ព្រឹក

បង្កើតឲ្យមានទម្លាប់អរព្រះគុណព្រះ
ដោយadamholz
December 12, 2025
ទំនុកដំកើង ៩:១-១២
ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាអស់អំពីចិត្ត ទូលបង្គំនឹងនិទាន ពីអស់ទាំងការអស្ចារ្យរបស់ទ្រង់។ ទំនុកដំកើង ៩:១
មានពេលមួយ កូនស្រីពៅរបស់ខ្ញុំបានសុំទឹកមួយកែវ។ ខ្ញុំក៏បានយកទឹកមួយកែវពេញឲ្យនាង។ នាងក៏បានទទួលយកវាដោយមិនបាននិយាយអ្វីទាំងអស់។ ពេលនោះ កូនស្រីបងគេ ក៏បានសុំទឹកមួយកែវដែរ។ នាងក៏មិនបាននិយាយអ្វីដែរ នៅពេលដែលខ្ញុំឲ្យទឹកទៅនាង។ ដោយការរំខានក្នុងអារម្មណ៍ ខ្ញុំក៏បានលាន់មាត់ថា “តើគ្មាននរណាចេះនិយាយ អរគុណទេឬ? ហេតុអ្វីគ្រាន់តែពាក្យអរគុណក៏ពិបាកនិយាយយ៉ាងនេះ?”
ជួនកាល ព្រះទ្រង់ប្រើភាពនឿយណាយក្នុងការបំពេញតួនាទីជាឪពុកម្តាយ ជាឱកាសដើម្បីបង្រៀនយើង។ ភ្លាមៗនោះ ខ្ញុំក៏បានទទួលការបណ្តាលចិត្តដ៏សុភាពពីព្រះវិញ្ញាណបរិសុទ្ធ ឲ្យសួរខ្លួនឯងថា ហេតុអ្វីខ្ញុំមានការពិបាក ក្នុងការនិយាយ “អរព្រះគុណព្រះអង្គ”? ខ្ញុំក៏បានដឹងថាខ្លួនឯងខុស។ តាមពិត ការខ្វះពាក្យអរគុណ មិនគ្រាន់តែជាបញ្ហារបស់កូនៗរបស់ខ្ញុំទេ តែក៏ជាបញ្ហារបស់ខ្ញុំផងដែរ។ ខ្ញុំមិនដឹងថា ហេតុអ្វីការពោលពាក្យអរព្រះគុណព្រះអាចមានការពិបាកនោះទេ ប៉ុន្តែ ច្បាស់ណាស់ បញ្ហានេះហាក់ដូចជាផ្នែកមួយនៃនិស្ស័យសាច់ឈាមមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ ក្នុងបទគម្ពីរទំនុកដំកើង យើងឃើញមានគំរូនៃការចម្រើនឡើង ក្នុងការអរព្រះគុណព្រះ។ នៅក្នុងបទគម្ពីរនេះ ស្តេចដាវីឌ និងអ្នកដទៃទៀតបានសរសើរដំកើងព្រះជាញឹកញាប់ នៅក្នុងទុក្ខលំបាក។ ហើយពួកគេក៏បានពោលថា “ខ្ញុំនឹងអរព្រះគុណព្រះអង្គ ...”។
ក្នុងបទគម្ពីរទំនុកដំកើង ៩:១ ស្តេចដាវីឌបានសម្រេចព្រះទ័យអរព្រះគុណព្រះអម្ចាស់ ដោយស្ម័គ្រពីចិត្តថា “ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាអស់អំពីចិត្ត ទូលបង្គំនឹងនិទាន ពីអស់ទាំងការអស្ចារ្យរបស់ទ្រង់”។ យើងប្រហែលជាងាយនឹងគិតថា ការដឹងគុណ គ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះ។ ប៉ុន្តែ ស្តេចដាវីឌបានរំឭកយើងថា វាក៏ជាការសម្រេចចិត្តផងដែរ។
ចូរយើងបង្កើតឲ្យមានទម្លាប់អរព្រះគុណព្រះ ដោយស្ម័គ្រពីចិត្ត ដូចស្តេចដាវីឌផងដែរ ហើយយើងអាចចម្រើនឡើងបន្តិចម្តងៗ ក្នុងការទទួលស្គាល់ និងលើកតម្កើងសេចក្តីល្អរបស់ព្រះ ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតយើង។—Adam R. Holz
តើធ្វើដូចម្តេចឲ្យយើងមានទម្លាប់អរព្រះគុណព្រះ? តើយើងចង់អរព្រះគុណព្រះអង្គ សម្រាប់ការអ្វីខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់អ្វីៗគ្រប់យ៉ាងដែលព្រះអង្គបានប្រទានទូលបង្គំ។
សូមព្រះអង្គជួយទូលបង្គំឲ្យសម្រេចចិត្តអរព្រះគុណព្រះអង្គនៅថ្ងៃនេះ សម្រាប់ព្រះពរដែលព្រះអង្គប្រទាន តាមមធ្យោបាយជាច្រើន។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ហូសេ ៩-១១ និង វិវរណៈ ៣