
ជីវិតដែលខុសពីលោកីយ៍ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 7, 2025
«រួចមកដានីយ៉ែលបានត្រឡប់ជាកំពូលលើពួកអធិបតី នឹងពួកចៅហ្វាយទាំងប៉ុន្មាន ដ្បិតលោកមានវិញ្ញាណយ៉ាងស្រួចស្រាល់ ហើយស្ដេចទ្រង់គិតនឹងតាំងលោក ឲ្យត្រួតលើនគរទាំងមូល។ ដូច្នេះ ពួកអធិបតី នឹងពួកចៅហ្វាយក៏ស្វែងរកហេតុពីដំណើររាជការផែនដី ឲ្យទាស់នឹងដានីយ៉ែល តែគេរកឱកាស ឬកំហុសអ្វីមិនបានឡើយ ក៏មិនឃើញមានថ្លោះធ្លោយ ឬទោសទាស់អ្វីដែរ ពីព្រោះលោកជាមនុស្សស្មោះត្រង់» (ដានីយ៉ែល ៦:៣-៤)។
បន្ទាប់ពីលោក ដានីយ៉ែល ត្រូវគេចាប់បញ្ជូនទៅទីក្រុងបាប៊ីឡូន ធ្វើជាចំណាប់ខ្មាំង គាត់ក៏បានក្លាយជាផ្នែកមួយនៃយុវជនអ៊ីស្រាអែលដែលមានភាពលេចធ្លោ ហើយត្រូវស្ដេច នេប៊ូក្នេសា ជ្រើសរើសចូលធ្វើការក្នុងព្រះរាជវាំង។ ទោះគាត់ត្រូវគេនិរទេសពីស្រុកកំណើត និងត្រូវគេដាក់ឈ្មោះថ្មីឲ្យ ហើយរស់នៅឆ្ងាយពីគ្រួសារ និងអ្វីដែលគាត់ធ្លាប់ស្គាល់ ចម្ងាយរាប់រយគីឡូម៉ែត្រក៏ដោយ ក៏គាត់បានតាំងចិត្តថា គាត់នឹងមិនធ្វើឲ្យខ្លួនគាត់ស្មោកគ្រោក ដោយអាហារ និងភេសជ្ជៈរបស់ស្ដេចទេ (ដានីយ៉ែល ១:១២-១៦)។ គាត់មានភាពលេចធ្លោ ក្នុងនាមជាបុរសស្អាតស្អំ ក្នុងសម័យដែលមានភាពពុករលួយខាងសីលធម៌។
លោក ដានីយ៉ែល បានក្លាយជាអ្នកកំពូលលើពួកអធិបតីក្នុងរចនាសម្ព័ន្ធរបស់រាជការដែលគាត់ធ្វើការបម្រើ ដោយសារទីបន្ទាល់នៃការរស់នៅរបស់គាត់។ ជាច្រើនឆ្នាំមកនេះ គាត់បានបង្ហាញភាពស្មោះត្រង់ យ៉ាងច្បាស់។ គាត់ជាមនុស្សដែលប្រកាន់គោលជំហរដោយមិនរេរា គឺដូចដែលគាត់បង្ហាញ នៅពេលដែលចក្រភពបាប៊ីឡូនបានផ្លាស់ប្ដូរអ្នកដឹកនាំថ្មី។ គាត់មានសមត្ថភាពដ៏អស្ចារ្យ ក្នុងការប្រឈមមុខដាក់ និងជម្នះទុក្ខលំបាក ក៏ដូចជាមានប្រាជ្ញាមកពីព្រះ ដែលជួយគាត់ឲ្យអាចផ្តល់ការប្រឹក្សា ដែលនាំមកនូវការផ្លាស់ប្ដូរក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
