
ស្គាល់គ្រូល្អ ឬអាក្រក់ ដោយសារផលផ្លែ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 27, 2025
«ដ្បិតគ្មានដើមឈើល្អណា ដែលមានផលផ្លែអាក្រក់ទេ ក៏គ្មានដើមអាក្រក់ណា ដែលមានផលផ្លែល្អដែរ ពីព្រោះគេស្គាល់ដើមឈើនីមួយៗ ដោយសារតែផ្លែទេ» (លូកា ៦:៤៣-៤៤)។
ការរស់នៅរបស់សិស្សតែងតែឆ្លុះបញ្ចាំងការបង្រៀន ដែលពួកគេទទួលបានពីគ្រូ។ ទោះសិស្សធ្វើបានល្អលើសសមត្ថភាពរបស់គ្រូរបស់ពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេតែងតែជំពាក់គុណរបស់គ្រូដែលបានត្រួសត្រាយផ្លូវឲ្យពួកគេ។
កាលព្រះយេស៊ូវមានបន្ទូលអំពីដើមឈើ និងផ្លែរបស់ពួកវា ព្រះអង្គកំពុងមានបន្ទូលសំដៅទៅលើអ្នកដឹកនាំខាងវិញ្ញាណ ក្នុងសម័យរបស់ព្រះអង្គ។ គោលបំណងរបស់ព្រះអង្គ គឺដើម្បីដាស់តឿនយើង មិនឲ្យជ្រើសរើសគ្រូខុស។ ហើយតើធ្វើដូចម្តេចឲ្យយើងអាចដឹងថា គ្រូណាល្អ គ្រូណាអាក្រក់? ព្រះយេស៊ូវមានបន្ទូលថា យើងត្រូវមើលផលផ្លែរបស់ពួកគេ ដែលជាលទ្ធផលដែលគេទទួលបានពីការដើរតាមការបង្រៀន និងការប្រព្រឹត្តរបស់ពួកគេ។
យើងត្រូវតែគិតអំពីផលផ្លែ ផ្អែកទៅលើចារិកលក្ខណៈរបស់គ្រូនោះ ដោយដឹងថា គេមិនអាចវាស់ស្ទង់ចារិកលក្ខណៈ ដោយផ្អែកទៅលើវេហាស័ព្ទ ការមានអំណោយទាន ឬមានអ្នកដើរតាមច្រើននោះទេ។ ផ្ទុយទៅវិញ កាលព្រះយេស៊ូវប្រទានការបង្រៀនអំពីដើមទំពាំងបាយជូរ និងខ្នែងរបស់វា ព្រះអង្គកំពុងបង្ហាញថា ការបង្កើតផលផ្លែ គឺជាការមានចារិកលក្ខណៈដូចព្រះគ្រីស្ទ (យ៉ូហាន ១៥:១-៨)។ គេស្គាល់ដើមឈើនីមួយៗដោយសារផ្លែរបស់វា ដូចនេះ ផលផ្លែនៃព្រះវិញ្ញាណដែលមានដូចជាសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត (កាឡាទី ៥:២២-២៣) នឹងបង្ហាញចេញមក នៅក្នុងការរស់នៅរបស់គ្រូដែលល្អ។
