
ការសរសើរដំកើងដ៏ជាប់លាប់
ដោយCindy Hesskasper
November 8, 2025
ទំនុកដំកើង ១៤៥:១-១៣
ទូលបង្គំនឹងសូមឲ្យទ្រង់បានប្រកបដោយព្រះពររាល់ៗថ្ងៃ ព្រមទាំងសរសើរដល់ព្រះនាមទ្រង់អស់កល្បជានិច្ច។ ទំនុកដំកើង ១៤៥:២
ក្នុងការធ្វើដំណើរតាមផ្លូវ ទៅរដ្ឋមុនតាណា កាលពីរដូវក្តៅ ក្នុងឆ្នាំមួយនោះ យើងបានឈប់ឡាន នៅកន្លែងសម្រាក ដើម្បីពត់ខ្លួនបំបាត់ការចុករួយស្រពន់ជើង។ មានបុរសម្នាក់នៅក្នុងអគារ កំពុងតែច្រៀងបទចម្រៀងសរសើរដំកើងព្រះ ដែលខ្ញុំធ្លាប់ឮ ខណៈពេលដែលកាត់កំពុងជូតផ្ទះ។ បន្ទាប់មក គាត់ក៏បានចាប់ផ្តើមច្រៀងបទចម្រៀងទំនុកសកល មានចំណងជើងថា “មិនអីទេ នៅក្នុងចិត្ត”។ ខ្ញុំមិនអាចទប់ចិត្តឲ្យខ្លួនឯងមិនឲ្យច្រៀងបានទេ។ នៅពេលដែលគាត់ច្រៀងដល់ឃ្លា “មិនអីទេ” ខ្ញុំក៏បានច្រៀងតាមគាត់ថា "មិនអីទេ"។ នៅពេលគាត់ច្រៀងថា “នៅក្នុងចិត្ត” ខ្ញុំក៏ច្រៀងបន្ទរពីក្រោយគាត់ទៀត។ យើងក៏បានច្រៀងឃ្លាចុងក្រោយទាំងអស់គ្នាថា “មិនអីទេ មិនអីទេ នៅក្នុងចិត្ត”។ គាត់ក៏បានញញឹម ហើយបបួលខ្ញុំជល់ដៃគ្នា ហើយនិយាយថា “សរសើរព្រះអង្គ”។ នៅពេលដែលខ្ញុំវិលត្រឡប់ទៅឡានវិញ ស្វាមីខ្ញុំក៏បានសួរខ្ញុំពីមូលហេតុដែលខ្ញុំមានទឹកមុខញញឹម។
ចូរយើងគិតអំពីរឿងដែលយើងអាចសរសើរដំកើងព្រះ ដូចជា សេចក្តីល្អ សេចក្តីសុចរិត សេចក្តីអាណិត ព្រះបន្ទូលសន្យា ការផ្គត់ផ្គង់ និងការការពាររបស់ព្រះអង្គ។ ហើយបទគម្ពីរទំនុកដំកើង ១៤៥ ស្ថិតក្នុងចំណោមបទគម្ពីរជាច្រើន ដែលជំរុញយើងឲ្យសរសើរដំកើងព្រះអង្គជាប់ជានិច្ច។ គឺដូចដែលស្តេចដាវីឌបានបន្លឺសម្លេងថា ទ្រង់នឹង “សរសើរដល់ព្រះនាមទ្រង់អស់កល្បជានិច្ច”(ខ.២)។ មនុស្សជាច្រើនសរសើរដំកើងព្រះ ដោយលេងឧបករណ៍តន្ត្រី អ្នកខ្លះទៀតអាន ឬសូត្រខគម្ពីរ ឬក៏ច្រៀងទំនុកដំកើង ទំនុកបរិសុទ្ធ ឬបទចម្រៀងខាងវិញ្ញាណ(កូល៉ុស ៣:១៦)។ អ្នកខ្លះបង្ហាញចេញនូវការសរសើរដំកើង តាមរយៈការលោតរាំ។ ប៉ុន្តែ ការសរសើរដំកើងពិតប្រាកដ កើតចេញពីក្នុងចិត្ត ដែលពេញដោយការដឹងគុណព្រះអង្គ។
ព្រះទ្រង់បានបង្កើតវិញ្ញាណយើងមក ឲ្យសរសើរដំកើងព្រះអង្គ។ គឺដោយសារសេចក្តីស្រឡាញ់របស់ព្រះអង្គដែលមានការលះបង់ បានជាយើងអាចនិយាយដោយទំនុកចិត្តថា “មិនអីទេ នៅក្នុងចិត្ត!”។—Cindy Hess Kasper
តើអ្នកយល់ឃើញថា អ្នកងាយស្រួលសរសើរដំកើងព្រះអង្គ នៅពេលណា?
តើមានអ្វីជួយអ្នកផ្ដោតចិត្តទៅលើការសរសើរដំកើងព្រះអង្គ តាមរបៀបថ្មីមួយ?
ឱព្រះអម្ចាស់ ទូលបង្គំចង់ឲ្យជីវិតទូលបង្គំ មានលក្ខណៈជាការសរសើរដំកើង
និងថ្វាយបង្គំដ៏ជាប់លាប់។ ទូលបង្គំសូមថ្វាយសិរីល្អដល់ព្រះអង្គតែមួយប៉ុណ្ណោះ។
For further study, read Worshipping Means More than Singing at ODBM.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៤៣-៤៥ និង ហេព្រើរ ៥