
បានធានាដោយពាក្យសម្បថ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 9, 2025
«ដែលទ្រង់មានព្រះហឫទ័យសង្វាតលើសទៅទៀត ចង់សំដែងឲ្យពួកគ្រងសេចក្ដីសន្យាទុកជាមរដក បានឃើញព្រះទ័យសំរេចរបស់ទ្រង់ថា មិនចេះប្រែប្រួលឡើយ នោះទ្រង់ក៏បញ្ចូលពាក្យសម្បថដូច្នោះដែរ ដើម្បីឲ្យយើងរាល់គ្នា ដែលបានរត់មកចាប់កាន់សេចក្ដីសង្ឃឹម ដែលដាក់នៅមុខយើង ទុកជាទីជ្រកកោន បានសេចក្ដីកំឡាចិត្តឡើងជាខ្លាំង ដោយសារសេចក្ដីទាំង២មុខនេះដ៏មិនចេះប្រែប្រួល ដែលខាងឯសេចក្ដីទាំង២នោះ ព្រះទ្រង់កុហកពុំបានទេ យើងខ្ញុំមានសេចក្ដីសង្ឃឹមនោះ ទុកដូចជាយុថ្កានៃព្រលឹងដ៏ជាប់លាប់មាំមួន ដែលចូលទៅខាងក្នុងនៃវាំងនន» (ហេព្រើរ ៦:១៧-១៩)។
ពាក្យសម្បថមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះអ្នកធ្វើពាក្យសម្បថ និងអ្នកទទួលពាក្យសម្បថនោះ។ វាជាការសុំការគាំទ្រពីអំណាចខ្ពស់បំផុត ក្នុងគោលបំណងដើម្បីបំបាត់ការសង្ស័យទាំងអស់ ចំពោះពាក្យសម្ដីរបស់នរណាម្នាក់ ហើយធ្វើការបញ្ជាក់ថា ការសន្យានោះអាចទុកចិត្តបាន។ ទោះមនុស្សបានធ្វើការសច្ចាដែលគ្មានន័យដោយកុហក និងធ្វើបន្ទាល់ក្លែងក្លាយក៏ដោយ ក៏គេនៅតែត្រូវធ្វើការសច្ចា ដើម្បីបង្ហាញភាពអាចទុកចិត្តបាននៃពាក្យសម្ដីរបស់នរណាម្នាក់។
ជាការពិតណាស់ ពាក្យសម្បថមិនគ្រានតែល្អ ស្របតាមចរិតលក្ខណៈរបស់អ្នកធ្វើពាក្យសម្បថប៉ុណ្ណោះទេ។ ដូចនេះ យើងដឹងថា ព្រះបន្ទូលសន្យារបស់ព្រះអាចឲ្យយើងទុកចិត្តបាន ដោយសារការពិតដែលថា ព្រះអង្គជាអ្នកសន្យា។ ព្រះអង្គមិនចាំបាច់ត្រូវធានាព្រះបន្ទូលសន្យារបស់ទ្រង់ ដោយពាក្យសម្បថនោះទេ ដូចនេះ ព្រះបន្ទូលសន្យាតែម្យ៉ាង គឺគ្រប់គ្រាន់ល្មមនឹងឲ្យយើងជឿព្រះអង្គហើយ។ ប៉ុន្តែ ព្រះអង្គបានធ្វើថែមមួយជំហានទៀត ដោយសម្បថដោយព្រះនាមទ្រង់ ព្រោះព្រះអង្គមិនអាចស្បថដោយឈ្មោះនរណាម្នាក់ ហើយក៏គ្មាននាមអ្វីធំជាងព្រះនាមព្រះអង្គដែរ។
