
ស្របតាមផែនការរបស់ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 15, 2025
«ព្រះទ្រង់ទតឃើញការទាំងប៉ុន្មានដែលគេប្រព្រឹត្តនោះ គឺដែលគេបានលាកចេញពីផ្លូវអាក្រក់របស់គេ រួចព្រះក៏ប្រែគំនិតពីការអាក្រក់ ដែលទ្រង់បានគំរាមថា នឹងធ្វើដល់គេ ហើយទ្រង់លែងធ្វើទៅ។ តែការនោះជាទីទំនាស់ចិត្តដល់យ៉ូណាសយ៉ាងក្រៃលែង ហើយលោកក៏ខឹង»(យ៉ូណាស ៣:១០-៤:១)។
ពេលខ្លះ សូម្បីតែពួកហោរាក៏នៅមានមេរៀនជាច្រើន ដែលត្រូវរៀនសូត្រ។
បន្ទាប់ពីលោក យ៉ូណាស បានចូលទៅក្នុងពោះត្រីធំអស់បីថ្ងៃ គាត់បានឈប់ប្រឆាំងព្រះរាជបញ្ជារបស់ព្រះអង្គទៀត ប៉ុន្តែគាត់នៅតែមានអារម្មណ៍មិនសប្បាយចិត្តនៅក្នុងការស្តាប់បង្គាប់ ដោយគាត់នៅតែប្រឆាំងព្រះគុណរបស់ព្រះ។ គាត់បានព្យាយាមរត់គេចពីបំណងព្រះទ័យដែលព្រះអង្គមានសម្រាប់គាត់ តែគាត់នៅតែបានទៅដល់កន្លែងដែលព្រះអង្គឲ្យគាត់ទៅ ហើយក៏បានប្រកាសអំពីអ្វីដែលព្រះអង្គបានបង្គាប់ឲ្យប្រកាសហើយដែរ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏គាត់នៅតែមានការពេញចិត្តចំពោះផែនការប្រកបដោយព្រះគុណ ដែលព្រះអង្គមានសម្រាប់ទីក្រុងនីនីវេ។ ភាពផុសផុលបានផ្ទុះឡើងក្នុងទីក្រុង ដែលធ្លាប់តែមានភាពរឹងទទឹងទាំងស្រុងចំពោះព្រះនៃសាសន៍អ៊ីស្រាអែល ហើយហោរារូបនេះក៏បានឆ្លើយតប ដោយកំហឹងចំពោះព្រះរបស់ខ្លួន!
ប៉ុន្តែ ទោះលោក យ៉ូណាស ជាមនុស្សឆេវឆាវ និងមានចិត្តចង្អៀតចង្អល់ ហើយឆ្លើយតបដោយមិនត្រឹមត្រូវ ចំពោះសេចក្តីសប្បុរសរបស់ព្រះក៏ដោយ ក៏ព្រះអង្គមិនបានបោះបង់ចោលគាត់ឡើយ។ ព្រះអង្គបានប្រទានសត្វត្រីធំមួយឲ្យសង្គ្រោះគាត់ឲ្យរួចផុតពីការមិនស្តាប់បង្គាប់ ហើយព្រះអង្គក៏អាចប្រទានសត្វតោធំមួយក្បាលមកឲ្យស៊ីគាត់ ដោយគ្មាននរណាអាចកាត់ទោសព្រះអង្គឡើយ។ ប៉ុន្តែ ព្រះអង្គមិនបានធ្វើដូចនេះទេ ព្រោះព្រះអង្គមានព្រះគុណ និងសេចក្តីអាណិត។ ព្រះអង្គបានប្រព្រឹត្តចំពោះលោក យ៉ូណាស ដោយព្រះទ័យអត់ធ្មត់ និងសេចក្តីសប្បុរស ដើម្បីឲ្យគាត់ភ្ញាក់ខ្លួនទទួលស្គាល់កំហុស ពោលគឺដើម្បីឲ្យគាត់ផ្លាស់ប្តូរគំនិត។
