
ទ្រព្យសម្បត្តិពិតប្រាកដ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 1, 2025
«បើសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយជាជាងមនុស្សអ្នកមានចូលទៅក្នុងនគរព្រះវិញ»(ម៉ាកុស ១០:២៥)។
ក្នុងការរស់នៅ អ្នកមានទ្រព្យសម្បត្តិច្រើន មានភាពងាយស្រួលជាងអ្នកក្រ។ ជាទូទៅ នេះជាការពិតមែន លុយអាចធ្វើឲ្យទ្វារបើកចំហ។ យើងអាចសង្កេតឃើញថា ក្នុងផ្នែកភាគច្រើននៃជីវិតយើង ដែលមានដូចជា ការសិក្សា ការព្យាបាលជំងឺ ការធ្វើដំណើរ និងការសម្រាកលំហែអាចមានភាពរលូនទៅបាន ដោយសារការមានលុយច្រើន។ ហេតុនេះហើយ គេច្រើនតែចាត់ទុកលុយជាកូនសោសម្រាប់បើកច្រកទ្វារជាច្រើនបាន។
ប៉ុន្តែ មានទ្វារដ៏សំខាន់មួយ ដែលទ្រព្យសម្បត្តិមិនអាចបើកបាន។ បុរសអ្នកមានវ័យក្មេងម្នាក់បានរកឃើញថា នៅក្នុងការស្វែងរកជីវិតអស់កល្ប ទ្រព្យសម្បត្តិរបស់គាត់មិនគ្រាន់តែមិនអាចជួយឲ្យគាត់មានជីវិតអស់កល្បប៉ុណ្ណោះទេ តែថែមទាំងបានរារាំងគាត់មិនឲ្យមានជីវិតអស់កល្បទៀតផង។ ផ្លូវសម្រាប់ឲ្យគាត់ចូលទៅរកសេចក្តីសង្គ្រោះត្រូវបានរាំងខ្ទប់ដោយសារការបដិសេធន៍មិនព្រមលះបង់ចោលទ្រព្យសម្បត្តិ ដើម្បីដើរតាមព្រះយេស៊ូវ។ ហេតុនេះហើយ គាត់ក៏បានដើរចេញពីការសន្ទនាជាមួយព្រះមែស៊ី ដោយទឹកមុខក្រៀមក្រំ។ គាត់នៅតែឱបក្រសោបទ្រព្យសម្បត្តិ ប៉ុន្តែវិញ្ញាណគាត់ស្ថិតនៅក្នុងគ្រោះថ្នាក់នៅឡើយ (ម៉ាកុស ១០:២២)។
ព្រះយេស៊ូវបានយល់ច្បាស់ អំពីទឹកមុខក្រៀមក្រំរបស់គាត់។ ព្រះអង្គបានទទួលស្គាល់ថា មនុស្សពិតជាងាយពឹងផ្អែកលើទ្រព្យសម្បត្តិ ហើយមើលរំលងរឿងដែលពិតជាសំខាន់។ ហើយរបៀបដែលព្រះអង្គគិតអំពីបុរសអ្នកមាននោះ គឺសមស្របនឹងការបង្រៀនរបស់ព្រះអង្គនៅក្នុងកណ្ឌគម្ពីរដំណឹងល្អ។ ឧទាហរណ៍ មានពេលមួយនោះ ព្រះអង្គមានបន្ទូលអំពីកសិករម្នាក់ ដែលបានរុះជង្រុករបស់ខ្លួន ដើម្បីសង់ជង្រុកធំជាងមុន (លូកា ១២:១៣-២១)។ នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ប៉ុន្តែបុរសនោះបានពឹងផ្អែកលើទ្រព្យសម្បត្តិ ដោយភាពល្ងង់ខ្លៅ ដើម្បីកំណត់ស្ថានភាពនៃវិញ្ញាណរបស់គាត់ ដោយនិយាយថា «ចិត្តអើយ ឯងមានទ្រព្យសម្បត្តិជាច្រើន ល្មមទុកសម្រាប់ជាយូរឆ្នាំទៅមុខទៀតបានហើយ ចូរឯងឈប់សម្រាកទៅ ហើយស៊ីផឹកសប្បាយចុះ»(ខ.