
ស្ត្រីដែលកោតខ្លាចព្រះ
ដោយArthur Jackson
November 10, 2025
សុភាសិត ៣១:២៤-៣១
តែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងមានគេសរសើរវិញ។ សុភាសិត ៣១:៣០
ពិធីខួបកំណើតរបស់អ្នកស្រី រ៉ូស៊ី(Rosie) ពិតជាមិនអាចបំភ្លេចបានទេ។ អាហារមានរស់ជាតិឆ្ងាញ់ ការជជែកគ្នាលេង នៅតុអាហារមានភាពសប្បាយរីករាយ ហើយវត្តមានរបស់ចៅប្រុសដំបូងរបស់គាត់ បានធ្វើឲ្យកម្មវិធីកាន់តែមានភាពអរសប្បាយ។ ទោះជាយ៉ាងណាក៏ដោយ រឿងល្អៗទាំងនេះ មិនអាចប្រៀបផ្ទឹមនឹងពាក្យសរសើរ ដែលកូនប្រុសទាំងពីរនាក់បានឡើងនិយាយនោះឡើយ។ ទំនាក់ទំនងប្តីប្រពន្ធរបស់អ្នកស្រីរ៉ូស៊ីមិនមានភាពស្ថិតស្ថេរ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ គាត់មានសមត្ថភាពក្នុងការចិញ្ចឹមកូនតែម្នាក់ឯង បានជាកូនប្រុសទាំងពីរនាក់មានជីវិតដែលគួរឲ្យកត់សំគាល់។ នៅក្នុងការពោលពាក្យសរសើរនោះ ពួកគេក៏បានឆ្លុះបញ្ចាំងអំពីរបៀបដែលគាត់បានធ្វើអ្វីៗគ្រប់យ៉ាង ដែលគាត់អាចធ្វើបាន ដើម្បីផ្គត់ផ្គង់ពួកគេ។ នៅពេលនោះ កូនប្រុសពៅរបស់គាត់ក៏បាននិយាយផងដែរថា គាត់គឺជាស្ត្រីកោតខ្លាចព្រះ។ ពាក្យពេចន៍របស់ពួកគេបានឆ្លុះបញ្ចាំងអំពីចារិកលក្ខណៈល្អបំផុតដែលគាត់មាន នៅចំពោះពួកគេ។
ក្នុងបទគម្ពីរ សុភាសិត ៣១:១០-៣១ យើងឃើញថា ប្រាជ្ញាដែលមានការកោតខ្លាចព្រះ មានលក្ខណៈដូចម្តេចខ្លះ នៅក្នុងគ្រួសារ។ ការកោតខ្លាចព្រះអម្ចាស់(ខ.៣០) ដែលជាការគោរពកោតខ្លាចព្រះអង្គ ដោយការបន្ទាបខ្លួន បណ្តាលចិត្តយើងឲ្យមានចិត្តស្មោះត្រង់(ខ.១១-១២) និងឧស្សាហ៍ព្យាយាម ហើយរហ័សរហួន(ខ.១៣-១៩)។ ហើយខណៈពេលដែលស្រ្តីមានប្រាជ្ញាគិតអំពីគ្រួសាររបស់ខ្លួនជាធំ(ខ.២១-២៨) ការនេះមិនមានន័យថា គាត់គិតតែពីអ្នកផ្ទះរបស់គាត់នោះទេ។ គាត់ក៏ខ្វល់អំពីតម្រូវការរបស់អ្នកខាងក្រៅផងដែរ(ខ.២០)។
របៀបនៃការរស់នៅរបស់ស្រ្តីដែលកោតខ្លាចព្រះ តែងតែទទួលបានការកត់សំគាល់ ជាពិសេស នៅក្នុងចំណោមអ្នកដែលរស់នៅជាមួយពួកគេ(ខ.២៨) គឺដូចដែលបានបង្ហាញក្នុងទីបន្ទាល់របស់អ្នកស្រីរ៉ូស៊ី។ គេមិនមានការភ្ញាក់ផ្អើលទេ នៅពេលដែលមនុស្សជិតស្និទ្ធនឹងពួកគេ កោតសរសើរពួកគេ។ តើអ្នកចង់ក្លាយជាអ្នកដើរតាមព្រះយេស៊ូវ ដែលកោតខ្លាចព្រះដែរឬទេ? ចូរទូលសូមព្រះអង្គជួយអ្នកចុះ។ ហើយកុំមានការភ្ញាក់ផ្អើល នៅពេលដែលព្រះអង្គឆ្លើយតបការអធិស្ឋានទាំងនោះ សូម្បីតែក្នុងកាលៈទេសៈដ៏ពិបាកក៏ដោយ។—Arthur Jackson
តើអ្នកដទៃបានជំរុញអ្នក ឲ្យរស់នៅដោយការកោតខ្លាចព្រះ ដោយការបន្ទាបខ្លួនយ៉ាងណាខ្លះ
សូម្បីតែនៅក្នុងកាលៈទេសៈដ៏ពិបាក? តើអ្នកស្វែងរកព្រះអម្ចាស់ និងប្រាជ្ញារបស់ព្រះអង្គ ដោយការកោតខ្លាចដូចម្តេចខ្លះ?
ឱព្រះវរបិតាប្រកបដោយប្រាជ្ញា សូមព្រះអង្គប្រទានទូលបង្គំនូវចិត្តក្លាហាន
ដើម្បីដើរតាមគំរូរបស់ព្រះយេស៊ូវ ដោយការគោរពស្រឡាញ់ព្រះអង្គ និងថ្វាយព្រះកតិ្តនាមដល់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៤៨-៤៩ និង ហេព្រើរ ៧