ការឆ្លើយតបរបស់លោក យ៉ូណាស ចំពោះការប្រែចិត្តរបស់អ្នកក្រុងនីនីវេ មានលក្ខណៈចម្លែកក្នុងនាមគាត់ជាអ្នកប្រកាសព្រះបន្ទូល។ យើងប្រហែលជារំពឹងថា គាត់មានការដឹងគុណ ដែលព្រះបានសម្រេចព្រះទ័យមិនបោះបង់គាត់ចោល តែព្រះអង្គបានប្រទានគាត់នូវឯកសិទ្ធិនៅក្នុងការបម្រើព្រះអង្គ។ តែផ្ទុយទៅវិញ ការប្រែចិត្តរបស់ប្រជាជននៅទីក្រុង «ជាទីទំនាស់ចិត្តដល់យ៉ូណាសយ៉ាងក្រៃលែង»។ គេអាចបកប្រែឃ្លានេះ ដោយត្រង់ៗថា «ការនេះគឺជាការអាក្រក់ ចំពោះលោក យ៉ូណាស គឺអាក្រក់ក្រៃលែង»។ គ្រោះមហន្តរាយដែលគាត់រំពឹងថានឹងកើតឡើង ឬការជំនុំជម្រះ ដែលគាត់គិត និងសង្ឃឹមថានឹងធ្លាក់មកលើទីក្រុងនីនីវេ មិនបានកើតឡើងទេ ជាហេតុនាំឲ្យគាត់មានចិត្តក្តៅក្រហាយយ៉ាងខ្លាំង។
ស្តាប់មើលទៅ ទង្វើរបស់គាត់ហាក់ដូចជាមិនអាចទទួលយកបានទាល់តែសោះ ប៉ុន្តែបើយើងពិនិត្យមើលចិត្តគំនិត និងការឆ្លើយតបរបស់យើងចំពោះបញ្ហា យើងអាចដឹងថា យើងមិនខុសពីលោក យ៉ូណាស ទេ។ យើងប្រហែលជាទៅកន្លែងដែលព្រះអង្គប្រាប់ឲ្យយើងទៅ និយាយអ្វីដែលព្រះអង្គប្រាប់ឲ្យយើងនិយាយ ហើយយើងប្រហែលមានភាពសមស្របនឹងការបង្គាប់ទាំងអស់របស់ព្រះអង្គតែសម្បកក្រៅទេ ប៉ុន្តែនៅក្នុងស្នូលនៃជីវិតយើង។ យើងប្រហែលមានចិត្តដែលមិនសមស្របនឹងផែនការរបស់ព្រះអង្គ ដែលកំពុងបង្ហាញចេញមក។ យើងប្រហែលចង់ឲ្យការជំនុំជម្រះធ្លាក់មកលើនរណាម្នាក់ ជាជាងឲ្យគាត់ទទួលសេចក្តីមេត្តាពីព្រះ។ យើងប្រហែលមិនពេញចិត្ត ពេលអ្នកដទៃទទួលព្រះពរ តាមរបៀបដែលព្រះអង្គមិនបានប្រទានពរយើង ឬពួកគេទទួលព្រះពរ ដោយមិនបានបង្ហាញការប្ដេជ្ញាចិត្តចំពោះបេសកកម្មរបស់ព្រះអង្គ ដូចដែលយើងបានបង្ហាញនោះទេ។ យើងប្រហែលជាចង់ប្រាប់ព្រះ អំពីរបៀបដែលព្រះអង្គត្រូវរៀបចំអ្វីគ្រប់យ៉ាងក្នុងពិភពលោករបស់ព្រះអង្គ។
តើធ្វើដូចម្តេចឲ្យយើងអាចមានសេចក្តីអាណិតដូចព្រះអង្គ ហើយចេញទៅធ្វើបេសកកម្មថ្វាយព្រះអង្គ ដោយក្តីអំណរ? ចូរយើងគ្រាន់តែចាំថា យើងមិនល្អជាងអ្នកដទៃទេ ឬមានភាពសក្តិសមនឹងទទួលសេចក្តីក្រោធតិចជាងគេ ហើយក៏មិនសក្តិសមនឹងទទួលសេចក្តីសប្បុរសរបស់ព្រះអង្គ ច្រើនជាងគេដែរ។ ឈើឆ្កាងបានបង្ហាញសេចក្តីមេត្តារបស់ព្រះ ហើយក៏បានធ្វើឲ្យយើងបន្ទាបខ្លួន និងមានសេចក្តីអាណិត និងព្រះគុណ ដែលបាននាំព្រះរាជបុត្រាព្រះអង្គទៅកាលវ៉ារី។ តើអ្នកកំពុងពិបាករស់នៅ ដោយសេចក្តីអាណិតដូចនេះ ចំពោះអ្នកដទៃឬទេ? ចូរមើលទៅឈើឆ្កាង ហើយសូមព្រះអម្ចាស់បង្រៀនអ្នក អំពីសេចក្តីអ្វីដែលព្រះអង្គបានបង្រៀនលោក យ៉ូណាស។
ព្រះគម្ពីរសញ្ជឹងគិត៖ កូឡូស ១:២១-២៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៩១-៩៣ និង១ពេត្រុស ៥