
កិច្ចការបន្ទាប់ដែលព្រះអង្គនឹងធ្វើ
ដោយAmy Boucher Pye
October 7, 2025
យ៉ូហាន ១៦:៣១-៣៣
នៅលោកីយនេះ នោះអ្នករាល់គ្នាមានសេចក្ដីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយហើយ ។ យ៉ូហាន ១៦:៣៣
ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទីពីរ នៅពេលដែលកងទ័ពប្រទេសអាឡឺម៉ង់ទម្លាក់គ្រាប់បែកនៅទីក្រុងឡុងប្រទេសអង់គ្លេស នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៤០ មានគ្រាប់បែកមួយគ្រាប់បានបំផ្លាញឃ្លាំងផ្ទុកទំនិញមួយខ្នង នៅក្បែរព្រះវិហារសន្តប៉ូលជាព្រះវិហារធំ។ អ្នកស្រីប៊ីឌឌី ឆេមប័រ(Biddy Chambers) ក៏បានទទួលដំណឹងថា សៀវភៅរបស់លោកអូស្វ៊ល ឆេមប័រ(Biddy Chambers) ចំនួន៤ម៉ឺនក្បាល ដែលបានស្តុកទុកក្នុងឃ្លាំងនោះ បានទទួលរងការបំផ្លិចបំផ្លាញទាំងស្រុង។ គាត់បានប្រមូលផ្តុំ និងកែសម្រួលសៀវភៅទាំងនោះ តែគាត់បានស្តុកទុក ដោយមិនមានការធានារាប់រងទេ។ គាត់ក៏បានអង្គុយចុះ កាន់ពែងតែ ហើយក៏បានប្រាប់កូនស្រីគាត់ថា “ព្រះទ្រង់បានប្រើសៀវភៅទាំងនោះ ដើម្បីសិរីល្អរបស់ព្រះអង្គ ប៉ុន្តែ ឥឡូវនេះ យើងបាត់បង់សៀវភៅទាំងអស់នោះហើយ។ យើងនឹងរង់ចាំមើលព្រះអង្គនឹងធ្វើអ្វីជាបន្តទៀត”។
អ្នកស្រីប៊ីឌឌីកំពុងនឹកចាំអំពីសៀវភៅ និងអត្ថបទជាច្រើន ដែលលោកអូស៊្វល ជាស្វាមី បាននិពន្ធ នៅដើមដំបូងនៃសង្គ្រាមលោកលើកទី១ មុនពេលលោកអូស្វ៊លលាចាកលោក។ គាត់បានកត់សំគាល់របៀបដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកសិស្សរបស់ព្រះអង្គ អំពី “ហានិភ័យដែលមិនអាចជៀសរួច” ដើម្បីកាលណាការអាក្រក់កើតឡើង ពួកគេនឹង “មិនមានការភ័យខ្លាច”ឡើយ ដោយសារព្រះអង្គគង់នៅជាមួយពួកគេ។ ព្រះអង្គបានប្រាប់ពួកសាវ័កដែលជាមិត្តសំឡាញ់ទ្រង់ថា “នៅលោកីយនេះ នោះអ្នករាល់គ្នាមានសេចក្ដីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយហើយ”(យ៉ូហាន ១៦:៣៣)។ ព្រះអង្គសព្វព្រះទ័យឲ្យពួកគេនៅតែមានភាពរឹងមាំ ក្នុងជំនឿលើព្រះវរបិតារបស់ព្រះអង្គ ដើម្បីឲ្យពួកគេអាចអត់ទ្រាំនឹងទុក្ខលំបាក និងបញ្ហាប្រឈម ដែលពួកគេជួបប្រទះ។
ទំនុកចិត្តដែលអ្នកស្រីប៊ីឌឌីមាន ចំពោះព្រះ បានជួយឲ្យគាត់ឆ្លងកាត់ទុក្ខលំបាកនៅពេលនោះ ហើយទីបំផុត សៀវភៅទាំងនោះត្រូវបានគេបោះពុម្ពឡើងវិញ ហើយក្លាយជាសៀវភៅដ៏ពេញនិយមអស់ជាច្រើនជំនាន់។ យើងក៏អាចរកឃើញការលើកទឹកចិត្ត និងក្តីសង្ឃឹម ក្នុងព្រះបន្ទូលសន្យារបស់ព្រះយេស៊ូវ ដែលបានធានាថា ព្រះអង្គបានឈ្នះលោកិយហើយ។ យើងដឹងថា ព្រះអង្គនឹងមិនចាកចេញពីយើងទេ(១៤:១៨) ហើយនឹងប្រទានសន្តិភាពដល់យើង(ខ.២៧) ទោះយើងជួបប្រទះបញ្ហាអ្វីក៏ដោយ។—Amy Boucher Pye
តើអ្នកយល់ឃើញយ៉ាងណា ចំពោះការឆ្លើយតបរបស់អ្នកស្រីប៊ីឌឌី
នៅពេលដែលគាត់បានទទួលដំណឹងថា សៀវភៅរបស់គាត់ត្រូវភ្លើងឆេះអស់?
តើអ្នកអាចយកតម្រាប់តាមគាត់ ក្នុងការទុកចិត្តព្រះដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ ជាព្រះនៃក្តីស្រឡាញ់ សូមព្រះអង្គជួយទូលបង្គំឲ្យ “ឈ្នះលោកិយ”
ក្នុងការរស់នៅជារៀងរាល់ថ្ងៃ ខណៈពេលដែលទូលបង្គំចែកចាយអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គដល់អ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ២៨-២៩ និង ភីលីព ៣