
ធ្វើការរួមគ្នាក្នុងព្រះគ្រីស្ទ
ដោយKatara Patton
November 7, 2025
ជនគណនា ២៧:១-៧
រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា “ពួកកូនស្រីស្លូផិហាតបាននិយាយត្រូវ ដូច្នេះត្រូវចែកឲ្យគេមានកេរ្តិ៍អាករនៅជាមួយនឹងពួកបងប្អូនរបស់ឪពុកគេផង”។ ជនគណនា ២៧:៦-៧
ស្ត្រីវ័យក្មេងម្នាក់បាននិយាយ ក្នុងការសម្ភាសក្នុងកម្មវិធីទូរទស្សន៍ថា “ទោះអ្នកនៅទីណា ហើយកំពុងឆ្លងកាត់បញ្ហាអ្វីក៏ដោយ ចូរប្រើអ្វីដែលអ្នកមាន ឲ្យបានល្អបំផុត”។ ពាក្យសម្តីរបស់គាត់បានជំរុញចិត្តខ្ញុំឲ្យចង់ស្តាប់រឿងទាំងមូល ដោយការប្រុងប្រយ័ត្ន។ ខ្ញុំក៏បានដឹងថា គាត់ស្ថិតក្នុងចំណោមបងប្អូនស្រីៗ៦នាក់ ដែលកំពុងរៀនសូត្រឲ្យបានសញ្ញាប័ត្រគិលានុបដ្ឋាយិកា។ កាលពីមុន ពួកគេគឺជាជនអនាថា ដែលកំពុងរស់នៅយ៉ាងលំបាកលំបិន តែពួកគេបានជួយគ្នាទៅវិញទៅមក ដើម្បីសម្រេចគោលដៅរួម។ នៅពេលដែលគេចាក់ផ្សាយអំពីរឿងនេះ ក្នុងកម្មវិធីទូរទស្សន៍ បងប្អូនស្រីទាំង៦នាក់ កំពុងបញ្ចប់ការសិក្សាជំនាញគិលានុបដ្ឋាយិកា នៅសកលវិទ្យាល័យមួយក្នុងតំបន់។
កណ្ឌគម្ពីរជនគណនា ជំពូក២៧ បានចែងអំពីរឿងរបស់បងប្អូនស្រីមួយក្រុមទៀត ដែលរួបរួមគ្នា និងជួយយកអសារគ្នាទៅវិញទៅមក។ កូនស្រីទាំង៥នាក់របស់លោកស្លូផិហាត បានសុំឲ្យលោកម៉ូសេជួយដោះស្រាយបញ្ហាកេរមរតករបស់ពួកគេ។ ពួកគេបានជួបជុំគ្នា នៅចំពោះមុខលោកម៉ូសេ ដោយជម្រាបគាត់ថា “ឪពុកយើងខ្ញុំបានស្លាប់ទៅ ... ដោយព្រោះតែបាបរបស់ខ្លួនវិញ ហើយគាត់គ្មានកូនប្រុសសោះ ... ហេតុនេះសូមឲ្យយើងខ្ញុំបានកេរ្តិ៍អាករ នៅជាមួយនឹងបងប្អូនរបស់ឪពុកយើងខ្ញុំផង”(ខ.៣-៤)។ ព្រះទ្រង់ឆ្លើយតប ដោយបន្ទូលដែលប្រាសចាកវប្បធម៌នៅសម័យនោះថា “ពួកកូនស្រីស្លូផិហាតបាននិយាយត្រូវ ដូច្នេះត្រូវចែកឲ្យគេមានកេរ្តិ៍អាករនៅជាមួយនឹងពួកបងប្អូនរបស់ឪពុកគេផង”(ខ.៧)។
បងប្អូនស្រីទាំង៥នាក់នោះបានរួបរួមគ្នា ស្វែងរកសេចក្តីមេត្តារបស់ព្រះ ខណៈពេលដែលពួកគេឈរនៅចំពោះលោកម៉ូសេ ហើយព្រះទ្រង់ក៏បានប្រទានអ្វីដែលពួកគេត្រូវការ ខណៈពេលដែលពួកគេរួបរួមគ្នា នៅចំពោះព្រះអង្គ។
ការធ្វើការជាមួយគ្នា មិនតែងតែមានភាពងាយស្រួល ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ។ ប៉ុន្តែ ពេលណាយើងស្វែងរកប្រាជ្ញា និងទិសដៅពីព្រះអង្គ ដោយការបន្ទាបខ្លួន យើងនឹងបានដឹងថា ព្រះអង្គអាចជួយយើងបម្រើព្រះអង្គជាមួយគ្នាបានកាន់តែប្រសើរឡើង។—Katara Patton
តើធ្វើដូចម្តេចឲ្យយើងអាចធ្វើការជាមួយអ្នកជឿព្រះគ្រីស្ទដទៃទៀត
ឲ្យកាន់តែប្រសើរឡើង? តើការនេះបានលើកទឹកចិត្តអ្នកឲ្យបម្រើអ្នកដទៃ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គបង្ហាញទូលបង្គំ អំពីរបៀបធ្វើការជាមួយអ្នកជឿដទៃទៀត
ដើម្បីសម្រេចគោលដៅដែលថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៤០-៤២ និង ហេព្រើរ ៤