
ទេវសាស្ត្រដែលទ្រទ្រង់យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 26, 2025
«រួចគាត់និយាយទៅបងប្អូនថា ខ្ញុំហៀបនឹងស្លាប់ហើយ តែព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន ហើយនឹងនាំអ្នករាល់គ្នាឡើង ចេញពីស្រុកអេស៊ីព្ទនេះ ទៅក្នុងស្រុកដែលទ្រង់បានស្បថថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុប។...យ៉ូសែបគាត់ក៏ស្លាប់ទៅ អាយុគាត់បាន១១០ឆ្នាំ» (លោកុប្បត្ដិ ៥០:២៤, ២៦)។
ព្រះគម្ពីរមានខគម្ពីរជាច្រើនដែលចែងអំពីការស្លាប់របស់បុគ្គលមួយចំនួន ដែលគួរតែបណ្ដាលចិត្តយើងឲ្យប្រឈមមុខដាក់ការពិតនៃសេចក្តីស្លាប់ ដែលយើងត្រូវជួបប្រទះនៅទីបញ្ចប់។ ចំនួនថ្ងៃអាយុរបស់យើងមានកំណត់។ ព្រះទ្រង់បានសម្រេចព្រះទ័យថា មិនប្រាប់យើងអំពីថ្ងៃដែលយើងត្រូវស្លាប់ តែកណ្ឌគម្ពីរទំនុកតម្កើងបានប្រាប់យើងថា ព្រះបានកត់ទុកជាស្រេចនូវជីវិតប្រចាំថ្ងៃរបស់យើង នៅក្នុងសៀវភៅរបស់ព្រះអង្គ តាំងពីមុនពេលដែលថ្ងៃទាំងនោះមកដល់ (ទំនុកតម្កើង ១៣៩:១៦)។ លោក យ៉ូសែប បានរស់នៅដល់អាយុ១១០ឆ្នាំ តែទោះជាយ៉ាងណាក៏ដោយ គាត់ត្រូវប្រឈមមុខដាក់សេចក្តីស្លាប់របស់គាត់ដូចយើងផងដែរ។ លោក យ៉ូសែប បានយល់ដឹង និងទទួលយកសេចក្តីស្លាប់របស់គាត់។ គាត់មិនបានបញ្ចេញកំហឹងដាក់ការរល់ពន្លឺជីវិត ជាពាក្យដែលកវីកំណាព្យ ឌីឡិន ថូម៉ាស (Dylan Thomas)1 បានប្រើ តែផ្ទុយទៅវិញ បុព្វបុរសនៃក្រុមភ្ជួរីធិនបានប្រើពាក្យ «ការស្លាប់ដ៏ល្អ»។ តើមានអ្វីអនុញ្ញាតឲ្យយើងស្លាប់បានល្អ? គឺទេវសាស្ត្រដែលរឹងមាំ ដែលជាការយល់ដឹងដ៏រឹងមាំអំពីព្រះជានរណាកាលពីមុន និងក្នុងពេលសព្វថ្ងៃ។ នៅចុងបញ្ចប់ លោក យ៉ូសែប ក៏បានពង្រឹងជំនឿរបស់គាត់ ដោយក្រើនរំឭកអំពីភស្តុតាងនៃការថែរក្សា និងឃុំគ្រងរបស់ព្រះ និងព្រះបន្ទូលសន្យាចំពោះរាស្ត្ររបស់ព្រះអង្គ។ ដោយសារគាត់មានជំនឿលើសេចក្តីល្អរបស់ព្រះ គាត់អាចប្រឈមមុខដាក់សេចក្តីស្លាប់ ដោយគ្មានការភ័យខ្លាច។ គាត់មិនខ្លាច ឬមានចិត្តអាត្មានិយម គាត់មិនបានឈោងទៅរកក្តីសង្ឃឹមដែលគ្រាន់តែជាស្រមោលនោះទេ។ ផ្ទុយទៅវិញ ពាក្យសម្ដីរបស់គាត់ខ្លី ហើយផ្ដោតទៅលើគ្រួសារ និងព្រះរបស់គាត់។ ការឆ្លើយតបដូចនេះ អាចកើតចេញពីទស្សនៈអំពីរឿងរាល់ក្នុងពិភពលោក ស្របតាមចរិតលក្ខណៈ និងគោលបំណងរបស់ព្រះ។