មុខតំណែងរាជការដែលលោក ដានីយ៉ែល គ្រប់គ្រងងាយនឹងមានអំពើពុករលួយ ប៉ុន្តែគាត់មានកេរ្តិ៍ឈ្មោះល្អ ដោយគាត់បានបដិសេធភាពមិនស្មោះត្រង់គ្រប់ប្រភេទ។ គាត់មិនបានធ្វេសប្រហែស និងមិនខុសសីលធម៌ ហើយក៏គ្មានចន្លោះប្រហោងរវាងការងារសាធារណៈ និងជីវិតឯកជនរបស់គាត់ឡើយ។ គាត់ល្អរកកន្លែងបន្ទោសមិនបាននៅចំពោះមុខមនុស្ស។ សូម្បីតែអ្នកធ្វើការជាមួយគាត់ដែលច្រណែន និងស្អប់គាត់ ដោយសារគាត់មានភាពលេចធ្លោ ក៏មិនអាចរកឃើញកំហុសគាត់ដែរ។
ដោយការច្រណែនឈ្នានីស ពួកមន្ត្រីទាំងអស់នោះ ក៏បាននាំគ្នារៀបគម្រោងកំចាត់គាត់។ ពួកគេមិនសប្បាយចិត្តឡើយ ពេលដែលគាត់ប្ដេជ្ញាចិត្តចំពោះព្រះរបស់គាត់ដោយមិនងាករេ ឬមានមុខនាទីខ្ពស់ជាងគេ។ ពួកគេមិនអាចអត់ទ្រាំ ចំពោះរបៀបដែលគាត់បង្ហាញចេញជំនឿដ៏រឹងមាំចំពោះអំណាច និងសេចក្តីបរិសុទ្ធរបស់ព្រះតាមរយៈការរស់នៅ។ ការរស់នៅដោយបរិសុទ្ធ ច្រើនតែនាំឲ្យមានការស្អប់ខ្ពើម។ គេក៏បានរៀបគម្រោងធ្វើបាបលោក ដានីយ៉ែល មិនមែនដោយសារគាត់ជាមនុស្សអាក្រក់ ប៉ុន្តែដោយសារគាត់ប្រកាន់ខ្ជាប់តាមសេចក្តីពិត។ គាត់ស្រឡាញ់អ្វីដែលព្រះទ្រង់ស្រឡាញ់ ហើយក៏បង្ហាញចេញសេចក្តីស្រឡាញ់នោះ ក្នុងការរស់នៅ។
តើការរស់នៅរបស់អ្នកមានការប្រកាន់ខ្ជាប់នូវសេចក្តីជំនឿស្រដៀងនេះទេ? តើការប្រព្រឹត្តរបស់អ្នកបានប្រកាសសេចក្តីពិតអំពីព្រះរបស់អ្នកទេ? តើអ្នកបានត្រៀមខ្លួនប្ដេជ្ញាចិត្តរក្សាភាពស្អាតស្អំយ៉ាងឆេះឆួលទេ? តើអ្នកខ្វល់អំពីការស្តាប់បង្គាប់ព្រះ ឬខ្វល់អំពីការគិតដែលអ្នកដទៃមានចំពោះអ្នកទេ? ព្រះយេស៊ូវបានដាស់តឿនអ្នកដើរតាមព្រះអង្គថា ពួកគេនឹងត្រូវគេស្អប់ និងទទួលរងការបៀតបៀន ដោយសារពួកគេជឿព្រះអង្គ (ម៉ាថាយ ៥:១១) សូម្បីនៅពេលដែលពួកគេរស់នៅ តាមរបៀបដែលបើកបង្ហាញ និងសរសើរតម្កើងព្រះវរបិតាក៏ដោយ (ខ.១៤-១៦)។ ចូរយើងរស់នៅដោយចិត្តប្ដូរផ្តាច់ ដូចហោរាដានីយ៉ែលផងដែរ ដោយការប្ដេជ្ញាចិត្តមិនងាករេ ក្នុងការស្រឡាញ់អ្វីដែលព្រះស្រឡាញ់ ហើយបង្ហាញសេចក្តីស្រឡាញ់តាមការរស់នៅ។
ខគម្ពីរសញ្ជឹងគិត៖ ១ពេត្រុស ២:៩-១៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ៤២-៤៤ និងយ៉ូហាន ១៩:១-២២