១៩) ហើយព្រះយេស៊ូវមានបន្ទូលថា គាត់ជាមនុស្សល្ងង់ ព្រោះគាត់មិនបានត្រៀមខ្លួនសម្រាប់សេចក្តីស្លាប់ទេ ហើយក៏មិនអាចប្រើទ្រព្យសម្បត្តិដើម្បីបង់ថ្លៃឲ្យមានផ្លូវរួចពីសេចក្តីស្លាប់បានដែរ (ខ.២០)។ និយាយឲ្យខ្លី «តើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ»(ម៉ាថាយ ១៦:២៦)។
មានពេលច្រើនដងពេកហើយ ដែលយើងក៏មានកំហុសនៅក្នុងការស្វែងរកសន្តិសុខរបស់យើង ក្នុងទ្រព្យសម្បត្តិផងដែរ។ យើងប្រហែលជាស្វែងរកសេចក្តីសុខ តាមរយៈការប្រមូលទ្រព្យទុកសម្រាប់ខ្លួនឯង ឬតាមរយៈការធ្វើការងារមនុស្សធម៌ ដើម្បីតែមុខមាត់របស់យើង។ នៅក្នុងការធ្វើដូចនេះ យើងពិតជាងាយនឹងឲ្យតម្លៃមកលើអ្វីដែលគ្មានតម្លៃ ហើយបដិសេធន៍អ្វីដែលពិតជាមានតម្លៃ។1 យើងមិនអាចធ្វើអ្វីមួយដែលគ្រប់គ្រាន់ ល្មមនឹងឲ្យយើងបង់ថ្លៃឲ្យរួចពីសេចក្តីស្លាប់ ហើយចូលក្នុងជីវិតអស់កល្បឡើយ។ បន្ទាប់ពីអ្នកមាននោះ ដើរចេញទៅ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទៅពួកសិស្សថា «ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន»(ម៉ាកុស ១០:២៧)។ ទ្រព្យសម្បត្តិនាំឲ្យមានគ្រោះថ្នាក់ ព្រោះវាធ្វើឲ្យយើងមានអំនួត និងពឹងផ្អែកលើខ្លួនឯង ហើយយើងភ្លេចថា មានតែព្រះទេដែលអាចជួយសង្គ្រោះយើងបាន។
តើអ្នកស្ម័គ្រចិត្តលះបង់ទ្រព្យសម្បត្តិរបស់អ្នកឬទេ (ទោះតិចឬច្រើនប៉ុណ្ណាក៏ដោយ) បើសិនជាព្រះយេស៊ូវប្រាប់អ្នកឲ្យលះបង់ ដើម្បីព្រះអង្គ? ឬអ្នកបដិសេធដោយសារអ្នកគិតថា ការទាមទារនេះធំពេក ហើយមានការលះបង់ច្រើនពេក? ចូរប្រែចិត្តចេញពីការពឹងផ្អែកលើទ្រព្យសម្បត្តិ ហើយងាកមកអរសប្បាយក្នុងសេចក្តីសង្គ្រោះ ដែលយើងអាចទទួលបាន ដោយសារសេចក្តីមេត្តារបស់ព្រះ។ គ្មានការអ្វីដែលព្រះអង្គមិនអាចធ្វើបាននោះទេ។ ព្រះអង្គមិនដែលបដិសេធន៍អ្នកណា ដែលចូលមករកព្រះអង្គឡើយ។
ព្រះគម្ពីរសញ្ជឹងគិត៖ លូកា ១២:១៣-២១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៥៧-៥៩ និងកិច្ចការ ២១:១៨-៤០