
លើកទឹកចិត្ត ដោយការអធិស្ឋាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 10, 2025
«ដ្បិតពួកកូនចៅអ៊ីស្រាអែល គេបានបោះបង់ចោលសេចក្ដីសញ្ញាទ្រង់ គេបានរំលំអស់ទាំងអាសនាទ្រង់ ហើយបានសំឡាប់ពួកហោរាទ្រង់ ដោយដាវផង នៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះ ហើយគេស្វែងរកជីវិតទូលបង្គំថែមទៀត» (១ពង្សាវតាក្សត្រ ១៩:១៤)។
សន្និបាតគ្រូគង្វាលមួយ មានវគ្គសិក្សាមួយដែលបង្រៀនអំពីវិធីសាស្ត្រប្រឈមមុខដោះស្រាយបញ្ហានៃភាពអស់សង្ឃឹម និងការធ្លាក់ទឹកចិត្ត នៅក្នុងការងារបម្រើព្រះ។ សិក្ខាសាលានេះពិតជាបានលើកទឹកចិត្តអ្នកចូលរួមណាស់ ប៉ុន្តែខ្ញុំក៏មានការសោកស្តាយយ៉ាងខ្លាំង ពេលដែលបានដឹងថា គ្រូគង្វាលជាច្រើនកំពុងមានការធ្លាក់ទឹកចិត្ត និងអស់សង្ឃឹម។ សិក្ខាសាលានេះជាវគ្គសិក្សាល្អបំផុតនៅក្នុងសន្និបាតទាំងមូល ដែលមានមនុស្សចូលរួមពេញបន្ទប់រហូតដល់ថ្នាក់អ្នកខ្លះត្រូវឈរ ដោយសារគ្មានកន្លែងអង្គុយ។ គ្រូគង្វាលខ្លះបានមកចូលរួមជាមួយភរិយារបស់ខ្លួន ក្នុងសិក្ខាសាលានេះ ដើម្បីស្វែងរកក្តីសង្ឃឹម និងដំណោះស្រាយ សម្រាប់ការបាក់ទឹកចិត្តធ្ងន់ធ្ងរក្នុងការងារបម្រើព្រះ។
បើហោរា អេលីយ៉ា បានចូលរួមក្នុងសិក្ខាសាលានោះ គាត់ប្រាកដជាយល់អំពីអារម្មណ៍របស់អ្នកបម្រើព្រះ ក្នុងបន្ទប់នោះ ដែលមានការបាក់ទឹកចិត្តខ្លាំងបំផុត។ គាត់ធ្លាប់ឆ្លងកាត់ភាពអស់សង្ឃឹមដោយផ្ទាល់ ក្នុងការងារដែលគាត់ធ្វើថ្វាយព្រះ។ គាត់ធ្លាប់ឈរម្នាក់ឯង នៅចំពោះមុខមនុស្ស៤៥០នាក់ ដែលសុទ្ធតែមានអាវុធនៅក្នុងដៃ គឺពួកហោរារបស់ព្រះបាល ជាព្រះក្លែងក្លាយ។ ពួកគេទាស់ប្រឆាំងនឹងគាត់ទាំងស្រុង តែនៅពេលនោះ គាត់ក៏បានដកពិសោធន៍នឹងព្រះចេស្ដារបស់ព្រះ ដែលបានបំផ្លាញខ្មាំងសត្រូវរបស់ទ្រង់ឲ្យវិនាស។ ប៉ុន្តែ បន្ទាប់ពីហេតុការណ៍នោះបានកើតឡើងហើយ មិនទាន់បានយូរប៉ុន្មានផង ម្ចាស់ក្សត្រីយេសិបិល ក៏បានផ្ញើសារគម្រាមកំហែងជីវិតគាត់ ធ្វើឲ្យគាត់រត់គេចខ្លួននៅក្នុងវាលរហោស្ថាន។ គាត់ក៏បានពួននៅក្នុងរូងភ្នំមួយយប់ ដោយការធ្លាក់ទឹកចិត្ត ដោយយល់ឃើញថា មានតែគាត់ម្នាក់ប៉ុណ្ណោះ ដែលនៅមានការប្ដូរផ្តាច់ចំពោះព្រះ។ ក្នុងស្ថានភាពដែលអស់សង្ឃឹមបំផុតនោះ ព្រះទ្រង់ក៏បានលើកទឹកចិត្តគាត់ ដោយព្រះបន្ទូលសន្យាថា «អញនឹងទុកឲ្យមានមនុស្ស៧ពាន់នាក់សល់នៅ ក្នុងពួកអ៊ីស្រាអែល ជាពួកអ្នកដែលមិនបានលុតជង្គង់ក្រាប នៅចំពោះព្រះបាល ឬថើបវាឡើយ» (១ពង្សាវតាក្សត្រ ១៩:១៨)។
