
បទចម្រៀងនៃសេចក្តីសង្គ្រោះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 24, 2025
«ទ្រង់ជាទីពំនួននៃទូលបង្គំ ទ្រង់នឹងការពារទូលបង្គំឲ្យរួចពីសេចក្ដីទុក្ខលំបាក ទ្រង់នឹងព័ទ្ធទូលបង្គំជុំវិញ ដោយទំនុកនៃសេចក្ដីសង្គ្រោះ» (ទំនុកតម្កើង ៣២:៧)។
បើអ្នកមើលខ្សែភាពយន្ត រ៉ូប៊ីន ហ៊ូដ (Robin Hood) ឬស្ដេច អាធ័រ (King Arthur) ជាខ្សែភាពយន្តសខ្មៅ ដែលគេផលិតនៅសម័យមុន អ្នកនឹងឃើញក្សត្រីជិះសេះចូលទៅក្នុងសមរភូមិ។ ពួកគេមិនទៅតែម្នាក់ឯងទេ តែមានទាហានជិះសេះការពារជុំវិញពួកគេ។
នៅថ្ងៃដ៏ពិបាក យើងអាចក្រើនរំឭកខ្លួនយើងថា ព្រះទ្រង់ «នឹងបង្គាប់ដល់ពួកទេវតារបស់ទ្រង់ពីដំណើរឯង ឲ្យបានថែរក្សាឯង ក្នុងគ្រប់ទាំងផ្លូវរបស់ឯង» (ទំនុកតម្កើង ៩១:១១) ហើយព្រះអង្គហ៊ុមព័ទ្ធយើង ដោយពួកជំនុំជាគ្រីស្ទបរិស័ទដទៃទៀតដែលកាន់ទង់ជ័យព្រះគ្រីស្ទ។ ជីវិតរបស់គ្រីស្ទបរិស័ទ គឺសម្រាប់ធ្វើដំណើរជាក្រុម មិនមែនទៅតែម្នាក់ឯងនោះទេ។ យើងមានអត្ថប្រយោជន៍នៅក្នុងការធ្វើដំណើរទាំងអស់គ្នា ដើម្បីបុព្វហេតុរបស់ព្រះគ្រីស្ទ។ យើងត្រូវហ៊ុមព័ទ្ធខ្លួនយើងដោយមនុស្សដែលផ្តល់ឲ្យយើងនូវ «ទំនុកនៃសេចក្ដីសង្គ្រោះ»។ ពេលណាយើងថ្វាយបង្គំទាំងអស់គ្នា យើងនឹងទទួលបានអត្ថប្រយោជន៍នៃការរំដោះ ដែលព្រះទ្រង់ប្រទានយើង។
ពេលណាយើងមានអារម្មណ៍វង្វេងដោយសារបញ្ហាក្នុងជីវិត ឬបានដឹងច្បាស់ថា យើងមានចំណុចខ្វះខាត កំហុស ការបាក់ទឹកចិត្ត និងការសង្ស័យ នោះដំណោះស្រាយគឺមិនមែនជាការព្យាយាមជួយយឹតយោងខ្លួនឯងនោះទេ។ ផ្ទុយទៅវិញ យើងអាចមើលទៅការអស្ចារ្យដែលព្រះយេស៊ូវបានធ្វើ ហើយត្រូវប្រាកដថា យើងស្តាប់ឮបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទចែកចាយអំពីការអ្វីដែលព្រះអង្គបានធ្វើ។ ដោយជំនួយមកពីសៀវភៅទំនុកសកលដ៏សាមញ្ញ គួបផ្សំនឹងព្រះបន្ទូលព្រះ យើងអាចលើកទឹកចិត្តគ្នាទៅវិញទៅមក ក្នុងថ្ងៃដែលងងឹតបំផុត ដោយបំពេញគំនិតយើង ដោយសេចក្តីពិតតាមរយៈបទចម្រៀង និងបទគម្ពីរ។
លោក អាលេក ម៉ូតយ័រ (Alec Motyer) ធ្លាប់បានសរសេរថា «ពេលណាសេចក្តីពិត ចូលទៅក្នុងការប្ដេជ្ញាចិត្ត ឬសៀវភៅទំនុកសកល សេចក្តីពិតក៏បានក្លាយជាទ្រព្យសម្បត្តិរបស់ពួកជំនុំទាំងមូល ដែលប្រកាន់ខ្ជាប់តាមយ៉ាងមាំមួន»។1 យើងអាចនិយាយទៅកាន់ខ្លួនឯង ជារៀងរាល់ថ្ងៃ ដោយពាក្យសម្ដីចាក់ឫសជ្រៅក្នុងទេវសាស្ត្រ យ៉ាងដូចនេះថា «ព្រះអង្គមានអ្វីៗគ្រប់យ៉ាង ដែលខ្ញុំត្រូវការ ដើម្បីឆ្លងកាត់បញ្ហានេះ»។ បន្ទាប់មក ក្នុងចំណោមរាស្ត្ររបស់ព្រះ យើងអាចថ្វាយបង្គំព្រះទាំងអស់គ្នាដោយទូលសូមព្រះអម្ចាស់នូវព្រះគុណ និងសន្តិភាព។ ពួកជំនុំដែលរស់ គឺជាពួកជំនុំដែលច្រៀងសរសើរតម្កើងព្រះ។
ព្រះអង្គមិនបានបង្កើតយើងឲ្យថ្វាយបង្គំតែម្នាក់ឯងនៅលើកោះនោះទេ។ ការរួមគ្នាថ្វាយបង្គំព្រះ គឺត្រូវហ៊ុមព័ទ្ធដោយបទចម្រៀងនៃសេចក្តីសង្គ្រោះ។ ព្រះអាទិករបានរចនាយើងមក ឲ្យឈរនៅក្នុងជំនុំនៃអ្នកដែលបញ្ជាក់ដល់អ្នកដូចដែលអ្នកបញ្ជាក់ពួកគេ ដោយពាក្យដែលគួរឲ្យចងចាំថា៖
ខ្ញុំសូមច្រៀង អំពីព្រះអង្គសង្គ្រោះរបស់ខ្ញុំ
ព្រះអង្គបានបង់ថ្លៃលោះ ដោយព្រះលោហិតរបស់ព្រះអង្គ
នៅលើឈើឆ្កាង ព្រះអង្គសម្រេចការអត់ទោសឲ្យខ្ញុំ
ព្រះអង្គបានបង់ថ្លៃលោះ ហើយរំដោះខ្ញុំឲ្យមានសេរីភាព។2
ខគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ១៤៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១សាំយ៉ូអែល ៣០-៣១ និង១ធីម៉ូថេ ៤