យើងក៏ត្រូវតែពិនិត្យមើលការបង្រៀនរបស់គ្រូនោះដែរ។ សាវ័ក ប៉ុល បានលើកឡើងអំពីបញ្ហានេះ កាលគាត់សរសេរសំបុត្រផ្ញើទៅលោក ធីម៉ូថេ ជាសិស្សដែលគាត់បានបង្រៀនឲ្យធ្វើជាគ្រូគង្វាល។ គឺដូចដែលគាត់បានផ្តាំថា «ចូរប្រុងប្រយ័ត្ននឹងខ្លួនអ្នក ហើយនិងសេចក្តីបង្រៀន ចូរកាន់ខ្ជាប់តាមសេចក្តីទាំងនេះ» (១ធីម៉ូថេ ៤:១៦)។ មិនមែនគ្រូទាំងអស់ដែលកាន់ព្រះគម្ពីរអធិប្បាយព្រះបន្ទូល សុទ្ធតែគិតដល់តម្រូវការខាងវិញ្ញាណពិតប្រាកដរបស់អ្នកស្តាប់ឡើយ។ មិនមែនគ្រប់គ្នាដែលថ្លែងព្រះនាមព្រះគ្រីស្ទ សុទ្ធតែជាគ្រូបង្រៀនព្រះបន្ទូលពិតប្រាកដនោះឡើយ។ ហោរាក្លែងក្លាយបានលេចឡើងនៅគ្រប់ទីកន្លែង។ ដូចនេះ ក្នុងនាមយើងជាអ្នកជឿ យើងត្រូវរៀនសូត្រពីព្រះគម្ពីរ មិនគ្រាន់តែដើម្បីចម្រើនឡើង ក្នុងសេចក្តីបរិសុទ្ធ តែក៏ដើម្បីឲ្យស្គាល់គោលលទ្ធិត្រឹមត្រូវ ដែលជាសញ្ញាសម្គាល់របស់គ្រូដែលកោតខ្លាចព្រះ។ ជាងនេះទៅទៀត យើងអាចទទួលការកម្សាន្តចិត្ត ពីព្រះវិញ្ញាណបរិសុទ្ធដែលគង់សណ្ឋិត ដែលបង្រៀនយើងអំពីអ្វីៗគ្រប់យ៉ាង និងជួយយើងឲ្យអាចញែកឲ្យដាច់រវាងសេចក្តីពិត និងសេចក្តីខុសឆ្គង (១យ៉ូហាន ២:២៧)។
មានការជាប់ទាក់ទងគ្នាដោយផ្ទាល់ រវាងចារិកលក្ខណៈរបស់គ្រូ និងការបង្រៀនរបស់គាត់ ព្រមទាំងឥទ្ធិពលដែលគាត់មានមកលើអ្នកដែលគាត់បង្រៀន។ ដូចនេះ ចូរជ្រើសរើសគ្រូខាងវិញ្ញាណ និងគ្រូឱវាទ ដោយប្រាជ្ញា។ ចូរកុំមើលទៅសមត្ថភាពខាងការអធិប្បាយ សមត្ថភាពបត់បែនតាមវប្បធម៌ ទំនុកចិត្ត ឬភាពកំប្លុកកំប្លែងរបស់ពួកគេឡើយ តែត្រូវមើលទៅចារិកលក្ខណៈ និងខ្លឹមសារនៃការបង្រៀនរបស់ពួកគេ។ ការរស់នៅរបស់អ្នកនឹងបង្ហាញលោកីយ៍ឲ្យឃើញផលផ្លែនៃការបង្រៀន ដែលអ្នកបានទទួល។ នៅពេលដែលអ្នកដទៃមើលមកអ្នក តើពួកគេនឹងរកឃើញអ្វី? តើពួកគេមើលឃើញអ្នក ជាមនុស្សចូលចិត្តថ្កោលទោសអ្នកដទៃ មានចិត្តល្វីងជូរចត់ កោងកាច ឬតាំងខ្លួនជាអ្នកសុចរិតឬ? តើពួកគេនឹងមើលឃើញអ្នកព្រងើយកន្តើយ ឬក្តៅមិនក្តៅត្រជាក់មិនត្រជាក់? ឬមួយពួកគេឃើញអ្នកមានផលផ្លែដ៏ផ្អែមឆ្ងាញ់នៃអំណរ មេត្រីភាព សេចក្តីស្រឡាញ់ និងសេចក្តីសុចរិត?
ខគម្ពីរសញ្ជឹងគិត៖ ២ធីម៉ូថេ ២:១៥-២៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ១៨-១៩ និងយ៉ូហាន ១២:១-២៦