ព្រះអង្គបាននាំយើងចេញពីពិភពនៃភាពអស់សង្ឃឹម ចូលទៅក្នុងពិភពពិតនៃសេចក្តីសង្ឃឹម និងយុថ្កានៃវិញ្ញាណយើងក៏បានជាប់នៅ និងច្បាស់លាស់។ គឺបានជាប់នឹងព្រះបន្ទូលសន្យារបស់ព្រះ ដែលមិនអាចផ្លាស់ប្ដូរបាន ហើយក៏ជាប់នឹងពិភពនៃស្ថានសួគ៌ដែលមើលមិនឃើញ ដោយព្រះដែលមិនអាចកុហក។ តាមពិត ព្រះបន្ទូលសន្យាទាំងនេះមានភាពជាប់លាប់យ៉ាងខ្លាំង បានជាការចែកចាយព្រះបន្ទូលសន្យានេះដល់អ្នកដទៃ ក្នុងការផ្សាយដំណឹងល្អ គឺបានធ្វើឲ្យប៉ះពាល់ចិត្តពួកគេ ព្រោះយើងកំពុងរស់នៅក្នុងលោកីយ៍ ដែលមានពេញដោយភាពអស់សង្ឃឹម និងវប្បធម៌ដែលព្យាយាមគ្របបាំងការមិនពេញចិត្ត ដោយការញញឹមក្លែងក្លាយ ការដើរកម្សាន្ត និងសម្ភារៈនិយម។
ពិតជាអស្ចារ្យណាស់ ដែលយើងអាចធ្វើជាមនុស្ស ដែលចាក់ឫសក្នុងជំនឿ ដោយមានព្រះបន្ទូលសន្យាធ្វើជាយុថ្កា។ ព្រះយេស៊ូវគ្រីស្ទ សក្តិសមនឹងឲ្យយើងជឿ ហើយអាចដឹងថា សេចក្ដីសន្យារបស់ព្រះ «ក៏នៅសុទ្ធតែជា «បាទ» ក្នុងទ្រង់ ហើយ «អាម៉ែន» ក្នុងទ្រង់» (២កូរិនថូស ១:២០) ដែលព្រះជន្ម និងការសុគតរបស់ព្រះអង្គព្រមទាំងការមានព្រះជន្មរស់ឡើងវិញ និងការយាងឡើងនគរស្ថានសួគ៌វិញ បាននាំមកនូវជ័យជម្នះដ៏អស្ចារ្យ និងអស់កល្បជានិច្ច។
តើព្រះទ្រង់មានព្រះបន្ទូលសន្យាចំពោះអ្នកត្រង់ចំណុចណា ដែលអ្នកពិបាកជឿ និងសង់ជីវិតអ្នកពីលើ? ចូរចាំថា នរណាជាអ្នកប្រទានព្រះបន្ទូលសន្យានោះ។ ព្រះអង្គជាព្រះ ដែលបានសន្យាចំពោះលោកអ័ប្រាហាំ ជាមនុស្សដែលគ្មានកូនក្នុងវ័យចាស់ថា កូនចៅជំនាន់ក្រោយរបស់គាត់ នឹងមានគ្នាច្រើនដូចជាផ្កាយនៅលើមេឃ ហើយក៏ធ្វើតាមព្រះបន្ទូលសន្យានោះ។ ព្រះអង្គក៏ជាព្រះដែលបានស្បថចំពោះសាវ័ករបស់ព្រះអង្គថា ព្រះអង្គនឹងត្រូវគេបដិសេធ ហើយធ្វើគុត ហើយបីថ្ងៃក្រោយមក ព្រះអង្គមានព្រះជន្មរស់ឡើងវិញ ហើយព្រះអង្គក៏បានធ្វើតាមព្រះបន្ទូលសន្យានេះ។
ចូរយើងរង់ចាំព្រះដែលបានប្រទានព្រះបន្ទូលសន្យាដែលយើងពិបាកជឿ។ ចូរយើងចាំថា ព្រះអង្គមានលក្ខណៈដូចម្ដេច។ នេះជាយុថ្កាសម្រាប់វិញ្ញាណរបស់អ្នក និងជាក្តីសង្ឃឹមសម្រាប់ពេលអនាគតរបស់អ្នក។
ខគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ១០៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ៤៧-៤៨ និងយ៉ូហាន ២០