
ដែករមែងសំលៀងដែក
ដោយLeslie Koh
October 23, 2025
សុភាសិត ២៧:១៧-២៧
ដែករមែងសំលៀងដែក ឯមនុស្ស ក៏ធ្វើឲ្យមិត្រសំឡាញ់ខ្លួនមុតស្រួចយ៉ាងនោះដែរ ។ សុភាសិត ២៧:១៧
លូអ៊ីស(Louise) ជាអ្នកគ្រប់គ្រងគម្រោង មានការស្តាយក្រោយ ដែលបានទទួលយកការងារក្រៅក្របខណ្ឌមួយ។ អតិថិជន និងអ្នករចនាកំពុងតែធ្វើឲ្យគាត់បាត់បង់ការអត់ធ្មត់។ គាត់ឆ្ងល់ថា ហេតុអ្វីការងារនេះមានការពិបាកយ៉ាងនេះ? ហេតុអ្វីពួកគេមិនអាចធ្វើការងារឲ្យបានត្រឹមត្រូវ?
មួយសប្តាហ៍ក្រោយមក គាត់ក៏បានអានបទគម្ពីរ សុភាសិត ជំពូក២៧ ហើយមានការចាប់អារម្មណ៍ជាងគេ ចំពោះ ខ.១៧ ដែលបានចែងថា “ដែករមែងសំលៀងដែក”។ បន្តិចក្រោយមក គាត់ក៏បានចែកចាយដល់ក្រុមតូចរបស់គាត់ថា “អ្នកមិនអាចសំលៀងដែកគគ្រើម ដោយវត្ថុអ្វីដែលទន់ ដូចក្រណាត់សូត្របានទេ។ អ្នកត្រូវការវត្ថុរឹងៗ ដូចដែកឆាប”។
លូអ៊ីសក៏បានដឹងថា បញ្ហាប្រឈមក្នុងគម្រោងនោះ បានសំលៀង និងដុះខាត់ជីវិតគាត់ឲ្យស្មើស្អាត។ គាត់កំពុងរៀនអត់ធ្មត់ និងបន្ទាបខ្លួន ហើយសម្របខ្លួននឹងការងារដែលត្រូវធ្វើតាមរបៀបខុសពីមុន។ គាត់ក៏បានសន្និដ្ឋានថា ព្រះទ្រង់កំពុងប្រើគម្រោងនេះ ដើម្បីបង្ហាញចំណុចខ្វះខាតរបស់គាត់ និងបង្រៀនគាត់នូវមេរៀនថ្មីៗ សម្រាប់ធ្វើការជាមួយអ្នកដទៃ។
ភាគច្រើន កណ្ឌគម្ពីរសុភាសិតលើកតម្កើងប្រាជ្ញាដែលមកពីព្រះ តែប្រាជ្ញានេះមិនមករកយើងដោយងាយៗទេ។ យើងចាំបាច់ត្រូវស្វែងរកប្រាជ្ញានោះ ដោយការស្តាប់បង្គាប់ និងការយល់ដឹង(៣:១៣ ១៣:២០ ១៩:២០) ហើយត្រូវការការសម្រឹតសម្រាំងដូចមាសនៅក្នុងឡ និងអង្ករនៅក្នុងត្បាល់បុក(២៧:២១-២២) ពោលគឺនៅក្នុងស្ថានភាពដែលអាចមានការឈឺចាប់ និងទុក្ខវេទនាបណ្ដោះអាសន្ន។
តែព្រះគម្ពីរប៊ីបបានក្រើនរំឭកយើងថា ការជួបបញ្ហាប្រឈម គឺមិនឥតប្រយោជន៍ទេ ព្រោះពេលណាយើងស្វែងរកប្រាជ្ញាមកពីព្រះ ដោយចិត្តឧស្សាហ៍ និងស្តាប់បង្គាប់តាមផ្លូវរបស់ព្រះអង្គ យើងនឹងរកឃើញទំនុកចិត្ត ការស្កប់ចិត្ត និងព្រះពរពិតប្រាកដ(ខ.២៦-២៧)។—Leslie Koh
តើស្ថានភាពពិបាកៗដែលបានកំពុងជួបប្រទះបានបង្រៀនអ្នកអ្វីខ្លះ?
តើព្រះទ្រង់អាចបន្សុទ្ធ និងកែប្រែអ្នកដូចម្តេចខ្លះ ដើម្បីឲ្យអ្នកកាន់តែដូចព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះអង្គ?
ឱព្រះវរបិតាដែលមានក្តីស្រឡាញ់ សូមព្រះអង្គប្រទានកម្លាំងឲ្យទូលបង្គំអាចស៊ូទ្រាំនឹងទុក្ខលំបាក ហើយបន្ទាបចិត្ត
រៀនសូត្រពីបញ្ហាប្រឈមក្នុងជីវិត។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការកែប្រែទូលបង្គំជារៀងរាល់ថ្ងៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ១-២ និង ១ធីម៉ូថេ ៣