
ទីក្រុងបរិសុទ្ធ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
November 7, 2025
«យ៉ូហានខ្ញុំ ក៏ឃើញទីក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡឹមថ្មី ចុះពីស្ថានសួគ៌មកអំពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្ដី» (វិវរណៈ ២១:២)។
តាមរយៈព្រះយេស៊ូវ ព្រះទ្រង់បានឈោងមករកយើងពីស្ថានសួគ៌មក ហើយនៅគ្រាចុងក្រោយ ទីក្រុងបរិសុទ្ធ ជាទីក្រុងយេរូសាឡឹមថ្មីនឹងចុះពីស្ថានសួគ៌មកពីព្រះអង្គផងដែរ។ ព្រះទ្រង់កំពុងបង្កើតទីក្រុងយេរូសាឡឹមថ្មី ដែលមានអ្នកជឿគ្រប់វ័យ និងមកពីគ្រប់ទិសទី គឺមនុស្សដូចអ្នក និងខ្ញុំ។ យើងបានក្លាយជាអ្នករស់នៅក្នុងទីក្រុង ជាមួយគ្នា ដោយភាពសុខដុមដ៏ឥតខ្ចោះ ដោយព្រះភក្ត្ររបស់ព្រះអង្គ នៅចំពោះមុខយើង ហើយព្រះអង្គនឹងគូសសំគាល់ថា យើងជាកម្មសិទ្ធិរបស់ព្រះអង្គ (វិវរណៈ ២២:៤)។ នៅទីនោះនឹងមានមនុស្សមួយហ្វូងធំ គឺធំក្រៃលែង ដែលគ្មាននរណាអាចរាប់បាន ដែលមានពលរដ្ឋមកពីគ្រប់ជាតិសាសន៍ ពូជអំបូ ក្រុមមនុស្ស និងភាសា (៧:៩)។
ព្រះគម្ពីរបានពណ៌នា អំពីមនុស្សច្រើនសន្ធឹកដូចនេះ ដើម្បីធ្វើជាប្រភពនៃក្តីសង្ឃឹម និងការលើកទឹកចិត្តសម្រាប់ពួកជំនុំក្នុងសម័យរបស់សាវ័ក យ៉ូហាន ក៏ដូចជាសម្រាប់សម័យយើងផងដែរ។ ពួកជំនុំដំបូង មានសមាជិកតិច គឺតូចតាមស្តង់ដាររបស់មនុស្ស គឺមិនខុសពីសម័យផ្សេងទៀតក្នុងប្រវត្តិសាស្ត្រទាំងមូល។ ប៉ុន្តែ សាវ័ក យ៉ូហាន បានប្រាប់យើងថា ពួកជំនុំមានចំនួនមនុស្សច្រើនជាងឆ្ងាយណាស់ និងសំខាន់ជាង ហួសក្តីស្រមៃ ព្រោះសមាជិករបស់ពួកជំនុំគឺជាពលរដ្ឋនៃទីក្រុងយេរូសាឡឹមថ្មីដែលធ្វើដំណើរទៅមុខ ទាល់តែពួកគេបានឈរផ្តុំគ្នានៅតាមផ្លូវនៃទីក្រុងនោះ។
ថ្ងៃមួយ ក្នុងទីក្រុងនោះ អ្នកជឿមានចំនួនរាប់មិនអស់ នឹងថ្វាយបង្គំព្រះជាមួយគ្នា ហើយយើងនឹងបានឃើញព្រះទ្រង់សម្រេចព្រះបន្ទូលសន្យាដែលទ្រង់បានប្រទានលោក អ័ប្រាហាំ ដោយបន្ទូលថា «ចូរមើលទៅលើមេឃឥឡូវ ហើយរាប់ផ្កាយចុះ បើឯងអាចនឹងរាប់ទាំងអស់បាន រួចទ្រង់មានបន្ទូលប្រាប់ថា ពូជឯងនឹងបានដូច្នោះដែរ» (លោកុប្បត្ដិ ១៥:៥)។
សព្វថ្ងៃនេះ ស្នាព្រះហស្តរបស់ព្រះអង្គមានការបែកបាក់ និងមិនចុះសម្រុងគ្នា។ យើងបានញែកចេញពីគ្នា ដោយភាសា សញ្ជាតិ វប្បធម៌ ដោយជម្លោះពីបុរាណ និងការសង្ស័យ ក្នុងពេលបច្ចុប្បន្ន។ ថ្ងៃមួយ បញ្ហាទាំងអស់នេះនឹងបញ្ច្រាសមកវិញ។ ព្រះទ្រង់កំពុងបង្កើតសហគមន៍ថ្មីមួយ ជាទីក្រុងមានមនុស្សគ្រប់ជាតិសាសន៍ មកពីគ្រប់វប្បធម៌ នៅក្រោមការគ្រប់គ្រង និងដឹកនាំរបស់ព្រះអង្គ។ នៅពេលដែលព្រះអង្គប្រមូលផ្តុំយើង នៅគ្រាចុងក្រោយ ខណៈពេលដែលស្ថានសួគ៌ចុះមកផែនដី ហើយរាស្ត្ររបស់ព្រះគ្រីស្ទនឹងបានរស់ឡើងវិញ ដើម្បីរស់នៅក្នុងទីក្រុងនោះ យើងនឹងបានរួបរួមគ្នា ដោយដំណឹងល្អរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ព្រោះដំណឹងល្អគឺសម្រាប់មនុស្សគ្រប់ជាតិសាសន៍។
តើអ្នកអាចស្រមៃអំពីថ្ងៃនោះទេ? ទេ! យើងមិនអាចស្រមៃឲ្យបានពេញលេញទេ តែការគិតអំពីថ្ងៃនោះ នឹងជំរុញអ្នកទៅមុខ ឆ្លងកាត់ទុក្ខលំបាក និងសំពាធក្នុងជីវិតនេះ ហើយបណ្ដាលចិត្តអ្នកឲ្យទម្លាក់ចុះបន្ទុកអ្វី ដែលកំពុងរារាំងអ្នកមិនឲ្យទៅមុខ (ហេព្រើរ ១២:១-២)។ លោកីយ៍នេះ មិនមែនជាផ្ទះរបស់អ្នកទេ តែថ្ងៃមួយ ទីក្រុងនៅស្ថានសួគ៌នឹងចុះមកផែនដី។ ថ្ងៃមួយ អ្នកនឹងបានឃើញដោយផ្ទាល់ភ្នែក នូវអ្វីដែលលោក យ៉ូហាន បានឃើញក្នុងការបើកសម្ដែង ហើយអ្នកនឹងបានទៅនៅផ្ទះរបស់អ្នកនៅស្ថានសួគ៌។
ខគម្ពីរសញ្ជឹងគិត៖ វិវរណៈ ២២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អែសរ៉ា ១-២ និង២ធីម៉ូថេ ១