
ក្សត្រពិតប្រាកដ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 19, 2025
«ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយនូវឈាមខ្ញុំ គឺជាឈាម ដែលត្រូវច្រួចចេញសំរាប់អ្នករាល់គ្នា» (លូកា ២២:២០)។
ព្រះយេស៊ូវបានសម្រេចព្រះបន្ទូលសន្យារបស់ព្រះ ហើយបានប្រទានពរនីមួយៗ តាមព្រះបន្ទូលសន្យានោះ។ ព្រះអង្គបានប្រទានសេចក្តីសញ្ញាថ្មី ហើយទទួលយកតួនាទីរបស់ព្រះអង្គ ដែលគេបានរំពឹងជាយូរមកហើយ គឺតួនាទីជាក្សត្រដ៏ពិត។ ព្រះពរទាំងអស់ហូរចេញពីព្រះយេស៊ូវ។ ព្រះបន្ទូលសន្យានីមួយៗក៏សម្រេច តាមរយៈព្រះអង្គ។ សិរីល្អទាំងអស់សម្រាប់ថ្វាយដល់ព្រះអង្គ។
គ្រីស្ទបរិស័ទទទួលស្គាល់សេចក្តីពិតទាំងនេះក្នុងពិធីលៀងព្រះអម្ចាស់ នៅពេលដែលយើងទទួលពែងទឹកទំពាំងបាយជូរ ដោយនឹកចាំអំពីព្រះលោហិតរបស់ព្រះយេស៊ូវដែលបានហូរ ជាឈាមនៃសេចក្តីសញ្ញាថ្មី ដើម្បីអត់ទោសបាបឲ្យយើង។ ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ដោយទទួលទោសដែលយើងសមនឹងទទួល ដើម្បីឲ្យយើងជាមនុស្សមានបាប ដែលមិនសមនឹងទទួលសេចក្តីមេត្តា និងព្រះគុណព្រះអង្គ អាចអរសប្បាយនឹងព្រះពរនៃការអត់ទោសបាប។ បានសេចក្តីថា ពេលណាយើងទទួលជឿព្រះយេស៊ូវ យើងអាចប្រាកដថា ព្រះអង្គបានទទួលបាប និងទោសរបស់បាប ហើយប្រទានសេចក្តីសុចរិតមកយើងវិញ។ ព្រះយេស៊ូវទទួលយកសេចក្តីស្លាប់ ដែលយើងសមនឹងទទួល។ ព្រះអង្គបានរស់នៅក្នុងជីវិតល្អឥតខ្ចោះ ដែលយើងមិនអាចរស់នៅដូចព្រះអង្គបាន។ ព្រះអង្គបានដណ្តប់ខ្លួនយើង ដោយភួយនៃការអត់ទោសបាប តាមរយៈការប្រទានព្រះរាជបុត្រារបស់ព្រះអង្គ។ យើងគួរតែមានចិត្តស្ញប់ស្ញែងជានិច្ចដោយចាំថា សេចក្តីទាំងនេះគឺជាសេចក្តីពិត សម្រាប់យើង ដោយសារសេចក្តីជំនឿ។
ហោរានៅគ្រាសញ្ញាចាស់បានថ្លែងទំនាយយ៉ាងច្បាស់ថា នឹងមានក្សត្រមួយអង្គជាកូនចៅជំនាន់ក្រោយរបស់ស្តេច ដាវីឌ ដែលនឹងសម្រេចព្រះបន្ទូលសន្យារបស់ព្រះ។ ព្រះអង្គនឹងដាក់ការគ្រប់គ្រងរបស់ព្រះនៅលើផែនដីនាំមកនូវយុគសម័យថ្មី ហើយលុបបំបាត់ផលវិបាករបស់សេចក្តីអាក្រក់។ គេប្រហែលមិនឃើញព្រះយេស៊ូវមានលក្ខណៈជាក្សត្រ កាលព្រះអង្គកំពុងជាប់នៅលើឈើឆ្កាងទេ តែពេលដែលព្រះអង្គសុគត គឺជាពេលនៃជ័យជម្នះដ៏អស្ចារ្យ។ ហើយកាលព្រះអង្គយាងចេញពីផ្នូរ ការមានព្រះជន្មឡើងវិញរបស់ព្រះអង្គ គឺជាការប្រកាសថា ព្រះអង្គមិនគ្រាន់តែជាបុត្រារបស់ស្តេច ដាវីឌ ប៉ុណ្ណោះទេ តែក៏ជាព្រះរាជបុត្រានៃព្រះ ដែលបានឈ្នះសេចក្តីស្លាប់។
គ្រប់ទាំងអំណាច គឺជាកម្មសិទ្ធិរបស់ព្រះអង្គ ហើយព្រះគុណ និងសេចក្តីមេត្តាបានហូរចេញពីព្រះអង្គជារៀងរហូត។ មានតែព្រះដែលជាប្រភពនៃអំណាចដូចនេះទេ ដែលអាចកែប្រែចិត្ត និងស័ក្ដិសមឲ្យវិញ្ញាណយើងគោរពស្រឡាញ់។
សព្វថ្ងៃនេះ ព្រះយេស៊ូវកំពុងដឹកនាំ និងគ្រងរាជ្យនៅខាងស្តាំព្រះហស្តព្រះវរបិតា ប៉ុន្តែព្រះអង្គក៏គ្រងរាជ្យលើចិត្តរបស់អ្នកដែលទទួលជឿព្រះអង្គផងដែរ។ ថ្ងៃនេះជាថ្ងៃល្អបំផុត សម្រាប់ឲ្យមនុស្សលះបង់ការបះបោរ ដោយបន្ទាបខ្លួនក្រាបចុះនៅចំពោះមុខក្សត្រដ៏ស័ក្ដិសម ដោយទទួលជឿព្រះអង្គធ្វើជាព្រះអង្គសង្គ្រោះ ដែលពួកគេត្រូវការលើសអ្វីទាំងអស់ ហើយទូលសូមព្រះអង្គគ្រងរាជ្យនៅលើជីវិតរបស់ពួកគេ។ តើព្រះគ្រីស្ទបានគ្រងរាជ្យជាក្សត្ររបស់អ្នកដែរឬទេ? បើដូច្នោះមែន ក្នុងនាមជារាស្រ្តព្រះអង្គ ចូរថ្វាយបង្គំនិងសរសើរតម្កើងព្រះអង្គចុះ ហើយក្នុងនាមជាទូតរបស់ព្រះអង្គ ហើយចូរចេញទៅ ហើយនាំអ្នកដទៃឲ្យស្គាល់ក្តីសង្ឃឹមដែលអ្នកបានរកឃើញក្នុងព្រះអង្គចុះ។
ព្រះគម្ពីរសញ្ជឹងគិត៖ ១កូរិនថូស ១៥:១២-២៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ១០៣-១០៤ និងកាឡាទី ៤