តើយើងជឿដូចលោក យ៉ូសែប ថា ព្រះទ្រង់នឹងរំដោះរាស្ត្ររបស់ព្រះអង្គឲ្យមានសេរីភាពឬទេ? តើយើងអាចមើលឃើញភស្តុតាងនៃជំនឿនេះក្នុងជីវិតរបស់យើងទេ? តើយើងមើលឃើញភស្តុតាងនៃជំនឿនេះ ក្នុងជីវិតរបស់យើងទេ? តើយើងក្រឡេកមើលសេចក្តីស្មោះត្រង់របស់ព្រះ ហើយរកឃើញថា ទោះមានទុក្ខលំបាក ឬភាពប្រេះបែកយ៉ាងណា យើងអាចនិយាយជាមួយអ្នកនិពន្ធបទគម្ពីរទំនុកតម្កើងថា «សេចក្ដីសង្គ្រោះ នឹងសិរីល្អរបស់ខ្ញុំ នោះនៅនឹងព្រះ ឯថ្មដានៃកម្លាំងខ្ញុំ នឹងទីពឹងជ្រករបស់ខ្ញុំ ក៏នៅក្នុងព្រះដែរ» បានដែរឬទេ?(ទំនុកតម្កើង ៦២:៧)។
គឺទេវសាស្ត្រដ៏ល្អ មិនមែនអារម្មណ៍ទេដែលទ្រទ្រង់យើងក្នុងជីវិត និងកម្សាន្តចិត្តយើង ខណៈពេលដែលយើងតយុទ្ធនឹងសេចក្តីស្លាប់។ នៅពេលដែលថ្ងៃដ៏លំបាកមកដល់ យើងប្រកាន់ខ្ជាប់តាមសេចក្តីពិតដែលយើងបានស្គាល់ហើយ។ តាមរយៈលោក យ៉ូសែប និងការរស់នៅរបស់គាត់ យើងអាចរៀនសូត្រសេចក្តីពិតដ៏អស្ចារ្យដែលថា ព្រះដែលបានផ្គុំរូបកាយរបស់យើងមក បានរៀបចំជំហានទាំងអស់របស់យើងជារៀងរាល់ថ្ងៃ ហើយព្រះអង្គបានត្បាញជីវិតរបស់យើង ចូលទៅក្នុងរឿងដ៏អស្ចារ្យនៃការសម្រេចព្រះបន្ទូលសន្យា ដែលព្រះអង្គមានចំពោះរាស្ត្ររបស់ព្រះអង្គ។ ដោយជំនឿលើព្រះអង្គ យើងអាចប្រឈមមុខដាក់សេចក្តីស្លាប់ ដោយច្រៀងថា៖
ដោយសេចក្តីមេត្តា និងការជំនុំជម្រះ
ព្រះអង្គបានត្បាញសំណាញ់នៃពេលវេលារបស់ទូលបង្គំ។
ហើយសូម្បីតែទឹកភ្នែកនៃទុក្ខសោក
ចែងចាំង ដោយសម្រស់នៃសេចក្តីស្រឡាញ់របស់ព្រះអង្គ
ទូលបង្គំសូមសរសើរព្រះហស្តដែលនាំផ្លូវ
ទូលបង្គំសូមសរសើរព្រះទ័យដែលរៀបផែនការ
ពេលណាទូលបង្គំបានទៅរស់នៅក្នុងទឹកដី
របស់អេម៉ាញូអែល ដែលមានពេញដោយសិរីល្អ។2
ខគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ៦២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២សាំយ៉ូអែល ៣-៥ និង១ធីម៉ូថេ ៦