
ព្រះនៃការចាប់ផ្តើមជាថ្មី
ដោយJames Banks
May 4, 2025
២របាក្សត្រ ៣៣:១០-១៧
ក៏អធិស្ឋាន ហើយព្រះក៏ទន់ព្រះហឫទ័យ ស្តាប់តាមសេចក្ដីដែលទ្រង់ទូលអង្វរ។ ២របាក្សត្រ ៣៣:១៣
ថ្ងៃមួយ គេបានធ្វើការប្រកាសនៅលើទំព័រកាសែតថា “ឈ្មួញនៃសេចក្តីស្លាប់ បានទទួលមរណៈភាពហើយ!” ដំណឹងមរណៈភាពនៅលើទំព័រកាសែតនោះ ប្រហែលជាបានធ្វើឲ្យលោកអាល់ហ្វ្រែត ណូបែល(Alfred Nobel) ជាអ្នកច្នៃបង្កើតគ្រាប់រំសេវផ្ទុះ ឲ្យមានការផ្លាស់ប្តូរទិសដៅនៃជីវិត។ ប៉ុន្តែ កាសែតនោះបានចេញផ្សាយពត៌មានខុស ព្រោះលោកអាល់ហ្វ្រែតនៅមានជីវិតរស់នៅធម្មតាទេ។ តាមពិត គឺបងប្រុសរបស់គាត់ ឈ្មោះលូដវីជ(Ludvig)ទេ ដែលបានស្លាប់នោះ។ នៅពេលដែលលោកអាល់ហ្វ្រែត បានដឹងថា គាត់មានឈ្មោះល្បីដោយសារគាត់បានឆ្នៃបង្កើតឧបករណ៍ដ៏គ្រោះថ្នាក់ ដែលបានបណ្តាលឲ្យមនុស្សជាច្រើនស្លាប់បាត់បង់ជីវិត គាត់ក៏បានសម្រេចចិត្តបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់ភាគច្រើន ដើម្បីធ្វើពានរង្វាន់ ដល់អ្នកដែលមានភាពលេចធ្លោខ្លាំង ក្នុងការធ្វើអ្វីដែលមានប្រយោជន៍ដល់មនុស្សជាតិ។ គេក៏បានហៅពានរង្វាន់នោះថា ពានរង្វាន់ណូបែលសន្តិភាព។
កាលពីជាង២ពាន់ឆ្នាំមុន អ្នកមានអំណាចម្នាក់ទៀតក៏បានផ្លាស់ប្រែចិត្តផងដែរ។ ស្តេចម៉ាន៉ាសេ គឺជាស្តេចរបស់នគរយូដា ដែលបានបះបោរប្រឆាំងនឹងព្រះ។ ជាលទ្ធផល ទ្រង់ត្រូវគេចាប់ព្រះកាយធ្វើជាឈ្លើយសឹក ដឹកទៅទីក្រុងបាប៊ីឡូន។ តែ ទ្រង់ “ក៏ទូលអង្វរដល់ព្រះយេហូវ៉ានៃទ្រង់ ព្រមទាំងបន្ទាបព្រះទ័យចុះជាខ្លាំង នៅចំពោះព្រះនៃពួកឰយុកោទ្រង់វិញ” ហើយ “ព្រះក៏ទន់ព្រះហឫទ័យ ស្តាប់តាមសេចក្ដីដែលទ្រង់ទូលអង្វរ ប្រោសនាំទ្រង់មកឯរាជ្យក្នុងក្រុងយេរូសាឡិមវិញ”(២របាក្សត្រ ៣៣:១២-១៣)។ ស្តេចម៉ាន៉ាសេក៏បានដឹកនាំប្រទេសដោយសុខសន្តិភាព រហូតដល់អស់ព្រះជន្ម ដោយបម្រើព្រះអម្ចាស់ និងបានកែប្រែកំហុសដែលទ្រង់បានធ្វើកាលពីមុន។
“ព្រះអម្ចាស់ “ក៏ទន់ព្រះហឫទ័យ ស្តាប់តាមសេចក្ដីដែលទ្រង់ទូលអង្វរ”(ខ.១៣)។ ព្រះទ្រង់ឆ្លើយតប ចំពោះការបន្ទាបព្រះកាយរបស់ស្តេចម៉ាន៉ាសេ។ ពេលណាយើងដឹងថា យើងចាំបាច់ត្រូវកែប្រែរបៀបរស់នៅ ហើយងាកបែរមករកព្រះអង្គវិញ ព្រះអង្គនឹងមិនបណ្តេញយើងចេញឡើយ។ ព្រះអង្គនឹងឆ្លើយតបចំពោះយើង ដោយព្រះគុណ ដែលយើងមិនសមនឹងទទួល ហើយប្រទានដល់យើង នូវការចាប់ផ្តើមជាថ្មី ដោយសេចក្តីស្រឡាញ់ដែលមានការលះបង់ ដែលព្រះអង្គបានចាក់បង្ហូរនៅលើឈើឆ្កាង។ ការចាប់ផ្តើមជាថ្មីកើតចេញពីព្រះអង្គ។—James Banks
តើជីវិតរបស់អ្នក មានចំណុចណាខ្លះ ដែលចាំបាច់ត្រូវមានការកែប្រែចិត្ត? តើអ្នកនឹងងាកបែរទៅរកព្រះ នៅថ្ងៃនេះ យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតា ដែលអត់ទោសបាប ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលមិនដែលបណ្តេញទូលបង្គំចេញ។
សូមព្រះអអង្គជួយទូលបង្គំ ឲ្យងាកបែរទៅរកព្រះអង្គវិញ អស់ពីចិត្ត ក្នុងការគ្រប់យ៉ាងដែលទូលបង្គំធ្វើនៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១៩-២០ និង លូកា ២៣:១-២៥