរបស់ព្រះអង្គ ចូលទៅក្នុងលោកិយ(ខ.១៨) ដោយឈ្នះសេចក្តីអាក្រក់ ដោយសេចក្តីល្អ។—WINN COLLIER
តើអ្នកបានឃើញការអាក្រក់កំពុងចាំវាយឆ្មក់ នៅកន្លែងណាខ្លះ?
តើអ្នកអាចរួមចំណែក នៅក្នុងការឈ្នះសេចក្តីអាក្រក់ ដោយសេចក្តីល្អ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យរួមចំណែកឈ្នះការអាក្រក់ ដោយការល្អ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ២៥-២៦ និង ២កូរិនថូស ៩