
ហេតុផលដែលមិនត្រូវភ័យខ្លាច
ដោយKirsten Holmberg
September 25, 2025
ទំនុកដំកើង ១១៨:៥-១៤
ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន។ ទំនុកដំកើង ១១៨:៦
កូនស្រីរបស់ខ្ញុំមានអនុស្សាវរីយ៍វ័យកុមារមួយ ដែលគាត់ចាំច្បាស់ជាងគេ។ គាត់ចាំថា ថ្ងៃមួយប៉ារបស់នាងបានបង្រៀននាងជិះកង់ ដោយមិនប្រើកង់សងខាងសម្រាប់ជួយទប់លំនឹង។ នៅពេលមួយនោះ ស្វាមីរបស់ខ្ញុំបានដាក់ជើងនៅលើដុំ កង់ខាងក្រោយ (ខណៈពេលដែលកូនស្រីខ្ញុំធាក់ឈ្នាន់ ហើយប៉ារបស់នាងក៏បានជួយទប់ចង្កូត) ដូចនេះ ពួកគេអាចជិះកង់ជាមួយគ្នាតាមផ្លូវជម្រាល ដ៏ចង្អៀតមួយ តាមសម្រួល។ នាងនៅចាំថា កាលនោះ ប៉ារបស់នាងបានអស់សំណើច ដោយអំណរ គឺផ្ទុយនឹងខ្លួននាងដែលកំពុងមានការភ័យខ្លាច។ ការជិះកង់ចុះតាមផ្លូវចោទនោះ មានរយៈពេលខ្លីពេក បានជាគាត់មិនបានចាប់អារម្មណ៍ថា គាត់គួរបង្ហាញការអាណិតដល់នាង។ នៅពេលដែលពួកគេជជែកគ្នាអំពីរឿងនេះ នៅថ្ងៃនេះ ស្វាមីខ្ញុំក៏បានឆ្លើយតបយ៉ាងសុភាព ចំពោះការរំឭករបស់នាង ដោយបញ្ជាក់ឲ្យនាងយល់ថា កាលនោះ គាត់ដឹងថា អ្វីៗនឹងមានដំណើរការល្អ បានជាគាត់មិនមានការភ័យខ្លាច។
រឿងរបស់ពួកគេបានធ្វើឲ្យខ្ញុំនឹកចាំថា ក្នុងជីវិតយើង មានពេលខ្លះយើងក៏ជួបការភ័យខ្លាចផងដែរ។ តាមការមើលឃើញរបស់យើង ឧបសគ្គនៅចំពោះមុខយើង ហាក់ដូចជាភ្នំដែលធំ ហើយចោទគួរឲ្យខ្លាច បានជាយើងខ្លាចគ្រោះថ្នាក់ កើតឡើងយ៉ាងពិតប្រាកដ។ តែព្រះគម្ពីរបានធានាយើងថា “ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន”(ទំនុកដំកើង ១១៨:៦)។ ជំនួយរបស់មនុស្សអាចធ្វើឲ្យយើងខកចិត្ត តែព្រះអង្គគឺជាកន្លែងជ្រកកោនដែលយើងអាចពឹងជ្រកបាន ពេលណាយើងមានអារម្មណ៍ថាមិនអាចស៊ូទ្រាំនឹងទុក្ខលំបាកបាន(ខ.៨-៩)។
ព្រះអង្គគឺជា “អ្នកជួយ” យើង(ខ.៧) ដែលមានន័យថា យើងអាចទុកចិត្តថា ព្រះអង្គនឹងថែរក្សាយើង ក្នុងអំឡុងពេលនៃជីវិតដែលពិបាកបំផុត និងគួរឲ្យខ្លាចបំផុត។ ទោះយើងបានដួល មានស្នាមសម្លាក និងការឈឺចាប់ដែលយើងអាចស៊ូទ្រាំក៏ដោយ ក៏ព្រះវត្តមានដែលជួយសង្គ្រោះរបស់ទ្រង់ គឺជា “កម្លាំង” និង “សេចក្តីសង្គ្រោះ” របស់យើង (ខ.១៤)។—KIRSTEN HOLMBERG
តើយើងអ្នកបានដឹងអំពីព្រះវត្តមានព្រះ ក្នុងទុក្ខលំបាក នៅពេលណា? តើព្រះអង្គបានជួយអ្នកដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលមានព្រះវត្តមានក្នុងជីវិតទូលបង្គំ។
សូមព្រះអង្គជួយទូលបង្គំឲ្យទទួលស្គាល់ថា ព្រះអង្គគង់នៅក្បែរទូលបង្គំជានិច្ច។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : បទចម្រៀងសាឡូម៉ូន ៦-៨ និង កាឡាទី ៤