សេចក្តីជំនឿ និងការលូតលាស់របស់អ្នក កាន់តែមានលក្ខណៈដូចព្រះគ្រីស្ទ គឺបានលើកទឹកចិត្តគ្រូគង្វាលរបស់អ្នកយ៉ាងខ្លាំង។ នៅពេលដែលសាវ័ក ប៉ុល បានដឹងថា ពួកជំនុំក្មេងខ្ចីនៅទីក្រុងថែស្សាឡូនីច នៅតែឈរមាំក្នុងជំនឿ គាត់ក៏បានសរសេរសំបុត្រផ្ញើទៅពួកគេថា «ដ្បិតឥឡូវនេះ បើអ្នករាល់គ្នាឈរនៅមាំមួនក្នុងព្រះអម្ចាស់ នោះទើបយើងខ្ញុំនឹងរស់នៅ។ តើយើងខ្ញុំអាចនឹងអរព្រះគុណដល់ព្រះ ពីដំណើរអ្នករាល់គ្នាដោយប្រការដូចម្ដេច ឲ្យបានល្មមធួននឹងអស់ទាំងសេចក្ដីអំណរ ដែលយើងខ្ញុំមាននៅចំពោះព្រះនៃយើង ដោយព្រោះអ្នករាល់គ្នាបាន» (១ថែស្សាឡូនីច ៣:៨-៩)។
អ្នកបម្រើព្រះ ក្នុងគ្រប់ផ្នែកទាំងអស់នៃការងារបម្រើព្រះ មិនមានភាពស៊ាំនឹងការបាក់ទឹកចិត្តឡើយ។ ផ្លូវនៃការងារបម្រើព្រះ មានដំណើរឡើងចុះ មានថ្ងៃដែលរីករាយ ហើយក៏មានថ្ងៃគ្រោះមហន្តរាយផងដែរ។ នៅពេលណាយើងបាក់ទឹកចិត្ត យើងហាក់ដូចជាពិបាកបន្តដំណើរទៅមុខទៀត តែព្រះទ្រង់ប្រើរាស្ត្ររបស់ព្រះអង្គ ដើម្បីលើកទឹកចិត្តគ្រូគង្វាល និងអ្នកដឹកនាំពួកជំនុំ ដោយជំនឿ និងការលូតលាស់ ព្រមទាំងការអធិស្ឋានរបស់ពួកគេផងដែរ។ នៅពេលដែលលោកគ្រូ ឆាល ស្ព័រជិន (C.H Spurgeoun) នាំគេធ្វើទស្សនកិច្ច ក្នុងព្រះវិហារមេត្រូផូលីធិន នៅទីក្រុងឡុងដ៍ (Metropolitan Tabernacle in London) គាត់បាននាំពួកគេទៅមើលបន្ទប់ក្រោមដី ដើម្បីបង្ហាញ «បន្ទប់កម្តៅ»។ ប៉ុន្តែ គេមិនឃើញមានឧបករណ៍កម្តៅទេ ផ្ទុយទៅវិញ គេឃើញតែកន្លែងអង្គុយប៉ុណ្ណោះ។ នៅទីនោះ មនុស្សរាប់រយនាក់តែងតែជួបជុំគ្នារៀងរាល់ពេលព្រឹកថ្ងៃអាទិត្យ ដើម្បីអធិស្ឋានឲ្យលោកគ្រូ ស្ព័រជិន ខណៈពេលដែលគាត់អធិប្បាយព្រះបន្ទូល។ គាត់ដឹងថា ប្រសិទ្ធភាពនៃការងារដែលគាត់ធ្វើថ្វាយព្រះ ពឹងផ្អែកទៅលើអ្នកដែលអធិស្ឋានឲ្យគាត់ និងពឹងផ្អែកទៅលើព្រះ ដែលឆ្លើយតបការអធិស្ឋានរបស់ពួកគេ។
បើអ្នកកំពុងធ្វើការបម្រើព្រះ (ទោះបានប្រាក់ខែឬអត់) ហើយមានអារម្មណ៍បាក់ទឹកចិត្ត សូមចាំថា អ្នកបានជះឥទ្ធិពលអស់កល្បជានិច្ច ក្នុងជីវិតមនុស្សជាច្រើន។ ពេលដែលអ្នកក្រឡេកមកក្រោយ មើលទៅពេលប៉ុន្មានឆ្នាំកន្លងមក និងមើលទៅទុក្ខលំបាកដែលអ្នកបានឆ្លងកាត់ អ្នកនឹងអាចដឹងច្បាស់ថា ព្រះទ្រង់ពិតជាបានធ្វើការតាមរយៈអ្នកពិតមែន។ សូមឲ្យការនេះបានលើកទឹកចិត្តអ្នក! ហើយទោះអ្នកជានរណាក៏ដោយ តើអ្នកបានសរសេរសារលើកទឹកចិត្តទៅនរណាម្នាក់ ឬអធិស្ឋានឲ្យអ្នកបម្រើព្រះដទៃទៀតតាំងពីពេលណា? កិច្ចការទាំងអស់នេះពិតជាសំខាន់ណាស់។ ទោះអ្នកដឹកនាំទាំងនេះ បន្តអធិប្បាយព្រះបន្ទូល និងបង្រៀនតាមរបៀបដដែលក៏ដោយ ក៏ការអធិស្ឋានឲ្យពួកគេដោយជំនឿ ពិតជាបានជួយការងាររបស់ពួកគេឲ្យកាន់តែមានប្រសិទ្ធភាព។ ជាការពិតណាស់ យើងម្នាក់ៗសុទ្ធតែមានកាតព្វកិច្ចអធិស្ឋានឲ្យពួកគេ។
ខគម្ពីរសញ្ជឹងគិត៖ ១ថែស្សាឡូនីច ២:១៧-៣:១៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ បទចម្រៀងសាឡូម៉ូន ១-៣ និងយ៉ូហាន ២១