
រកឃើញកំណប់ទ្រព្យ
ដោយBren thackett
August 19, 2025
វិវរណៈ ៤:១-៤,៦-១១
ឯព្រះអង្គដែលគង់នៅនោះ មើលទៅមានភាពដូចជាត្បូងមណីជោតិ នឹងត្បូងទទឹម ក៏មានឥន្ទធនូនៅព័ទ្ធជុំវិញបល្ល័ង្ក ដែលមើលទៅដូចជាត្បូងមរកត ។ វិវរណៈ ៤:៣
លោកគ្រីស្ទាន ស្ពេនស័រ(Christian Spencer) គឺជាអ្នកថតរូបអាជីពអូស្ត្រាលី ដែលបានចំណាយពេលជាង២០ឆ្នាំ ក្នុងការថតរូប ក្នុងឧទ្យានជាតិអីតាធីអៀ ក្នុងប្រទេសប្រេស៊ីល។ ជំនាញនៃការថតរូបរបស់គាត់ មានលក្ខណៈគួរឲ្យភ្ញាក់ផ្អើល នៅត្រង់ចំណុចដែលថា គាត់ថតរូបពន្លឺថ្ងៃ ចែងចាំងពីក្រោយស្លាបរបស់សត្វចាបហាំមីងបឺត ដែលកំពុងបើក។ គាត់បានរកឃើញថា ស្លាបរបស់ពួកវាបង្កើតពណ៌ដូចឥន្ទធនូ នៅពេលដែលពួកវាហើរ នៅចន្លោះពន្លឺថ្ងៃ និងលែនកាំមីរ៉ារបស់គាត់។ អ្នកថតរូបដទៃទៀតក៏បានថតយកពណ៌ឥន្ទធនូដែលចែងចាំងពីក្រោយសត្វបក្សីផ្សេងទៀតផងដែរ។
ការស្វែងរកពណ៌ឥន្ទធនូ នៅលើស្លាបបក្សី គឺជាគំរូនៃការស្វែងរកកំណប់ទ្រព្យ ដែលព្រះទ្រង់បានដាក់ក្នុងស្នាព្រះហស្តរបស់ព្រះអង្គ។ សម្រស់ដែលគួរឲ្យស្ញប់ស្ញែងនេះ អាចបណ្តាលចិត្តយើងឲ្យឆ្ងល់ថា អ្នកជឿព្រះយេស៊ូវនឹងមានអារម្មណ៍ដូចម្តេច នៅពេលដែលពួកគេបានឃើញព្រះអង្គគង់នៅលើបល្ល័ង្ក។ នៅពេលដែលសាវ័កយ៉ូហាន បានឃើញបល្ល័ង្កនៅស្ថានសួគ៌ ក្នុងបទគម្ពីរវិវរណៈ ជំពូក៤ គាត់ប្រាកដជាមានចិត្តស្ញប់ស្ញែងយ៉ាងខ្លាំង។ គាត់បានពិពណ៌នាថា ព្រះគ្រីស្ទបានគង់នៅលើបល្ល័ង្ក “មើលទៅមានភាពដូចជាត្បូងមណីជោតិ នឹងត្បូងទទឹម ក៏មានឥន្ទធនូនៅព័ទ្ធជុំវិញបល្ល័ង្ក ដែលមើលទៅដូចជាត្បូងមរកត”(ខ.៣)។ សិរីល្អរបស់ព្រះ ដែលបានបើកសម្ដែងដល់សាវ័កយ៉ូហាន គឺល្អលើសពាក្យដែលអាចពិពណ៌នាបាន។
នៅពេលណាយើងរកឃើញកំណប់ទ្រព្យ ក្នុងស្នាព្រះហស្តរបស់ព្រះ ចូរយើងមានចិត្តរីករាយឡើង ដោយដឹងថា នឹងមានអ្វីៗជាច្រើនទៀត កំពុងរង់ចាំយើង ក្នុងនគរស្ថានសួគ៌។ នៅទីនោះ យើងនឹងបានថ្វាយបង្គំព្រះអាទិកររបស់យើង និងសរសើរតម្កើងព្រះអង្គជារៀងរហូតថា “ទ្រង់គួរនឹងទទួលសិរីល្អ កិត្តិនាម នឹងព្រះចេស្ដា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង”(ខ.១១)។—Brent Hackett
តើអ្នករកឃើញកំណប់ទ្រព្យអ្វីផ្សេងទៀត ក្នុងស្នាព្រះហស្តរបស់ព្រះ?
តើអ្នកអាចប្រើស្នាព្រះហស្តរបស់ព្រះអង្គ ដើម្បីចង្អុលបង្ហាញអ្នកដទៃ ឲ្យងាកទៅរកព្រះគ្រីស្ទ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានដាក់គ្រាប់ពេជ្របង្កប់
ក្នុងស្នាព្រះហស្តព្រះអង្គ ដែលចង្អុលបង្ហាញឲ្យគេងាកទៅរកព្រះចេស្តារបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១០៣-១០៤ និង ១កូរិនថូស ២