
ចម្រើនឡើង យ៉ាងរឹងមាំក្នុងព្រះ
ដោយBill Crowder
October 24, 2025
១ធីម៉ូថេ ១:១២-២០
ដើម្បីឲ្យអ្នកបានច្បាំងជាចំបាំងយ៉ាងល្អ ដោយសារសេចក្ដីទាំងនោះ ព្រមទាំងរក្សាសេចក្ដីជំនឿ នឹងបញ្ញាចិត្តជ្រះថ្លា។ ១ធីម៉ូថេ ១:១៨-១៩
កាលពីក្មេង ខ្ញុំចូលចិត្តអានរឿងនិទានអំពីចោរសមុទ្រ។ ដំណើរផ្សងព្រេង ក្នុងរឿងនិទានទាំងនោះបានជួយជំរុញខ្ញុំឲ្យមានការស្រមៃច្រើនណាស់។ សព្វថ្ងៃនេះ ខ្ញុំរស់នៅក្នុងតំបន់មួយ ដែលចោរសមុទ្រល្បីល្បាញបំផុតឈ្មោះ ប្ល៊ែកបៀដ(Blackbeard ឈ្មោះពិតគឺ Edward Teach) បានបង្កើតទីស្នាក់ការរបស់គាត់នៅទីនោះ។ សំពៅដែលបានលិច ក្នុងទឹកសមុទ្រនៅក្បែរឆ្នេរក្នុងតំបន់នេះ គឺជាសំពៅរបស់លោកប្ល៊ែកបៀដ ដែលមានឈ្មោះថា ការសងសឹករបស់ក្សត្រីអ៊ែន(Anne)។
យើងអាចនិទានរឿងយ៉ាងងាយស្រួល អំពីកន្លែងសំពៅលិច និងការធ្វើដំណើរផ្សេងព្រេងតាមសមុទ្រ ក្នុងប្រវត្តិសាស្រ្ត។ ទោះជាយ៉ាងណាក៏ដោយ សាវ័កប៉ុលបានសរសេរអំពីការលិចសំពៅផ្សេងពីនេះ ដែលផ្តល់ឲ្យយើងនូវការដាស់តឿន និងការលើកទឹកចិត្ត។ ក្នុងសំបុត្រទីមួយ ដែលគាត់បានសរសេរផ្ញើលោកធីម៉ូថេ គាត់បានដាស់តឿនលោកធីម៉ូថេជាកូនខាងជំនឿឲ្យ “រក្សាសេចក្ដីជំនឿ នឹងបញ្ញាចិត្តជ្រះថ្លា ដែលមនុស្សខ្លះបានបោះបង់ចោល ហើយគេបានលិចបាត់ខាងឯសេចក្ដីជំនឿផង”(១ធីម៉ូថេ ១:១៩)។ តើការលិចសំពៅនេះ មានលក្ខណៈដូចម្តេច? គាត់និយាយអំពីការលិចសំពៅនេះ សំដៅទៅលើបុរសពីរនាក់ឈ្មោះ ហ៊ីមេនាស និងអ័លេក្សានត្រុស ដែលគាត់បានប្រគល់ទៅអារក្សសាតាំង ឲ្យត្រូវវាយផ្ចាល ដើម្បីឲ្យគេរាងចាល កុំឲ្យប្រមាថព្រះទៀត(ខ.២០)។ សាវ័កប៉ុលចង់ឲ្យពួកគេប្រែចិត្តចេញពីបាប តែផលវិបាកនៃទង្វើរបស់ពួកគេមានភាពធ្ងន់ធ្ងរណាស់។
ជំនឿរបស់យើងមិនអាចនៅទ្រឹងមួយកន្លែង ហើយយើងក៏មិនអាចជឿតែបបូរមាត់ឡើយ។ យើងត្រូវតែថែរក្សាទំនាក់ទំនងជាមួយព្រះអង្គយ៉ាងសកម្ម ដើម្បីឲ្យយើងចម្រើនឡើង មានភាពរឹងមាំ និងសុខភាពល្អខាងជំនឿ និងមានបញ្ញាចិត្តជ្រះថ្លា។ ចូរយើងចូលរួមជាមួយអ្នកជឿដទៃទៀត ដោយចុះចូលព្រះវិញ្ញាណរបស់ព្រះ ហើយអនុញ្ញាតឲ្យព្រះអង្គធ្វើការក្នុងយើង។ យើងអាចជៀសវាងការលិចសំពៅខាងវិញ្ញាណ។—Bill Crowder
តើអ្នកអាចពិពណ៌នា អំពីទំនាក់ទំនងដែលអ្នកមានជាមួយព្រះយេស៊ូវ ដូចម្តេចខ្លះ?
បើអ្នករសាត់អណ្ដែតចេញពីព្រះអង្គ តើអ្នកអាចធ្វើអ្វីដំបូងគេ ដើម្បីវិលត្រឡប់មករកព្រះអង្គវិញ?
ឱព្រះវរបិតាប្រកបដោយប្រាជ្ញា សូមព្រះវិញ្ញាណព្រះអង្គ ធ្វើការក្នុងចិត្តទូលបង្គំ
ដើម្បីឲ្យទូលបង្គំបានជិតស្និទ្ធជាមួយព្រះអង្គ និងចម្រើនឡើងក្នុងជំនឿរបស់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៣-៥ និង ១ធីម៉ូថេ ៤